អន្តរជាតិ
មេក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ីបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅរុស្ស៊ី
24, Aug 2023 , 11:29 am        
រូបភាព
មេក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី នៅអ៊ុយក្រែន Wagner លោក Yevgeny Prigozhin បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន នៅភាគខាងជើងក្រុងមូស្គូ។ នេះបើតាមការបញ្ជាក់របស់រុស្ស៊ី។

 
តាមទិន្នន័យបឋម មនុស្សចំនួន ១០នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន ដោយក្នុងនោះរួមទាំង ក្រុមការងារលើយន្តហោះចំនួន ៣រូបផង។ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់សហព័ន្ធរុស្ស៊ី Rosaviatsia បានបញ្ជាក់ថា លោក Yevgeny Prigozhin មេក្រុម និងមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner លោក Dmitry Utkin ក៏ស្ថិតក្នុងយន្តហោះឯកជននោះដែរ។ 
 
ស្របគ្នានេះ ក្រសួងទទួលបន្ទុកស្ថានភាពអាសន្នរុស្ស៊ី បានបញ្ជាក់ថា នៅវេលាប្រមាណ ៨ល្ងាច យន្តហោះឯកជន Embraer Legacy ដែលធ្វើដំណើរពីក្រុងមូស្គូ ទៅក្រុង Saint Petersburg បានធ្លាក់នៅក្បែរភូមិ Kuzhenkino ក្នុងតំបន់ Tver ដោយស្ថិតនៅភាគខាងជើងក្រុងមូស្គូប្រមាណ ៣០០គីឡូម៉ែត្រ។ 
 
ក្រោយហេតុការណ៍ធ្លាក់យន្តហោះខាងលើ អាជ្ញាធររុស្ស៊ី បានបើកប្រតិបត្តិការស្វែងរក និងស៊ើបអង្កេតលើករណីធ្លាក់យន្តហោ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
លោក Prigozhin ត្រូវបានមើលឃើញថា ជាបញ្ហាប្រឈមដ៏ខ្លាំងមួយ នៅក្នុងការដឹកនាំរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង មេក្រុមទាហានស៊ីឈ្នូល Wagner លោក Prigozhin បានរិះគន់រុស្ស៊ីយ៉ាងខ្លាំង ជុំវិញចំណាត់ការសង្រ្គាមនៅអ៊ុយក្រែន។ លើសពីនេះ លោកក៏រិះគន់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu និង នាយអគ្គសេនាធិការកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimo ផង។ 
 
នៅក្នុងខែមិថុនា កន្លងទៅ កងកម្លាំង Wagner ប្រមាណ ៥ពាន់នាក់ បានគ្រប់គ្រងក្រុង Rostov-on-Don នៅភាគខាងត្បូងរុស្ស៊ី និងថែមទៀតបន្តប្រតិបត្តិការទៅក្រុងមូស្គូថែមទៀត ក្នុងគោលបំណងទម្លាក់លោក Shoigu ចេញពីតំណែងប្រមុខការពារជាតិ។ ប៉ុន្តែប្រតិបត្តិការនេះ បានបញ្ឈប់ ក្រោយមានកិច្ចចរចាជាមួយវិមានក្រេមឡាំង៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  Wagner
© រក្សាសិទ្ធិដោយ thmeythmey.com