ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចេញដំណើរជាមួយនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»
24, Aug 2023 , 11:44 am        
រូបភាព
លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដំបូងនាព្រឹកថ្ងៃទី២៤ ខែសីហា ជាមួយនឹង​ការថ្លែងឧទ្ទេសនាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ រូបថត SHS
លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដំបូងនាព្រឹកថ្ងៃទី២៤ ខែសីហា ជាមួយនឹង​ការថ្លែងឧទ្ទេសនាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ រូបថត SHS
ដោយ: រួបរួម
«រាជរដ្ឋាភិបាល បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។ នេះជាបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសន្យាអនុវត្តឱ្យបានសម្រេចជោគជ័យ តាមការទន្ទឹងចង់បានរបស់ម្ចាស់ឆ្នោត។

 
ប្រមុខរដ្ឋាភិបាលថ្មី បានវាយតម្លៃខ្ពស់ពីការបំពេញតួនាទីយ៉ាងប្រសើរនៃយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល នារយៈពេល២៥ឆ្នាំចុងក្រោយ ដែលជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ការកសាងស្ថាប័នរដ្ឋមួយ រឹងមាំ និងឯករាជ្យ។
 
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទកភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
 
ការសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺយោងលើភាពចាំបាច់ជាក់ស្តែងមួយចំនួន ដូចជា ការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាពីអាណត្តិកន្លងមក, ការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចសម្រេចឱ្យបានរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ, ការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្តោតសំខាន់លើការកសាងមូលដ្ឋានមនុស្សរាំងមាំ, ការបន្តបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងរបស់កម្ពុជា និងការកសាងភាពធន់ទៅនឹងការប្រែប្រួល នៃកត្តាសង្គម-សេដ្ឋកិច្ច និងបរិស្ថានធម្មជាតិ រួមទាំងភាពចាំបាច់ក្នុងការដាក់ចេញនូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
 
បើតាមបទឧទ្ទេសនាមរបស់លោកនាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រនេះ មានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ គឺទីមួយ រក្សា និងថែបំប៉នសន្តិភាព ហើយទីពីរ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ស្របតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលតម្រូវឱ្យមានការសហការ និងបំពេញឱ្យគ្នាទៅវិញទៅមកនៅគ្រប់ក្រសួង-ស្ថាប័ន រដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
 
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងគោលដៅយុទ្ធសាស្ត្រ៥ គឺ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថាយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន រួមទាំងធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
 
បើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន កន្លងមក តាំងពីឆ្នាំ១៩៨៧ អាទិភាពនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ ដែលមាន ទឹក ផ្លូវ ភ្លើង មនុស្ស ហើយត្រូវបានប្តូរទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ។ សម្រាប់អាទិភាពគន្លឹះ៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១នេះ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
 
ការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណយុទ្ធសាស្ត្រទី១ ដែលផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្របច្ចេកវិទ្យា, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ការងពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ», ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។
 
សម្រាប់បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ គឺ ការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល, ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ, ការបង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone), ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុសម្រាប់គាំទ្រការវិនិយោគ។
 
បញ្ចកោណទី៣ ផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ ជាមួយនឹងកិច្ចការអភិភាព៥ គឺ ការអភិវឌ្ឍទីផ្សារការងារ, ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន, ការពង្រឹងការប្រកួតប្រជែង, ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
 
ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គឺជាបញ្ចកោណទី៤ ដែលបន្តផ្តោតលើកិច្ចការអទិភាពចំនួន៥ គឺ ការធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ, ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព, ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើកម្មនគរូបនីយកម្ម, ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។
 

ចំពោះបញ្ចកោណទី៥ វិញ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថល ផ្តោតលើកិច្ចការអាទិភាពចំនួន៥ គឺការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
 
គោរពតាមនូវអ្វីដែលបានសន្យាជាមួយម្ចាស់ឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ភ្លាមៗក្នុងឆ្នាំ២០២៣នេះ ដែលក្នុងនោះរួមមាន ទី១ ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពសាធារណៈ។ ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ឬងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។ ទី៤ ការដាក់ចេញការអនុវត្តនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការចូលរួមនៅក្នុងសេដ្ឋកិច្ច ដែលអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ទី៥ ការដាក់ចេញយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សម្ដៅលើការសម្របសម្រួលអាជីវកម្ម ស្វែងរកទីផ្សារ រក្សាលំនឹងកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងចុងក្រោយ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស និងបង្កើតឱ្យមានសមាគមកសិករ នៅតាមជនបទ។
 
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការកំណត់បញ្ហាប្រឈមដែលទាមទារឱ្យមានការដាក់ចេញវិធានការគន្លឹះសម្រាប់ដោះស្រាយផងដែរ ដោយក្នុងនោះរួមមាន ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
 
ជាមួយនឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គនីតិបញ្ញត្តិ តុលាការ ដៃគូអភិវឌ្ឍន៍ ដៃគូទ្វេភាគី ពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងរួមជាតិទាំងអស់ ផ្តល់ការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអនុវត្តវិធានការគោលនយោបាយ និងកម្មវិធីនានានៅក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាវិធានការគន្លឹះនានា ដែលលោកបានដាក់ចេញ៕

© រក្សាសិទ្ធិដោយ thmeythmey.com