ជាតិ
ប្រធាន ADB រឭកគុណបំណាច់សម្តេច ហ៊ុន សែន និងប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មី
24, Aug 2023 , 3:56 pm        
រូបភាព
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ដោយ: រួបរួម
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២២ ខែសីហា បានសរសេរលិខិតអបអរសាទរ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

 
«ខ្ញុំមានទំនុកចិត្តថា កម្ពុជានឹងបន្តរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោក»។ នេះជាការវាយតម្លៃរបស់ប្រធាន ADB ដោយនឹករឭកដល់គុណបំណាច់សម្តេច ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាជាមួយនឹងការលះបង់ និងប្តេជ្ញាចិត្តខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ។
 
លោក Masatsugu Asakawa ក៏បានលើកឡើងផងដែរពីជំនួបប្រកបដោយផ្លែផ្ការវាងលោក ជាមួយសម្តេច ហ៊ុន សែន កាលពីជំនួបកំពូលអាស៊ាននៅរាជធានីភ្នំពេញកន្លងមក។
 
លោកបានបន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី មានមោទនភាពក្នុងនាមជាដៃគូដ៏រឹងមាំលើដំណើរអភិវឌ្ឍប្រទេសកម្ពុជា។ លោកបានអះអាងអំពីការប្តេជ្ញាចិត្តបន្ត និងមិនផ្លាស់ប្តូររបស់ ADB ក្នុងការគាំទ្ររបៀបវារៈអំពីការអភិវឌ្ឍកម្ពុជានៃកំនើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
មេដឹកនាំស្ថាប័នអន្តរជាតិជនជាតិជប៉ុន​រូបនេះ បានបញ្ជាក់ថា៖ «ក្រុមការងាររបស់ខ្ញុំ និងខ្ញុំ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់លោកដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងរួមចំណែកដល់ភាពរីកចម្រើនទាំងមូលនៅក្នុងតំបន់»៕

© រក្សាសិទ្ធិដោយ thmeythmey.com