ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ចង់ឃើញកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយមានភាពស្អាតស្អំ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី
22, Aug 2023 , 10:14 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចង់ឃើញកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយមានភាពស្អាតស្អំ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ សម្ដេច ហ៊ុន សែន ចាកចេញពីតួនាទីនាយករដ្ឋមន្រ្តីជាង៣៨ឆ្នាំ ចាប់ពីថ្ងៃទី២២ សីហានេះ ដែលជំនួសលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច។


 
ក្រោយចាកចេញពីតួនាទីនេះ សម្ដេច ហ៊ុន សែន ឆ្លៀតធ្វើសន្និសីទកាសែតមួយ បង្ហាញពីមនោសញ្ចេតនាក្នុងការដឹកនាំប្រទេសអស់ជាង៣៨ឆ្នាំ ដល់សាធារណជន។ ក្នុងសន្និសីទកាសែតនេះ សម្ដេច ហ៊ុន សែន ក៏ផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានសួរនាំពីអារម្មណ៍សម្ដេចផងដែរ។ 
 
ផ្ដើមសំនួរដំបូងរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានសាកសួរពីបំណងអ្វីដែលសម្ដេច ចង់ឃើញអ្នកបន្តវេន បន្សល់ទុកឱ្យអ្នកជំនាន់ក្រោយ ដូចព្រះបរមរតនកោដ្ឋ សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ពីការចេញពីតួនាទីដែរនោះ? សម្ដេច ឆ្លើយតបវិញថា សម្ដេចចង់ឃើញកម្ពុជា បន្តសុខសន្តិភាព និងស្ថិរភាព ដែលអ្នកជំនាន់មុនបន្សល់ទុកឱ្យ ជាពិសេសការរីកចម្រើនបន្ថែមទៀត។
 
«ខ្ញុំចង់ការចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងទៅប្រទេសចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្រត្រូវធ្លាក់មកដល់សូន្យ ឬក៏ទាបបំផុត។ ហើយក៏ចង់ឃើញអ្វីៗ ដែលជាសមិទ្ធផលថ្មី »។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេច ក៏ចង់ឃើញកម្រិតអប់រំនៅកម្ពុជា រីកចម្រើន, អភិបាលកិច្ច, ការកាត់បន្ថយអំពើពុករលួយ ហើយភាពស្អាតស្អំមួយត្រូវបង្កើតឡើង ដែលវាជាភារកិច្ចដ៏លំបាកមួយទៀត សម្រាប់អ្នកបន្តវេន។

កម្ពុជាមានគោលដៅអភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
 
 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com