អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃថ្មី ប្តេជ្ញាធ្វើការដោយមិនគិតនឿយហត់ ដើម្បីបម្រើប្រជាជន
24, Aug 2023 , 1:59 pm        
រូបភាព
លោក Srettha Thavisin គោរពព្រះឆាយាល័ក្ខណ៍មហាក្សត្រថៃ ក្នុងពិធីតែងតាំងជានាយករដ្ឋមន្រ្តីទី៣០ នៅល្ងាចថ្ងៃទី២៣ ខែសីហា។ រូបភាពTwitter_Srettha Thavisin
លោក Srettha Thavisin គោរពព្រះឆាយាល័ក្ខណ៍មហាក្សត្រថៃ ក្នុងពិធីតែងតាំងជានាយករដ្ឋមន្រ្តីទី៣០ នៅល្ងាចថ្ងៃទី២៣ ខែសីហា។ រូបភាពTwitter_Srettha Thavisin
លោក Srettha Thavisin នាយករដ្ឋមន្រ្តីថៃទី៣០ បានប្តេជ្ញាធ្វើការដោយមិនគិតភាពហត់នឿយ និងស្មោះត្រង់ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។

 
ក្រោយសភាបោះឆ្នោតគាំទ្រ លោក Srettha Thavisin នៅល្ងាចថ្ងៃទី២៣ ខែសីហា ត្រូវបានមហាក្សត្រថៃ ចេញរាជបញ្ជាតែងតាំងជានាយករដ្ឋមន្រ្តី។ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពិធីតែងតាំងនោះ  លោក Srettha បានសន្យាបម្រើប្រជាជនឱ្យអស់ពីលទ្ធភាព និងធ្វើឱ្យថៃ ក្លាយជាដែនដីនៃក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ និងសុមង្គលសម្រាប់ប្រជាជនទាំងអស់។ 
 
«៤ឆ្នាំក្រោមការដឹកនាំរបស់ខ្ញុំ នឹងជា៤ឆ្នាំនៃការផ្លាស់ប្តូរ។ នៅពេលនេះ ថៃ ស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយ ហើយយើងមានវិបត្តិជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយ ខណៈដំណោះស្រាយ ត្រូវស្វែងរកជាបន្ទាន់»។ លោក Srettha បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៣ ខែសីហា ដោយបន្តថា វិបត្តិទាំងនោះ មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច ប្រាក់ចំណូល ចំណាយ សុខុមាលភាពប្រជាជន សន្តិសុខ សង្គម កិច្ចការបរទេស និងបរិស្ថានជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
បើតាមមេដឹកនាំថៃថ្មីរូបនេះ រដ្ឋាភិបាលរបស់លោក មានគោលនយោបាយជាច្រើន ដើម្បីដោះស្រាយ និងគ្រប់គ្រងវិបត្តិខាងលើ។ លើសពីនេះ អ្នកនយោបាយវ័យ ៦១ឆ្នាំរូបនេះ បានសន្យាថា រដ្ឋាភិបាលថៃថ្មី នឹងបម្រើប្រជាជនគ្រប់គ្នា និងគោរពរាល់គំនិតដែលផ្ទុយគ្នា។ 
 
បន្ថែមពីនេះ លោក Srettha បានអញ្ជើញប្រជាជនថៃទាំងអស់ ឱ្យចូលរួមជាមួយរដ្ឋាភិបាលរបស់លោក ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ថៃនៅលើឆាកអន្តរជាតិ។ 
 
សូមបញ្ជាក់ថា បើទោះលោក Srettha ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីក៏ដោយ លោកប្រាយុទ្ធ ចន្ទអូចា នៅតែបន្តជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នដដែល រហូតដល់គណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយលោក Srettha ស្បថចូលកាន់តំណែង។ ឧបនាយករដ្ឋមន្រ្តី លោក Wissanu Krea-ngam នៅថ្ងៃទី២៣ ខែសីហា បានបញ្ជាក់ថា រដ្ឋាភិបាលថៃថ្មី ដែលដឹកនាំដោយបក្សភឿថៃ អាចនឹងចូលកាន់តំណែងនៅដំណាច់ខែកញ្ញាខាងមុខ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com