ជាតិ
កម្មវិធី«តំបន់»របស់​World Vision បានជួយលើកកម្ពស់ជីវភាព និងសុខភាពពលរដ្ឋស្រុក​សំរោង
24, Aug 2023 , 9:39 am        
រូបភាព
ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision Cambodia) បានប្រកាស​បញ្ចប់កម្មវិធី «តំបន់» ដែលជួយអភិវឌ្ឍសហគមន៍ ក្នុងស្រុកសំរោង ខេត្តតាកែវ ចាប់តាំង​ពីឆ្នាំ២០០៧មក។

 
​គិតត្រឹមឆ្នាំ២០២៣នេះ គឺមានរយៈពេល១៥ឆ្នាំហើយ ដែល ជីវភាព និងសុខុមាលភាព ពលរដ្ឋជាង២ម៉ឺនគ្រួសារ នៅភូមិចំនួន៣២ ក្នុងស្រុកសំរោង ខេត្តតាកែវ ត្រូវបានលើក​កម្ពស់​​ឱ្យ​កាន់​តែប្រសើរ តាមរយៈកម្មវិធី «តំបន់» ដែលអនុវត្តដោយអង្គការ World Vision។​
 
​បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ World Vision ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែសីហា កម្មវិធី «តំបន់» នៅស្រុកសំរោង ខេត្តតាកែវ ​បាន ចាប់ផ្ដើមតាំង​ពីខែតុលា ឆ្នាំ២០០៧ នៅភូមិចំនួន៣២ នៃឃុំស្លា និងជំរះពេន ដែលផ្ដល់ផលប្រយោជន៍​ដល់ពលរដ្ឋប្រមាណ ២.៦ម៉ឺននាក់ ក្នុងនោះស្រ្តី ៨៩៣៤ នាក់ និងកុមារ ៨៥១៥នាក់។ 
 


កម្មវិធីនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ និងគ្រួសារ ដែល​ប្រឈមទុក្ខលំបាក, បង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឆ្លើ​យតបនឹងបញ្ហា​ប្រ​ឈម និងជំរុញការពង្រឹងអំណាចសហគមន៍ ។ អង្គការ World Vision បន្ថែមដូច្នេះ។
 
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានលើកឡើងថា តាមរយៈភាពជាដៃគូជាមួយ អាជ្ញាធរ ឋមូលដ្ឋាន អង្គការទស្សនៈពិភពលោក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ ការអប់រំ សន្តិសុខស្បៀង និង កិច្ចការពារកុមារ និងយុវជន ជាពិសេស នៅតំបន់គោលដៅនៃស្រុក។ 
 
អង្គការទស្សនៈពិភពលោក បានគាំទ្រ បណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់ពលរដ្ឋ ជាពិសេសក្រុមគ្រួសារងាយរងគ្រោះដើម្បីឱ្យពួកគេចាកចេញពីភាពក្រីក្រ។ មិនតែប៉ុណ្ណោះ អង្គការមួយនេះ ក៏បានធ្វើឱ្យគ្រួសារមានប្រាក់ចំណូលទាប មានលទ្ធភាពបញ្ជូនកូនទៅសា លារៀន មានអាហារបរិភោគគ្រប់គ្រាន់ និងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។ 
 


ចំណែក លោកស្រី ហ៊ន សុខុម ជាសមាជិកក្រុមប្រឹក្សាឃុំជំរះពេន និងជាសមាជិកគណៈ កម្មាធិការទទួលបន្ទុកផ្នែកកិច្ចការនារី និងកុមារ (គ.ក.នក) បានលើកឡើងថា បច្ចុប្បន្ន អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារក្រោមរូបភាពផ្សេងៗក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នេះបានមកពីកម្មវិធី«តំបន់» របស់ អង្គការទស្សនៈពិភពលោក។ 
 
លោកស្រី បន្ថែមដូច្នេះថា៖«ចាប់តាំងពីឆ្នាំដើមឆ្នាំ២០២៣ មកទល់ពេលនេះ ឃុំ មិនទាន់ ទទួលបានពាក្យបណ្តឹងអំពីករណីអំពើហិង្សាណាមួយកើតឡើងនោះទេ។ មិនមានពាក្យ បណ្តឹងព្រោះ តាមរយៈការសហការជាមួយអ្នកស្ម័គ្រចិត្តភូមិក្នុងការផ្សព្វផ្សាយអប់រំ ធ្វើឱ្យ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីទម្រង់ និងផលវិបាកនៃអំពើហិង្សា និងយន្តការឆ្លើយ តបជាដើម»។
 
លោក ឃិន ឃីម មេភូមិព្រៃនាងពួន និងជាប្រធានជនបង្គោលនៃសហគមន៍ដឹកនាំ អនាម័យ បានរំឭកថា កាលពីមុនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ពុំមានបង្គន់អនាម័យ នោះទេ ហើយពលរដ្ឋក៏ពុំសូវខ្វល់ខ្វាយពីបញ្ហាអនាម័យខ្លួនប្រាណដែរ។ ប៉ុន្តែ មកទល់ ពេលនេះ ពួកគេបានផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ ក្រោយមានវត្តមានរបស់អង្គការ ទស្សនៈពិភពលោក។ 
 


កន្លងទៅ មានតែ១២គ្រួសារប៉ុណ្ណោះ ក្នុងចំណោម១៩៥គ្រួសារ ដែលមានបង្គន់ត្រឹមត្រូវ។ ប៉ុន្តែ មកទល់ពេលនេះ មានរហូតដល់១៨៧គ្រួសារ។ ​សមិទ្ធផល​ទាំងនេះ កើតចេញពីការ ជ្រោមជ្រែងរបស់ជនបង្គោលសហគមន៍ ដែលធ្វើឱ្យពលរដ្ឋមានការយល់ដឹងពីខ្ពស់។ 
 
ការណ៍ដែលមានអនាម័យនេះខ្ពស់នេះ ក៏ជួយឱ្យក្មេងមិនសូវមានជំងឺរាករូសផ្សេៗផងដែរ។ ភូមិព្រៃនាងពួន ឃុំជំរះពេន ជាភូមិដំបូងបង្អស់នៅស្រុកសំរោង ដែលត្រូវបានក្លាយជាភូមិ បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) នៅក្នុងឆ្នាំ២០១១។
 
អង្គការទស្សនៈពិភពលោកក៏បានផ្តួចផ្តើមបង្កើតឱ្យមានសហគមន៍អភិវឌ្ឍកសិកម្មចំនួន៣ក្នុងការបង្កើតនិងគ្រប់គ្រងស្ថានីយ៍បណ្តាញទឹកស្អាតចំនួន៣សម្រាប់ចែកចាយដល់ប្រជាជនចំនួនជាង ៩៧០ គ្រួសារ រួមទាំងសាលារៀន។ 
 
ជាមួយគ្នានេះ លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំអង្គការទស្សនៈពិភព លោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានសារទរចំពោះសមិទ្ធផល នៃកម្មវិធីរយៈពេល១៥ឆ្នាំ មកនេះ។ លោកថា ការផ្លាស់ប្រែវិជ្ជមាននៅស្រុកសំរោងនេះ សម្រេចទៅបាន ដោយមាន ការគាំទ្រ និងជំនួយថវិកាពីអង្គការទស្សនៈពិភពលោក ហុងកុង៕ 
 
 

Tag:
 World Vision
  សុខភាព
  ទឹកស្អាត
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com