អន្តរជាតិ
លោកប្រាយុទ្ធ អបអរនាយករដ្ឋមន្រ្តីជាប់ឆ្នោត លោក Srettha
23, Aug 2023 , 4:59 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅថ្ងៃទី២៣ ខែសីហា បានអបអរនាយករដ្ឋមន្រ្តីជាប់ឆ្នោត លោក Srettha Thavisin។ លោកប្រាយុទ្ធ ក៏បានជូនពរឱ្យមេដឹកនាំថៃថ្មី ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំរដ្ឋាភិបាលផង។

 
ពីវិមានរដ្ឋាភិបាលថៃនៅថ្ងៃទិ២៣ ខែសីហា លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ បានអបអរលោក Srettha Thavisin នាយករដ្ឋមន្រ្តីជាប់ឆ្នោត ហើយថែមទាំងជូនពរឱ្យលោក Srettha ទទួលបានជោគជ័យ ក្នុងការកាន់កិច្ចការជាប្រមុខរដ្ឋាភិបាលបន្តពីលោកផង។ 
 
តំណែងនាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់លោកប្រាយុទ្ធ ត្រូវបញ្ចប់ នៅពេលលោក Srettha ស្បថចូលកាន់តំណែង។ 
 
កន្លងមក លោកប្រាយុទ្ធ បានប្រកាសចូលនិវត្តន៍ពីនយោបាយ បន្ទាប់ពីកាន់តំណែងដ៏សំខាន់មួយនេះ ចាប់តាំងពីឆ្នាំ២០១៤មក។ 
 
លោក Srettha Thavisin ត្រូវបានសភាថៃបោះឆ្នោតគាំទ្រធ្វើនាយករដ្ឋមន្រ្តីថៃទី៣០ នៅក្នុងថ្ងៃទី២២ ខែសីហា នៅក្នុងសំឡេងគាំទ្រ៤៨២ ខណៈសំឡេងប្រឆាំងមានចំនួន ១៦៥សំឡេង។ ចំណែកអនុបវាទមានចំនួន៨១សំឡេង។
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោក Srettha ទទួលបានការតែងតាំងពីមហាក្សត្រថៃ ជានាយករដ្ឋមន្រ្តីទី៣០ រួចហើយ ហើយកម្មវិធីផ្លូវការធ្វើនៅម៉ោង៦ល្ងាច ក្នុងថ្ងៃទី២៣ ខែសីហា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភា លោក  Kampee Ditthakorn។ 
 
ក្រោយការតែងតាំងជាផ្លូវការពីមហាក្សត្រ លោក Srettha គ្រោងមានសន្និសីទសារព័ត៌មានមួយ។ បន្ថែមពីនេះ គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានរំពឹងថា នឹងរៀបចំរួចរាល់នៅក្នុង ២ ឬ៣សប្តាហ៍ក្រោយ ពោលគឺមុនពេលនាយករដ្ឋមន្រ្តីថ្មីប្រកាសពីគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភា។ នេះបើតាមការចុះផ្សាយរបស់ Thai Enquirer។ 

យ៉ាងណាមិញ ឧបនាយករដ្ឋមន្រ្តី លោក Wissanu Krea-ngam នៅថ្ងៃទី២៣ ខែសីហា បានបញ្ជាក់ថា រដ្ឋាភិបាលថៃថ្មី ដែលដឹកនាំដោយបក្សភឿថៃ អាចនឹងចូលកាន់តំណែងនៅដំណាច់ខែកញ្ញាខាងមុខ។ ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្រ្តីបានពន្យល់ថា បើទោះមានការតែងតាំងលោក Srettha ពីព្រះមហាក្សត្រក៏ដោយ ប៉ុន្តែលោក Srettha មិនទាន់អាចកាន់តំណែងជាប្រមុខរដ្ឋាភិបាលបានឡើយ ដោយសារតែលោកមិនទាន់មានគណៈរដ្ឋមន្រ្តី និងមិនទាន់ស្បថចូលកាន់តំណែង។
 
មកទល់ពេលនេះ វាមិនទាន់មានព័ត៌មានច្បាស់ការណាមួយ ពាក់ព័ន្ធនឹងការផ្គូផ្គង់សមាភាពរបស់រដ្ឋាភិបាលថ្មីទេ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com