ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រីថ្មី ប្ដូរផ្ដាច់ដឹកនាំរដ្ឋាភិបាលឱ្យជោគជ័យ
22, Aug 2023 , 9:50 am        
រូបភាព
ថ្លែងសារចេញពីរដ្ឋសភាជាតិ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ដែលទើបទទួលបានការទុកចិត្តជាផ្លូវការនោះ បានប្ដេជ្ញាចិត្តដឹកនាំរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។


 
តាមរយៈការប្ដេជ្ញាចិត្តរបស់ខ្លួន លោក ហ៊ុន ម៉ាណែត បានលើកឡើងពីការធានា៥យ៉ាង ក្នុងដឹកនាំប្រទេសស្របតាមគោលនយោបាយ និងផែនការរបស់គណបក្សប្រជាជនកម្ពុជា។
ការធានា៥យ៉ាងនោះ រួមមានទី១ ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងការរស់នៅដោយសុខក្សេមក្សាន្ត។ទី២ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងគោលការនិតិរដ្ឋ យុត្តិធម៌ និងពង្រឹងសេវាសាធារណៈ ,ការបន្តការទាក់ទាញ និងផ្ដល់ការវិនិយោគសាធារណៈ ,ការយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកកម្ពស់សហគ្រិនធុនតូច និងមធ្យម, ការជំរុញធ្វើបដិវត្តបច្ចេកវិទ្យា។ ទី៣ ការជំរុញ និងកែលម្អសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងការជួយជំរុញការអភិវឌ្ឍដល់យុវជន និងជួយកសិករ ក៏ដូចជាការដំឡើងប្រាកឈ្នួលដល់កម្មករ និងប្រាក់បៀវត្សដល់មន្ត្រីរាជការ។
 
ទី៤ ការធានា និងការពង្រឹងការគាំពាសង្គម ជាពិសេសជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាដើម។ ទី៥ ការធានា និងការកសាងភាពធន់ការប្រែប្រួលអាកាសធាតុ ,ការលើកកម្ពស់សមភាពយេនឌ័រ ,ការគ្រប់គ្រងធនធានធម្មជាតិ ,ជំរុញការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង និងការធានាចីរភាពបរិស្ថាន និងការត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបបញ្ហាប្រែប្រួលអាកាសធាតុ ។
 
នាយករដ្ឋមន្រ្តីថ្មី នាអាណត្តិទី៧រូបនេះ បានថ្លែងដូច្នេះថា៖«ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរដ្ឋាភិបាលនីតិកាលទី៧ ខ្ញុំសូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារិក ជូនជនរួមជាតិទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអភិវឌ្ឍឱ្យបានសម្រេចជោគជ័យនូវកម្មវិធីគោលនយោបាយរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនពេលបោះឆ្នោត»។
 
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្ដេជ្ញាចិត្តឥតរាថយ ក្នុងការអភិវឌ្ឍប្រទេសយ៉ាងស្វាហាប់ ស្របតាមគោលនយោបាយទាំង៦ របស់គណបក្សប្រជាជន ដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣នេះ។ 
 
គោលនយោបាយទាំង៦នោះ រួមមាន៖ ទី១ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពសាធារណៈ។ ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។ ទី៤ ការដាក់ចេញការអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការចូលរួមនៅក្នុងសេដ្ឋកិច្ច ដែលអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ទី៥ ការដាក់ចេញយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សម្ដៅលើការសម្របសម្រួលអាជីវកម្ម ស្វែងរកទីផ្សារ រក្សាលំនឹងកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងចុងក្រោយ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស និងបង្កើតឱ្យមានសមាគមកសិករ នៅតាមជនបទ។
 
រដ្ឋសភា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៧ នៅព្រឹកថ្ងៃទី២២ សីហា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន, ប្រធាន -អនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។ សម្ដេច ហេង សំរិន ព្រឹទ្ធរដ្ឋសភា ដឹកនាំកិច្ចប្រជុំនេះ។
 
កិច្ចប្រជុំនេះ បានសម្រេចអនុម័តឱ្យ លោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា ខណៈលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ជាឯកច្ឆ័ន ដោយសំឡេង១២៣កូរ៉ុម ។ ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាននេះ ជាការបោះឆ្នោតជាកញ្ចប់ ដោយគ្រាន់តែឱ្យលើកដៃអនុម័តប៉ុណ្ណោះ។ សម្រាប់សមាជិកសភា ចូលរួមបោះឆ្នោតតែ១២៣រូបប៉ុណ្ណោះ។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com