អន្តរជាតិ
លោក ថាក់ស៊ីន វិលចូលប្រទេសវិញហើយ ក្រោយនិរទេសខ្លួន១៥ឆ្នាំ
22, Aug 2023 , 9:32 am        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មានវត្តមាននៅអាកាសយានដ្ឋាន Seletar សិង្ហបុរី នៅព្រឹកថ្ងៃទី២២ ខែសីហា។ រូបភាព Nikkei Asia
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មានវត្តមាននៅអាកាសយានដ្ឋាន Seletar សិង្ហបុរី នៅព្រឹកថ្ងៃទី២២ ខែសីហា។ រូបភាព Nikkei Asia
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានត្រលប់មកដល់ថៃវិញហើយ នៅព្រឹកថ្ងៃទី២២ ខែសីហា ក្រោយចាកចេញពីប្រទេស នៅក្នុងឆ្នាំ២០០៨។

 
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានចាកចេញពីប្រទេស នៅក្នុងឆ្នាំ២០០៨ ពោលគឺ ២ឆ្នាំបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ។ 
 
យ៉ាងណាមិញ អតីតមេដឹកនាំរូបនេះ វិលត្រលប់មកដល់ថៃវិញនៅម៉ោងប្រមាណ៩ព្រឹក ក្នុងថ្ងៃទី២២ ខែសីហា។ 
 
នៅព្រឹកថ្ងៃទី២២ ខែសីហា លោកថាក់ស៊ីនបានចាកចេញពីសិង្ហបុរីតាមរយៈអាកាសយានដ្ឋាន Seletar Airport ហើយមកដល់នៅអាកាសយានដ្ឋានអន្តរជាតិ  Don Muang ក្នុងក្រុងបាងកក។ នៅអាកាសយានដ្ឋាន Don Muang អ្នកគាំទ្រលោកថាក់ស៊ីនជាច្រើនរូប បានទទួលទទួលរូបលោក ដោយមានពាក់អាវក្រហមផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។ 
 
ជាការពិត មិនតិចដងឡើយ ដែលលោកថាក់ស៊ីន បានសន្យានឹងចូលប្រទេសវិញ ប៉ុន្តែលោកបានប្រកាសពន្យារពេលវិញជារៀងរាល់លើក។ បន្ថែមពីនេះ ការវិលចូលប្រទេសរបស់លោកថាក់ស៊ីនធ្វើឡើង ក្នុងថ្ងៃសភាថៃ បោះឆ្នោតរើសនាយករដ្ឋមន្រ្តីថ្មី។ 
 
សម្ព័ន្ធបក្សនយោបាយដឹកនាំដោយបក្សភឿថៃ ត្រូវបានរំពឹងថា មានឱកាសខ្ពស់ក្នុងការរៀបចំរដ្ឋាភិបាលថ្មី ក្រោយចងសម្ព័ន្ធភាពជាមួយបក្សនយោបាយគាំទ្រដោយយោធា ដូចជាបក្សជាតិថៃរួបរួម និងបក្ស Palang Pracharath ជាដើម។ 
 
លោកថាក់ស៊ីន ក៏រងបទចោទប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូកផងដែរ ដោយលោកត្រូវបានតុលាការថៃកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ។ ប៉ូលិសថៃថា នឹងចាប់ខ្លួនលោកភ្លាមៗ នៅពេលលោកមកដល់ថៃ។

បន្ទាប់ពីត្រលប់មកដល់ថៃ លោកថាក់ស៊ីន នឹងបញ្ជូនទៅតុលាការកំពូល ដើម្បីស្តាប់ពីសេចក្តីសម្រេចចំនួន ៣ករណី ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ នីតិវីធីបន្ទាប់លោក នឹងបញ្ជូនទៅពន្ធនាគារ Bangkok Remand Prison ដោយមានការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com