ជាតិ
លោក ហ៊ុន ម៉ាណែត ទុកវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអាទិភាពដើម្បីកាត់បន្ថយ​ភាព​​ក្រី​ក្រ
23, Aug 2023 , 8:59 pm        
រូបភាព
អ្នកស្រី ពៅ ច័ន្ទដារី ដែលជាអ្នកលក់ដូរតាមដងផ្លូវ។ រូបពី Oxfam
អ្នកស្រី ពៅ ច័ន្ទដារី ដែលជាអ្នកលក់ដូរតាមដងផ្លូវ។ រូបពី Oxfam
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧  បានប្ដេជ្ញាយក​ចិត្ត​ទុក​ដាក់​លើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញឱ្យវិស័យនេះ ទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង​​អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមជាផ្លូវការ។

 
ក្នុងពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៧ នៃរដ្ឋសភា លោក ហ៊ុន ម៉ាណែត ក្នុងនាម​ជា​នាយករដ្ឋមន្ត្រីថ្មី បានឡើងប្ដេជ្ញា អនុវត្តឱ្យបានសម្រេចជោគជ័យ ចំពោះគោលនយោបាយ​អាទិភាព​ចំនួន៦ចំណុច ដែលនឹងត្រូវដាក់ឱ្យអនុវត្តភា្លម ក្នុងឆ្នាំ២០២៣នេះ។  គោល​នយោ​បាយអាទិភាពមួយក្នុងចំណោម៦នោះ គឺការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង​អាចទទួល​បានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។
 
​លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសាទរ​ចំពោះការកំណត់​វិស័យគោលនយោបាយអាទិភាពផ្តោតលើសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ។ ក្នុង នាមជាសហជីព លោក វន់ ពៅ ក៏ទន្ទឹងរង់ចាំ និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយ​រដ្ឋាភិបាលអាណត្តិថ្មី ភាពប្រសើរឡើងថែមទៀត ​របស់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
 
​គួរជម្រាបថា ចាប់នៅដើមខែមេសា ឆ្នាំ២០២៣មក អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ គឺអ្នកបើករ៉ឺម៉កកង់បី​នៅរាជធានីភ្នំពេញ អាចចុះឈ្មោះសុំប័ណ្ណសុ​ខា​ភិបាល​មូល​និធិ​សមធម៌ ដែលចេញដោយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។ កាលពីពេល​ថ្មីៗ​នេះ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអ្នកលក់ដូរតាមដងផ្លូវ ឬមានមុខរបរផ្ទាល់ខ្លួនតាមផ្ទះ និងបុគ្គល​ធ្វើការ​ក្នុងវិស័យសេវាកម្មកម្សាន្ត ក៏អាចស្នើសុំ​ធ្វើ ប័ណ្ណសុខាភិបាលមូលនិធិសមធម៌នេះ​បាន​ដែរ។
 
សូមរំឭកដែរថា ​គោលនយោបាយអាទិភាពចំនួន៥ទៀតដែលរដ្ឋាភិបាលអាណត្តិទី៧ ដាក់ ឱ្យអនុវត្តភា្លម ក្នុងឆ្នាំ២០២៣នេះ រួមមាន៖ ការពង្រីកសេវា​ថែទាំ​សុខ​​ភាពឆ្ពោះទៅរកការ គ្របដណ្ដប់សុខភាពជាសកល។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជា ជីវៈ និងបច្ចេកទេស ដល់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយ សង្គម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគ្រា​មាន​វិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះ អាសន្ន និងលើកស្ទួយផលិតកម្ម ទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុង​កម្រិត​សម រម្យ និងទីប្រាំមួយ ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់៕ 
 
 

Tag:
 គាំពារសង្គម
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com