ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន អង្គុយមើលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពីចម្ងាយ ជាលើកដំបូង
24, Aug 2023 , 9:46 am        
រូបភាព
សម្ដេច ហ៊ុន សែន អង្គុយមើលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពីចម្ងាយ ជាលើកដំបូង ក្រោយចាកចេញពីតួនាទីជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ សីហា។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នាអាណត្តិទី៧នេះ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

 
«ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលតាមដានកិច្ចប្រជុំគណៈរដ្ឋមន្រ្តី តាមរយៈការផ្សាយផ្ទាល់ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
 
ដ្បិតមិនបានដឹកនាំដោយផ្ទាល់ក្តី តែសម្ដេច ហ៊ុន សែន នៅតែសប្បាយចិត្ត ដោយសារឃើញរូបភាពនៃកិច្ចប្រជុំនេះ ពោរពេញទៅដោយបញ្ញវ័ន្ត ដែលសុទ្ធសឹងតែមានសក្ដានុពល ក្នុងការអភិវឌ្ឍប្រទេសជាតិ។ « ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ»។ នេះបើតាមសំណេររបស់ប្រធានគណបក្សប្រជាជន លើហ្វេសប៊ុក។
 
នាសន្និសីទកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី២២ សីហា ប្រមុខគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិបាលថ្មី នាអាណត្តិទី៧នេះ នឹងអភិវឌ្ឍន៍ប្រទេសបានល្អ ហើយមានល្បឿនលឿនជាងមុន ដោយសារពួកគេសុទ្ធតែជាបញ្ញវ័ន្ត វ័យក្មេង ដែលមានសក្ដានុពល។ សម្រាប់សម្ដេច ហ៊ុន សែន ការផ្ដល់ឱកាសឱ្យយុវជនបន្តវេននេះ ដោយសារសម្ដេចមើលឃើញពួកគេ មានគំនិតច្នៃប្រឌិតថ្មី ដែលដើរទាន់សម័យបច្ចេកវិទ្យាឌីជីថល។
 
«ខ្ញុំមានការរំពឹងទុកយ៉ាងខ្ពស់ថា ជាមួយម្ខាងលើសេចក្តីទុកចិត្ត ប៉ុន្តែសមត្ថភាពកម្លាំងពលំរបស់ពួកគេ និងសមត្ថភាពបច្ចេកវិទ្យារបស់គេ អាចនឹងជំរុញល្បឿននៃការអភិវឌ្ឍបានខ្ពស់ ។ និយាយដូច្នេះខ្ញុំមិនបន្ទោសបង្អាប់មន្ត្រីរដ្ឋាភិបាលអាណត្តិចាស់ទេ ព្រោះតម្រូវការនៅពេលនោះ យើងមានតម្រូវការដូច្នេះ»។ នេះជាការលើកឡើងរបស់អតីតនាយករដ្ឋមន្រ្តី ជាង៣៨ឆ្នាំ ដែលបានបន្ថែមថា វ័យរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីនេះ អាចធ្វើការដោយល្បឿនលឿនស្របតាមសេដ្ឋកិច្ចឌីជីថល ជាងជំនាន់សម្ដេច៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com