កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គូប្រជែងចាស់នៅស៊ីហ្គេម ថៃ និង ឥណ្ឌូណេស៊ី ប៉ះគ្នាម្ដងទៀត នៅវគ្គ១/២ផ្តាច់ព្រ័ត្រ AFF U23
24, Aug 2023 , 11:59 am        
រូបភាព
ការឈ្លួសគ្នារវាងក្រុមថៃ និងឥណ្ឌូណេស៊ី វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រូបពី Mohahang Beauty Pageant
ការឈ្លួសគ្នារវាងក្រុមថៃ និងឥណ្ឌូណេស៊ី វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រូបពី Mohahang Beauty Pageant
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំ ត្រូវជួបឥណ្ឌូណេស៊ី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U23 Championship 2023។ ឥណ្ឌូណេស៊ី ធ្លាប់បន្សល់ស្នាមរបួស ឲ្យថៃ នៅស៊ីហ្គេមលើកទី៣២រួចមកហើយ អបដោយហិង្សាផងនៅពហុកីឡដ្ឋានអូឡាំពិក។ លោក Ithsara Sritharo គ្រូបង្វឹកថៃ នឹងធ្វើយ៉ាងណាយកឈ្នះឥណ្ឌូណេស៊ីឱ្យបាន ស្របពេលគ្រូឥណ្ឌូណេស៊ី លោក Shin Tae Yong ជឿជាកក្រុមខ្លួននៅតែធ្វើបានល្អនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។



U23 ឥណ្ឌូណេស៊ី ដែលទទួលបានចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល B​ បានឡើងជួបម្ចាស់ផ្ទះថៃ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល A នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៤ ខែសីហា វេលាម៉ោង ៨យប់ នៅកីឡដ្ឋាន Rayong ប្រទេសថៃ ក្រោយការប៉ះគ្នារវាងម្ចាស់ការពារជើងឯកវៀតណាម និងម៉ាឡេស៊ី នៅម៉ោង ៤ រសៀល។
 
U22 ឥណ្ឌូណេស៊ី បានធ្វើឲ្យ U22 ថៃ ចាញ់ទាំងមិនអស់ចិត្តក្នុងជំនួបផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។ ការប្រកួតដ៏តានតឹងកាលនោះ បានឈានដល់ថែមម៉ោង ១៥នាទី ២ដង ហើយក្រុមទាំង២នេះ មានការប្រទុស្ដសារ៉ាយ រហូតឈានដល់ការវាយតប់គ្នាផង។ លទ្ធផល បញ្ជប់ការប្រកួត ឥណ្ឌូណេស៊ី ឈ្នះ ថៃ ៥-២ ដើម្បីគ្រងមេដាយមាស។
 
ដោយឡែក ក្រុមទាំង ២ត្រូវជួបគ្នាម្ដងទៀត​ នៅក្នុងព្រឹត្តិការណ៍ AFF U23 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក Ithsara Sritharo គ្រូ U23​ ថៃ បានលើកសរសើរកូនក្រុមខ្លួនថា មានកីឡាករល្អៗ ដែលអាចចូលរួមប្រកួតបាន ដោយពួកគេ គ្រាន់តែត្រូវការឱកាស ដើម្បីបង្ហាញសមត្ថភាពខ្លួនប៉ុណ្ណោះ។ នេះបើយោងទៅតាមការបង្ហោះរបស់គេហទំព័រ AFF។
 
ចំណែកគ្រូបង្វឹកឥណ្ឌូណេស៊ី លោក Shin Tae Yong បាននិយាយទំនងជាឌឺដងថា ក្រុមជម្រើសជាតិថៃ មានកីឡាករល្អៗ និងមានគុណភាព ​ប៉ុន្ដែ ចំពោះការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនអាចស្មានដឹងពីលទ្ធផលមុនបានទេ។ 
 
គ្រូបង្វឹករូបនេះ ដូចជាមិនសូវខ្វល់ចំពោះគុណភាពក្រុមថៃខ្ពស់ដល់កម្រិតណានោះទេ ប៉ុន្ដែអ្វី ដែលគ្រូសញ្ជាតិកូរ៉ាខាងត្បូង ចង់ឃើញនោះ គឺការលេងឲ្យកាន់តែប្រសើរ របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
 
 «ក្រុមថៃ មានកីឡាករល្អ ប៉ុន្ដែ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អ្វីៗ ក៏អាចកើតឡើងបានដែរ។ សម្រា​ប់ខ្ញុំ ខ្ញុំ គ្រាន់តែចង់ឃើញ កីឡាករខ្ញុំ ពង្រឹងការលេង ក្នុងការប្រកួតនេះ។»។ គ្រូជម្រើសជាតិឥណ្ឌូណេស៊ី បាននិយាយដូច្នេះ៕
 

Tag:
 បាល់ទាត់
  AFF U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com