អន្តរជាតិ
សភាថៃ បើកកិច្ចប្រជុំរើសនាយករដ្ឋមន្រ្តីថ្មី ដោយលោកSrettha ជាបេក្ខជនតែមួយគត់
22, Aug 2023 , 2:39 pm        
រូបភាព
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីថៃរបស់បក្សភឿថៃ។ រូបភាព AFP
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីថៃរបស់បក្សភឿថៃ។ រូបភាព AFP
លោក Srettha Thavisin​ ត្រូវបានបក្សភឿថៃស្នើជាបេក្ខជននាយករដ្ឋមន្រ្តី និងជាបេក្ខជនឈរឈ្មោះតែមួយគត់នៅក្នុងការបោះឆ្នោតរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២២ ខែសីហា។

 
នៅថ្ងៃទី២២ ខែសីហា សភាថៃទាំងពីរថ្នាក់ បានបើកកិច្ចប្រជុំជាថ្មីដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ក្នុងការបោះឆ្នោតនេះ បក្សភឿថៃ បានតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សតែមួយគត់។ លោក Srettha ក៏ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្រ្តីតែមួយគត់ ក្នុងការបោះឆ្នោតសភានេះផង។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានសភាលោក Wan Muhamad Noor Matha ក៏បានសួរពាក់ព័ន្ធនឹងការស្នើតែងតាំងបេក្ខជននាយករដ្ឋមន្រ្តីផ្សេងដែរ ប៉ុន្តែគ្មានការស្នើផ្សេងឡើយ។ 
 
ក្នុងការបោះឆ្នោតនេះ លោក Srettha ត្រូវបានរំពឹងថា មានឱកាសខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្រ្តីថៃទី៣០។ កន្លងមក បក្សភឿថៃ ដែលបានតែងតាំងលោក Srettha ជាបេក្ខជននាយករដ្ឋមន្រ្តី បានរួមសម្ព័ន្ធភាពជាមួយបក្សគាំទ្រដោយយោធា ដូចជាបក្សជាតិថៃរួបរួម និងបក្ស Palang Pracharath ជាដើម។ 
 
ក្នុងន័យនេះ លោក Srettha អាចនឹងទទួលបានការគាំទ្រពីព្រឹទ្ធសភា​ ដែលភាគច្រើនគាំទ្រដោយយោធាដែរ។ 
 
មុនការបោះឆ្នោត បក្សឆ្ពោះទៅមុខ ដែលធ្លាប់ចងសម្ព័ន្ធភាពជាមួយបក្សភឿថៃ បានអះអាងថា ខ្លួននឹងមិនបោះឆ្នោតគាំទ្រលើលោក Srettha ឡើយ ដោយសារ ខ្លួនមិនគាំទ្រនឹងការចងសម្ព័ន្ធភាពជាមួយបក្សគាំទ្រដោយយោធា និងមិនចង់ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន។ 
 
ក្នុងកិច្ចប្រជុំ សមាជិកព្រឹទ្ធសភាថៃ បានចោទសួរពីលក្ខណៈសម្បត្តិជាច្រើនរបស់លោក Srettha ។ ​ 
 
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសភានេះ លោក Srettha ត្រូវតែទទួលបានសំឡេងគាំទ្រលើសពី ៣៧៥អាសនៈ ដាច់ខាត ដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ។ ការបោះឆ្នោតសភារួមគ្នាមានអាសនៈសរុប ៧៥០៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com