អន្តរជាតិ
រដ្ឋមន្រ្តីឌីជីថលថៃស្នើឱ្យបិទ Facebook ក្នុងប្រទេស
23, Aug 2023 , 9:39 am        
រូបភាព
លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល និងសង្គមថៃបណ្តោះអាសន្ន។ រូបភាព Thai Enquirer
លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល និងសង្គមថៃបណ្តោះអាសន្ន។ រូបភាព Thai Enquirer
ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ នឹងស្នើទៅតុលាការព្រហ្មទណ្ឌ ដើម្បីសុំបញ្ជាបិទបណ្តាញសង្គម Facebook​ នៅថៃ ដោយអះអាងថា ប្រជាជនជាច្រើនម៉ឺននាក់ រងការបោកបញ្ឆោតតាមបណ្ដាញសង្គមនេះ ដែលបង្កឱ្យខាតបង់ប្រាក់ប្រមាណជាង ២៨៤លានដុល្លារ (២ពាន់លានបាត)។

 
ពេលនេះ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ កំពុងប្រមែប្រមូលព័ស្តុតាង ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំនៅលើសង្គម Facebook សម្រាប់ស្នើទៅតុលាការឱ្យបិទបណ្តាញសង្គមដ៏ល្បីមួយនេះ នៅត្រឹមចុងខែសីហា។ ការប្រមូលព័ស្តុតាងនេះ ធ្វើឡើងក្រោយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ បានស្នើជាច្រើនលើកទៅក្រុមហ៊ុន Facebook និងជំរុញឱ្យបិទពាណិជ្ជកម្ម ដែលមានបំណងបោកបញ្ឆោត។ 
 
«ប្រសិនបើក្រុមហ៊ុន Facebook ចង់បន្តប្រតិបត្តិការនៅថៃ ក្រុមហ៊ុនត្រូវតែបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងសង្គមថៃ»។ លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល និងសង្គមថៃបណ្តោះអាសន្ន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២១ ខែសីហា ដោយបន្តថា ពាណិជ្ជកម្មបោកបញ្ឆោតលើបណ្តាញសង្គម Facebook បានធ្វើឱ្យខាតបង់ប្រមាណជាង ២៨៤លានដុល្លារ (២ពាន់លានបាត)។ 
 
បើតាមរដ្ឋមន្រ្តីបណ្តោះអាសន្នរូបនេះ ប្រជាជនច្រើនជាង ២០ម៉ឺននាក់ បានក្លាយជាជនរងគ្រោះ ដោយសារតែពាណិជ្ជកម្មលើបណ្តាញសង្គម Facebook។ 
 
ស្របគ្នានេះ លោក Chaiwut Thanakamanusorn បានអះអាងថា ប៉ូលិសថៃ នឹងដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះ ទៅតុលាការព្រហ្មទណ្ឌ និងស៊ីវិល ប្រឆាំងនឹងអ្នកបោកបញ្ឆោត និងក្រុមហ៊ុន Facebook ដោយផ្អែកលើបទចោទ ក្រុមហ៊ុនជួយសម្របសម្រួលអំពើអាក្រក់បែបនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ជាការឆ្លើយតប អ្នកគ្រប់គ្រងក្រុមហ៊ុន​ Meta នៅប្រទេសថៃ លោកស្រី Prae Dumrongmongcolgul បានចេញមុខការពារថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថៃរហូតដល់ ៦៥លានគណនី ហើយក្រុមហ៊ុន Meta ក៏ទទួលស្គាល់ពីការបោកបញ្ឆោតដែរ។ បើតាមអ្នកគ្រប់គ្រងក្រុមហ៊ុន Meta នៅថៃរូបនេះ ក្រុមហ៊ុនតែងប្រើបញ្ញាសិប្បនិម្មិត ដើម្បីចាប់ពាណិជ្ជកម្ម ដែលមានលក្ខណៈបោកបន្លំ និងលុបចោលភ្លាមៗ នៅពេលរកឃើញ។ 
 
យ៉ាងណាមិញ លោកស្រី Prae Dumrongmongcolgul បានបន្តថា អ្នកបោកបន្លំ នៅតែបន្តសកម្មភាពរបស់ខ្លួនខ្លាំងឡើង ខណៈបច្ចេកវិទ្យា Facebook ត្រូវការពេលខ្លះ ដើម្បីចាត់វិធានការ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com