អន្តរជាតិ
កូរ៉េ​ខាង​ជើង ​បង្ហាញ​សញ្ញា​បើក​​ជើង​ហោះ​ហើរ​​ឡើងវិញក្នុង​រយៈ​ពេល​បី​ឆ្នាំ
24, Aug 2023 , 9:09 am        
រូបភាព
យន្តហោះរបស់អាកាសចរណ៍កូរ៉េខាងជើង Air Koryo ឈប់ចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងនៅថ្ងៃទី២២ ខែសីហា។ រូបថត AFP
យន្តហោះរបស់អាកាសចរណ៍កូរ៉េខាងជើង Air Koryo ឈប់ចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងនៅថ្ងៃទី២២ ខែសីហា។ រូបថត AFP
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ  
 
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានចាកចេញទីក្រុងព្យុងយ៉ាងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃទី២២ ខែសីហា ដែលនេះជាការហោះហើរលើកដំបូងបន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល៣ឆ្នាំដោយសារតែជំងឺកូវីដ-១៩។

 
បើតាមការបញ្ជាក់ពីក្រុមហ៊ុនទេសចរណ៍លោកខាងលិចដែលប្រតិបត្តិការនៅកូរ៉េខាងជើង ជើងហោះហើររបស់អាកាសចរណ៍ Air Koryo ទំនងជាជើងហោះហើរពិសេស ដែលដឹកជនជាតិកូរ៉េខាងជើងជាប់គាំងនៅចិនពេលកូរ៉េខាងជើងបានបិទព្រំដែនទៅកាន់ប្រទេសខ្លួនវិញ។
 
«ជើងហោះហើរមិនទាន់ដំណើរការឡើងវិញពេញលេញនៅឡើយទេ វាគឺជាជើងហោះហើរពិសេសសម្រាប់ប្រជាជនកូរ៉េដើម្បីនាំពួកគេមកផ្ទះវិញបន្ទាប់ពីជាប់គាំងនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំ»។ អ្នកគ្រប់គ្រងទូទៅរបស់ Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនិយាយបែបនេះ។ 
 
ជើងហោះហើរពីកូរ៉េខាងជើង ក៏ទំនងបើកដំណើរការឱ្យជនជាតិកូរ៉េខាងជើងជាមុនសិន ហើយសម្រាប់អ្នកផ្សេងទៀតអាចធ្វើនៅពេលក្រោយ។ 
 
បន្ថែមពីលើគោលដៅចិន ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ក៏បានកំណត់ជើងហោះហើរទៅកាន់ទីក្រុង Vladivostok របស់រុស្ស៉ីនាថ្ងៃទី២៥ ខែសីហាខាងមុខនេះ ដែលជើងហោះហើរមួយនេះនឺងជាជើងហោះហើរដំបូងទៅកាន់រុស្ស៊ីចាប់តាំងពីការផ្អាកដោយសារជំងឺសាកលមក។ 
 
មួយរយៈចុងក្រោយ កូរ៉េខាងជើងបានបង្ហាញសញ្ញាបើកព្រំដែនជាប្រក្រតីឡើងវិញ ដោយទទួលភ្ញៀវបរទេសផង។ គណៈប្រតិភូរដ្ឋាភិបាលចិន និងរុស្ស៊ីបានហោះហើរទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។ កាលពីសប្ដាហ៍មុន រថយន្តក្រុង២គ្រឿង ក៏បានដឹកអត្តពលិកកូរ៉េខាងជើងតាមច្រកចិនទៅប្រកួតកីឡាតេក្វាន់ដូនៅកាហ្សាក់ស្ថានដែរ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com