អន្តរជាតិ
លោកថាក់ស៊ីន ត្រូវបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ ក្រោយជាប់ឃុំនៅពន្ធនាគារមិនដល់មួយថ្ងៃ
23, Aug 2023 , 3:59 pm        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
 
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស នៅម៉ោង១២និង២០នាទីយប់ ក្នុងថ្ងៃទី២៣ ខែសីហា ដោយសារលោកមានភាពឈឺចាប់លើដើមទ្រូង, មានកម្រិតអុកស៊ីហ្សែនទាបនៅក្នុងឈាម និងឡើងឈាមជាដើម។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានឃុំឃាំង។ 
 
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃទី២២ ខែសីហា ត្រូវបានឃុំខ្លួន នៅពន្ធនាគារ Bangkok Remand Prison ក្រោយតុលាការកំពូល បានសម្រេចឱ្យលោកជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ យ៉ាងណាមិញ ក្រោយឃុំខ្លួន បានប៉ុន្មានម៉ោង អតីតនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស Police General Hospital ដោយសារស្ថានភាពសុខភាព។ 
 
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានឃុំឃាំង លោក Ayuth Sintoppant លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅវេលាម៉ោង ១២ និង២០យប់ ក្នុងថ្ងៃទី២៣ ខែសីហា ដោយសារលោកឈឺដើមទ្រូង, ឡើងឈាម និងមានកម្រិតអុកស៊ីហ្សែនទាបនៅក្នុងឈាម រួមទាំងមិនអាចសម្រាកបាន។ 
 
ទន្ទឹមនេះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក៏បានពិនិត្យលើស្ថានភាពសុខភាពរបស់លោកថាក់ស៊ីន រួមទាំងមើលពីឯកសារសុខភាពរបស់អតីតមេដឹកនាំថៃរូបនេះ ដែលធ្លាប់ពិនិត្យនៅបរទេសផង។ ឯកសារសុខភាពនោះ បានបញ្ជាក់ថា លោកថាក់ស៊ីន មានជំងឺមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
តុលាការកំពូលថៃ បានសម្រេចឱ្យអតីតមេដឹកនាំថៃវ័យ ៧៤ឆ្នាំរូបនេះជាប់ពន្ធនាគារចំនួន ៨ឆ្នាំ ក្រោមបទចោទចំនួន ៣ករណីដូចជា ការផ្តល់កម្ចីទៅរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងឆ្នាំ២០០៤, ការរំលោភអំណាច ពាក់ព័ន្ធនឹងការបោះឆ្នោតនៅចន្លោះឆ្នាំ២០០៣ និង២០០៦, រួមទាំងបំពានច្បាប់ប្រឆាំងអំពើពុករលួយ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com