អន្តរជាតិ
ឥណ្ឌា ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​ចុះចត​ប៉ូល​ខាង​ត្បូង​នៃឋានព្រះចន្ទ
24, Aug 2023 , 11:09 am        
រូបភាព
យាន​ Chandrayaan-3 ចុះចតលើឋានព្រះចន្ទ ។ រូបភាពពី ISRO ។
យាន​ Chandrayaan-3 ចុះចតលើឋានព្រះចន្ទ ។ រូបភាពពី ISRO ។
យាន Chandrayaan-3 របស់ឥណ្ឌា បានចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទនៅម៉ោង ១៨និង៤នាទី (ម៉ោងនៅទីក្រុងញូវដេលី) នៅថ្ងៃទី២៣ ខែសីហា បន្ទាប់ពីធ្វើដំណើរអស់រយៈពេល៤១ ថ្ងៃចាប់ពីថ្ងៃទី១៤ ខែកក្កដា តាមរយៈរ៉ុក្កែត Mark-III (LVM-3)។

 
ឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រថ្មីជាប្រទេសដំបូងគេ ដែលមានយានអាចចុះចតនៅលើប៉ូលខាងត្បូងឋានព្រះចន្ទ។ ព្រឹត្តិការណ៍នេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយាន Luna-25 របស់រុស្ស៊ី ក្នុងបេសកកម្មស្រដៀងគ្នានេះទទួលបរាជ័យ។
 
ភ្លាមៗនៅពេលដែលយាន Chandrayaan-3 ចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ទូរទស្សន៍ឥណ្ឌា NDTV បានរាយការណ៍ពីអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលបានប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម X  នៅម៉ោង ៦និង៤នាទីយប់ថ្ងៃទី ២៣ ខែសីហា (ម៉ោងនៅទីក្រុងញូវដេលី)ថា ៖ «បេសកកម្ម Chandrayaan-3 ឥណ្ឌា ខ្ញុំបានទៅដល់គោលដៅហើយ អ្នកក៏ដូចគ្នាដែរ! Chandrayaan-3 បានចុះចតដោយជោគជ័យ នៅលើឋានព្រះចន្ទ អបអរសាទរឥណ្ឌា! »។
 
លោកស្រី Carla Filotico នាយកប្រតិបត្តិនៅ Spacetec Partners បានចែករំលែកថា វាមានសារសំខាន់ណាស់ ក្នុងការទទួលស្គាល់ដោយពិភពលោក។ ឥណ្ឌា ​នឹង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តិចតួច​បំផុត ​ដែល​អាច​ដើរ​លើ​ឋាន​ព្រះចន្ទ។ បច្ចុប្បន្ននេះ មានតែអាម៉េរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលអាចធ្វើដូច្នេះបាន ឥណ្ឌាក្លាយជាប្រទេសទីបួន ដែលបានចុះចតនៅ លើឋានព្រះចន្ទ ប៉ុន្តែជាប្រទេសដំបូងគេ ដែលបានដើរលើប៉ូលខាងត្បូង។ នេះ​នឹង​ជា​មោទកភាព​ជាតិ ​ក៏​ដូច​ជា​ការ​បំផុស​គំនិត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។
 
នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលនៅអាហ្វ្រិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូល BRICS បានអបអរសាទរក្រុម ISRO ។ លោក​ថ្លែង​ថា​៖ «​យើង​កំពុង​មើល​ឃើញ​ដំណាក់កាល​ថ្មី​របស់ប្រទេស​ឥណ្ឌា​ថ្មី​មួយ​ ប្រវត្តិសាស្ត្រ​ថ្មី​ត្រូវ​បាន​កត់ត្រាឡើង »។
 
យានអវកាស Chandrayaan-3 របស់ឥណ្ឌា ត្រូវបានបង្កើតឡើងជាមួយនឹងការវិនិយោគប្រហែល៧៥លានដុល្លារ ដែលជាតួលេខតិចតួចបើប្រៀបធៀប ទៅនឹងមហាអំណាចអវកាសដទៃទៀត។ យាន Chandrayaan-3 បានដឹកយានចុះចតមួយឈ្មោះថា​ Vikram និងកូនយានរ៉ូបូតចល័តមួយទៀតឈ្មោះថា Pragyan។ តាមផែនការ ​យានទាំងនេះនឹងនៅបន្តសកម្ម​លើប៉ូលខាងត្បូងនៃឋានព្រះចន្ទ រយៈពេលពីរសប្តាហ៍ ដោយ​ពិសោធន៍ ពិនិត្យមើលសណ្ឋានដី រួមទាំងការវិភាគសមាសធាតុរ៉ែលើផ្ទៃនៃតំបន់នោះ៕
 

Tag:
 ឥណ្ឌា
  យានអវកាស
 
© រក្សាសិទ្ធិដោយ thmeythmey.com