ជាតិ
អន្តរជាតិ
មេដឹកនាំបរទេស ផ្ញើសារអបអរលោកហ៊ុន ម៉ាណែត ដែលក្លាយជានាយករដ្ឋមន្រ្តី
23, Aug 2023 , 4:29 pm        
រូបភាព
ក្រោយព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី និងសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោកហ៊ុន ម៉ាណែត ត្រូវបានថ្នាក់ដឹកនាំប្រទេសជាច្រើនអបអរសាទរ។

 
ក្នុងកិច្ចប្រជុំលើកទី១ អាណត្តិទី៧ រដ្ឋសភា បានផ្ដល់សេចក្តីទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ថ្នាក់ដឹកនាំប្រទេសជាច្រើនអបអរសាទរនាយករដ្ឋមន្រ្តីថ្មី ដោយខ្លះផ្ញើសារតាំងពីមុនការតែងតាំង។ 
 
តាមរយៈសារចេញថ្ងៃទី៧ ខែសីហា លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា បានអះអាងថា ក្នុងរយៈពេល ៦ទសវត្សរ៍ចុងក្រោយ កម្ពុជា និងមីយ៉ាន់ម៉ា បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងទំនុកចិត្តទៅវិញទៅមក ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក។ ទន្ទឹមនេះ លោកមីន អ៊ុងឡាំង បានសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ប្រទេសទាំងពីរនឹងពង្រឹង និងពង្រីកក្នុងវិស័យជាច្រើន ដែលអាចនាំផលប្រយោជន៍ចំពោះប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ។ 
 
ស្របគ្នានេះ លោក Kim Tok-hun នាយករដ្ឋមន្រ្តីកូរ៉េខាងជើង​ បានអះអាងថា ប្រទេសទាំងពីរនឹងបន្តពង្រឹង និងអភិវឌ្ឍភាពចុះសម្រុងជាមួយគ្នាល្អ ដោយផ្អែកលើសេចក្តីប្រាថ្នារបស់ប្រជាជន។ កូរ៉េខាងជើង ក៏បានជូនពរឱ្យលោក ហ៊ុន ម៉ាណែត ទទួលបានជោគជ័យ ក្នុងការងារដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ និងវិបុលភាព។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី៨ ខែសីហា។ 
 
បន្ថែមពីនេះ លោក Ermenegildo Krupa Lopes អគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅកម្ពុជា ក្នុងសារចេញនៅថ្ងៃទី៧ ខែសីហា បានរំពឹងថា លោកស្វះស្វែងរកការរក្សាទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ មិនតែប៉ុណ្ណោះ អគ្គរដ្ឋទូតរូបនេះ បានជូនពរលោកហ៊ុន ម៉ាណែតឱ្យទទួលបានជោគជ័យក្នុងការបំពេញការងារផង។ 
 
លើសពីនេះ នៅក្នុងថ្ងៃលោកហ៊ុន ម៉ាណែត ត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្រ្តី សមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់ថា ជប៉ុនមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៨ ខែសីហា កន្លងទៅ បានលើកឡើងថា លោក ហ៊ុន ម៉ាណែត នឹងអាចដឹកនាំកម្ពុជា និងប្រជាជនកម្ពុជាទៅរកសន្តិភាព រួមទាំងវិបុលភាព។ 
 
ដោយឡែក ប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុងឯណោះវិញ បានរំពឹងថា លោកនឹងស្វះស្វែងរកការធ្វើការជាមួយលោកហ៊ុន ម៉ាណែត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី​ និងពហុភាគី។ លោកក៏ចង់ជួបជាមួយលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខផងដែរ។ 
 
ស្របគ្នានេះ សមភាគីចិន លោក ឈី ឈាំង បានបញ្ជាក់ក្នុងសារចេញថ្ងៃទី២២ ខែសីហាថា រដ្ឋាភិបាលក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេច ក្នុងការបន្តមិត្តភាពបែបប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម។ លើសពីនេះ លោកលី បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងជួយឱ្យប្រជាជនកម្ពុជា ជួបតែវិបុលភាព។ 
 
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ នៅថ្ងៃទី២២ ខែសីហា បានប្តេជ្ញាសហការជាមួយរដ្ឋាភិបាលថ្មី លើការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើមូលដ្ឋាន អ្នកជិតខាងលើ, មិត្តភាពបែបប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រួមទាំងស្ថិរភាពយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងចូលរួមចំណែកលើសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ 
 
ជាមួយគ្នា មហាក្សត្រព្រុយណេ Sultan Haji Hassanal Bolkiah ក្នុងសារចេញនៅថ្ងៃទី២២ ខែសីហា បានស្វែងស្វែងរកការធ្វើការឱ្យកាន់តែជិតស្និទ្ធសម្រាប់មិត្តភាពជាយូរអង្វែង និងបន្តកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។ 
 
ទន្ទឹមនេះ មេដឹកនាំបណ្តាប្រទេសផ្សេងទៀតដូចជាទុយនីស៊ី, ហ្កាណា, បេឡារុស, ម៉ាល់ឌីវ និងបង់ក្លាដែសជាដើម ក៏បានផ្ញើសារអបអរសាទរ លោកហ៊ុន ម៉ាណែត ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីផង៕
 

Tag:
 កម្ពុជា
  ជប៉ុន
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com