កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចង់ឱ្យមេបាល់ទាត់អេស្ប៉ាញចេញពីតំណែង ចំពោះការថើបកីឡាការិនីក្រោយឈ្នះ World Cup
24, Aug 2023 , 10:31 am        
រូបភាព
នាយកប្រតិបត្តិសហព័ន្ធបាល់ទាត់អេស្ប៉ាញ (SFF) លោក Luis Rubiales បានចេញមុខសុំទោសជាសាធារណៈចំពោះការថើបលើកីឡាការិនី Jenni Hermoso របស់ក្រុមនារីអេស្ប៉ាញ អំឡុងពេលអបអរសាទរជ័យជម្នះជើងឯក FIFA World Cup ឆ្នាំ២០២៣។ លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅថ្ងៃទី២២ ខែសីហា ថាការសុំទោសរបស់មេ SFF មិនទាន់គ្រប់គ្រាន់។



រឿងរ៉ាវកើតឡើង ក្រោយពេលលោក Luis Rubiales បានចូលរួមផ្តល់មេដាយដល់កីឡាការិនីជ័យលាភ័ជើងឯកអេស្ប៉ាញ និងឆ្លៀតថើមកីឡាការិនី Hermoso  ក្រោយឈ្នះអង់គ្លេសលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup នាថ្ងៃទី២០ ខែសីហា។ ការថើបលើកីឡាការិនីពីសំណាក់លោក Rubiales បានបង្កឱ្យមានការខឹងសម្បារក្នុង និងក្រៅប្រទេសអេស្ប៉ាញ ដោយមានមនុស្សជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ទាមទារឱ្យលោក Rubiales ចុះចេញពីតំណែង។
 
«យើងបានមើលឃើញពីការសុំទោស ហើយវាមិនគ្រប់គ្រាន់ឡើយ គាត់គួរតែលុបបំបាត់នូវរឿងរ៉ាវទាំងនេះឱ្យកាន់តែច្បាស់លាស់ និងជឿជាក់ក្នុងការសុំទោសដ៏ពិតប្រាកដ។ គាត់ត្រូវតែចាត់វិធានការបន្ថែមទៀតដើម្បីបញ្ជាក់ពីអាកប្បកិរិយាដែលមិនអាចទទួលយកបានទាំងនេះ។»។ លោក Sanchez បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
  


ទាក់ទងនឹងមុខតំណែងនៅក្នុងសហព័ន្ធបាល់ទាត់អេស្ប៉ាញវិញ លោក Sanchez ក៏បានលើកឡើងដែរថារដ្ឋាភិបាលអេស្ប៉ាញគ្មានសិទ្ធិលូកដៃនៅក្នុងផ្នែកនៃសហព័ន្ធឡើយ ដើម្បីដកនរណាម្នាក់ចេញពីតំណែង។
 
តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram និង YouTube កីឡាការិនី Hermoso បាននិយាយជាមួយមិត្តរួមក្រុមបែបលេងសើចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា នាងមិនចូលចិត្តនូវទង្វើរនេះទេ។​ 
 
​នាប្រទេសអេស្ប៉ាញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បញ្ហាយេនឌ័របានក្លាយជាប្រធានបទក្តៅ។ រដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយសង្គមនិយមបានធ្វើជាអធិបតីលើការធ្វើកំណែទម្រង់ផ្លូវច្បាប់ រួមទាំងជុំវិញប្រាក់ឈ្នួលស្មើគ្នា ការរំលូតកូន ការងារផ្លូវភេទ និងសិទ្ធិអ្នកប្តូរភេទជាដើម៕
 


Tag:
 អេស្ប៉ាញ
  World Cup
  World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com