កីឡាជាតិ
ជាតិ
ក្រោយឡើងវគ្គចែកពូល AFC Cup គ្រូភ្នំពេញក្រោន យល់ថាក្លិបកម្ពុជាគួរមានលើស១ក្រុមក្នុងវគ្គជម្រុះ
24, Aug 2023 , 3:19 pm        
រូបភាព
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ស្ដាំដៃ និង កីឡាករ Andres Nieto
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ស្ដាំដៃ និង កីឡាករ Andres Nieto
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ឃើញថា ក្លិបបាល់ទាត់កម្ពុជា គួរតែទទួលបានកូតាទៅកាន់វគ្គជម្រុះច្រើនជាង១ក្រុមក្នុងព្រឹត្តិការណ៍ AFC Cup ដ្បិតកម្រិតសមត្ថភាពក្លិបក្នុងលីគកម្ពុជាកើនឡើងខ្លាំង។ លោក Oleg លើកឡើងដូច្នេះក្រោយដឹកនាំភ្នំពេញក្រោនឆ្លងផុតវគ្គជម្រុះបឋម ឡើងទៅកាន់វគ្គចែកពូល AFC Cup ឆ្នាំ២០២៣។



ភ្នំពេញក្រោន បានកក់កៅអីវគ្គចែកពូល ក្នុងពានរង្វាន់ AFC Cup ក្រោយពីប្រកួតឈ្នះ Tampines Rover FC របស់សង្ហបុរី ក្នុងវគ្គជម្រុះ (Play-Off) ក្នុងលទ្ធផល ៣-២ នៅថ្ងៃទី២៣ ខែសីហា នៅកីឡដ្ឋាន Jalan Besar។
 
ក្រោយទទួលបានជ័យជម្នះ លោក Oleg Starynskyi បានផ្ញើរភាពរីករាយរបស់ខ្លួន ទៅកាន់អ្នកគាំទ្រក្រុម និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយសារតែភ្នំពេញក្រោន គឺជាក្រុមកម្ពុជា តែមួយគត់ចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ហើយបានឈ្នះក្រុមខ្លាំងៗ ២ប្រកួត រួមមាន Young Elephant FC របស់ឡាវ ក្នុងលទ្ធផល ៣-០ និង Tampines Rover FC របស់សិង្ហបុរី ក្នុងលទ្ធផល ៣-២។ 
  


យោងទៅលើការផ្សាយលើហ្វេសប៊ុកភ្នំពេញក្រោន គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ ផ្ញើរភាពរីករាយនេះទៅកាន់ប្រជាជនកម្ពុជា ព្រោះនេះ ពិតជាសំខាន់សម្រាប់អ្នកគ្រប់គ្នា ដែលយើងតំណាងឲ្យក្រុមកម្ពុជា យើងបានឈ្នះ ២ប្រកួត ហើយពេលនេះយើងបានដល់វគ្គចែកពូលហើយ ។»។
 
គ្រូបង្វឹករូបនេះ យល់ឃើញថា ក្រុមកម្ពុជា គួរតែអាចឡើងទៅលេងក្នុងពានរង្វាន់អន្ដរជាតិប្រចាំទ្វីអាស៊ីនេះ ច្រើនជាងមួយក្រុម ព្រោះលីគកំពូលកម្ពុជា មានការប្រកួតប្រជែងខ្លាំង ហើយក្រុមកម្ពុជាផ្សេងៗទៀតនៅលីគកំពូល មានកម្រិត មិនខុសឆ្ងាយគ្នាពីភ្នំពេញក្រោនទេ។ ដូច្នេះ លោក Oleg ជឿជាក់ថា ភ្នំពេញក្រោន អាចប្រកួតឈ្នះ ក្លិបធំៗ ក្នុងតំបន់អាស៊ានបាន ចំណែកក្លិបផ្សេងៗរបស់កម្ពុជា ក៏អាចយកឈ្នះលើក្រុមទាំងអស់នោះដែរ។
 
«ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន ។»។ លោក Oleg Starynskyi បាននិយាយបែបនេះ។
 
ក្រុមជើងឯកលីគកំពូលកម្ពុជា CPL ទទួលបានតែកន្លះកៅអីប៉ុណ្ណោះ ដូចឡាវ និងព្រុយណេ  ទៅកាន់វគ្គជម្រុះ play-off ដើម្បីប្រជែងយកកន្លះកៅអីទៀត បង្គ្រប់ទៅវគ្គចែកពូល AFC Cup។ ឥណ្ឌូណេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា ទទួលបាន១កៅអីកន្លះ ស្របពេលអូស្ត្រាលី ម៉ាឡេស៊ី និងហ្វីលីពីនបាន២កៅអី និងវៀតណាមបាន១កៅអី។
 
ដូចគ្នានេះដែរ កីឡាករ Andres Nieto ខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន បានផ្ញើរជ័យជម្នះនេះ ទៅកាន់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសអ្នកគាំទ្រនៅកីឡដ្ឋាន Jalan Besar ដោយផ្ទាល់ផងដែរ។ កីឡាកររូបនេះ ចាត់ទុកថា ការគាំទ្រទាំងនោះពិតជាមានសារៈសំខាន់ណាស់សម្រាប់ឲ្យកីឡាករមានកម្លាំងចិត្ត និងឆន្ទៈលេងកាន់តែខ្លាំង ព្រោះការប្រកួតនេះ ពិតជាពិបាកខ្លាំង។
 
គួរបញ្ជាក់ផងដែរ ចំពោះជ័យជម្នះ ដ៏តាន់តឹងនេះ ភ្នំពេញក្រោន ត្រូវបានម្ចាស់ផ្ទះ នាំមុខ ២-០ នៅក្នុងតង់ទី១ គឺនៅនាទី១១ និងនាទី២៦ ដោយកីឡាករ Boris Kopitovic។ នៅចុងតង់ទី១ នាទី៤៥ Yodai Ogawa របស់ភ្នំពេញក្រោន វាយបក ១គ្រាប់ តាមរយៈការស៊ុតបាល់ពីចម្ងាយ នាំឲ្យតង់ទី១ លទ្ធផល ២-១។ លុះចូលដល់តង់ទី២ កីឡាករ Andres Nieto បន្ថែមបាន១គ្រាប់ នៅនាទី៥២ និងគ្រាប់ទី៣ រកបានដោយ Shintaro Shimizu នៅនាទី៥៤។ បញ្ចប់ការប្រកួតទាំង២តង់ Tampines Rover FC ចាញ់ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២។
 
ឈានទៅកាន់វគ្គចែកពូល ភ្នំពេញក្រោនស្ថិតនៅពូល F ក្រោយចាប់ឆ្នោតនៅរសៀលថ្ងៃទី២៤​ ខែសីហា នៅទីស្នាក់ការ AFC ក្នុងក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងពូល F ក្រុមកម្ពុជាភ្នំពេញក្រោន ត្រូវជួបក្រុម DYNAMIC HERB CEBU FC របស់ហ្វីលីពីន MACARTHUR FC របស់អូស្ត្រាលី និង SHAN UNITED FC នៃលីគកំពូលមីយ៉ាន់ម៉ា៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com