អន្តរជាតិ
លោក បៃឌិន នឹងអវត្តមានក្នុងកិច្ចប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី តែទៅប្រជុំ G20 នៅឥណ្ឌា
23, Aug 2023 , 6:39 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ស្តាំ) ជាមួយលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក នៅក្នុងខែឧសភា ឆ្នាំ២០២៣។ រូបភាព AP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ស្តាំ) ជាមួយលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក នៅក្នុងខែឧសភា ឆ្នាំ២០២៣។ រូបភាព AP
ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន នឹងអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ តែលោកអាចចូលរួមកិច្ចប្រជុំមេដឹកនាំ G20 នៅឥណ្ឌា។ យ៉ាងណាមិញ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិកនឹងត្រូវមកចូលរួមកិច្ចប្រជុំអាស៊ានជំនួស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ចេញនៅថ្ងៃទី២២ ខែសីហា។

 
តាមសេចក្តីថ្លែងការណ៍មួយចេញដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre នៅថ្ងៃទី២២ ខែសីហា លោក ចូ បៃឌិន នឹងអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដោយលោកជាប់បំពេញទស្សនកិច្ចនៅឥណ្ឌា ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20)។ 
 
«លោកប្រធានាធិបតី ចូ បៃឌិន នឹងធ្វើដំណើរនៅក្រុងញូវដែលី ឥណ្ឌា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ G20»។ សេចក្តីថ្លែងការណ៍អ្នកនាំពាក្យសេតវិមានបានបញ្ជាក់បែបនេះ ដោយបន្តថា ក្នុងកិច្ចប្រជុំនោះ លោកបៃឌិន នឹងជជែកពីការដោះស្រាយបញ្ហាសកល ដូចជា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ, ការកាត់បន្ថយផលប៉ះពាល់ពីសង្គម និងសេដ្ឋកិច្ច ដែលបង្កដោយសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាបង្កើនសមត្ថភាពធនាគារអភិវឌ្ឍពហុភាគី ដូចជាធនាគារពិភពលោកជាដើម ដើម្បីកាត់បន្ថយភាពក្រីក្រ។ 
 
ក្នុងកិច្ចប្រជុំ G20 នេះ លោកបៃឌិន អាចនឹងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយសារកន្លងមកមេដឹកនាំរុស្ស៊ី មិនទាន់បានច្រានចោលពីការចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង ២០ឡើយ។ 
 
ដោយឡែក លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក នឹងទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាម៉េរិក និងកិច្ចប្រជុំអាស៊ីបូព៌ា រួមទាំងមានកិច្ចពិភាក្សាជាមួយមេដឹកនាំប្រទេសផ្សេងទៀត។ 
 
បន្ថែមពីនេះ លោកស្រីហារីស និងមេដឹនាំអាស៊ាន នឹងពិនិត្យឡើងវិញការពង្រីកទំនាក់ទំនងរវាងអាម៉េរិក-អាម៉េរិក ដែលមិនធ្លាប់មានពីមុនមកផង។ ស្របគ្នានេះ អនុប្រធានាធិបតីអាម៉េរិក នឹងបញ្ជាក់ពីការប្តេជ្ញារបស់អាម៉េរិកចំពោះតួនាទីស្នូលរបស់អាស៊ានផង៕
 

Tag:
 អាស៊ាន
  អាម៉េរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com