កីឡាអន្តរជាតិ
អន្តរជាតិ
Laporte ចែកផ្លូវពី Man City ទៅរួមអាជីពជាមួយ Ronaldo នៅ Al Nassr
24, Aug 2023 , 5:23 pm        
រូបភាព
ខ្សែការពារ Aymeric Laporte ប្រកាសចែកផ្លូវពីក្រុម Manchester City នៅថ្ងៃទី២៣ ខែសីហា តាមរយៈការបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម។ Laporte នឹងទៅចូលរួមជាមួយ Cristiano Ronaldo និងកីឡាករល្បីៗផ្សេងទៀតនៅ Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ។



កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ជាច្រើនបានឱ្យដឹងថា ខ្សែការពារសញ្ជាតិអេស្ប៉ាញបានយល់ព្រមលើសំណើររបស់ក្លិប Al Nassr ក្រោយរូបគេបានប្រកបអាជីពនៅទឹកដីអង់គ្លេសរយៈពេល ៥ឆ្នាំកន្លះរួចមក។ Laporte ជាកីឡាករល្បីឈ្មោះចុងក្រោយដែលបានផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីត មុនអតីតមិត្តរួមក្រុមរបស់គេខ្សែប្រយុទ្ធ Riyad Mahrez ក៏បានផ្លាស់ទៅចូលរួមក្លិប Al Ahli ស្ថិតក្នុងក្របខណ្ឌ Saudi Pro league។
 
«ប្រជាជននិងអ្នកគាំទ្រជាទីស្រលាញ់ទាំងអស់ ថ្ងៃនេះខ្ញុំចង់ចែករំលែកនូវរឿងរ៉ាវមួយចំនួនជាមួយអ្នក។ ពេលវេលា​ ៥ឆ្នាំកន្លះដែលមិនអាចបំភ្លេចបាន មានការចងចាំជាច្រើនដែលខ្ញុំនឹងចងចាំក្នុងបេះដូងខ្ញុំរហូត។ នេះគឺប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា អរគុណហើយនឹងជួបគ្នាឆាប់ៗ។»។ Laporte បានបង្ហោះនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter បែបនេះ។
  


​Laporte នឹងចាកចេញពីទឹកដី Etihad បន្ទាប់ពីបង្ហាញខ្លួនបានចំនួន ១៨០ប្រកួតសម្រាប់ក្រុម Man City ជាមួយនឹងរដូវកាលថ្មីកីឡាកររូបនេះស្ថិតក្នុងកៅអីបម្រុងពេលក្រុមប៉ះ Burnley នៅថ្ងៃប្រកួតបើកឆាកក្របខណ្ឌ Premier League។ 
 
រយៈពេលជាង ៥ឆ្នាំជាមួយនឹងក្រុម Man City ខ្សែការពាររូបនេះបានជួយក្រុមឈ្នះពានរង្វាន់នានាចំនួន ១៣លើក ដោយក្នុងនោះរួមមាន Premier league ៥លើក និង Champions League ១លើក។
 
បន្ទាប់ពីបរាជ័យក្នុងការប្រជែងតំណែង ១១នាក់ក្នុងក្រុម ព្រមទាំងត្រូវបានដាក់ឱ្យអង្គុយកៅអីបម្រុងនាការប្រកួត ប្រជែងពានរង្វាន់ Community Shield ដោយរងបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក៏ដូចជាការប្រកួតពានរង្វាន់ UEFA Super Cup ក្នុងការប្រកួតទីពីរនៃលីគកំពូលអង់គ្លេសទល់ Newcastle United រូបគេក៏មានវត្តមានជួយក្រុមដែរ។ ការមកដល់របស់កីឡាករសញ្ជាតិក្រូអាស៊ី Josko Gvardiol ពីក្រុម RB Leipzig បណ្តាលឱ្យ Laporte ធ្លាក់ប្រជាប្រិយភាពនៅក្នុងក្រុម Man City។
 
ក្លិប Al Nassr ដែលខ្សែការពារសញ្ជាតិអេស្ប៉ាញត្រូវចូលរួមនោះមានកីឡាករល្បីៗឈ្មោះពីតំបន់អឺរ៉ុបទៅចូលរួមលេងដោយមានកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Alex Telles និង Talisca ជាដើម៕
 

Tag:
 Aymeric Laporte
  Manchester City
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com