អន្តរជាតិ
អាម៉េរិក អឺរ៉ុប ចិន និងឥណ្ឌា និងប្រទេសផ្សេងទៀតអបអរនាយករដ្ឋមន្រ្តីថៃ សេដ្ឋា
24, Aug 2023 , 7:39 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ី នាយករដ្ឋមន្រ្តីថៃថ្មី (កណ្តាល) ក្នុងពិធីតែងតាំងជានាយករដ្ឋមន្រ្តីថៃ។ រូបភាពTwitter_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ី នាយករដ្ឋមន្រ្តីថៃថ្មី (កណ្តាល) ក្នុងពិធីតែងតាំងជានាយករដ្ឋមន្រ្តីថៃ។ រូបភាពTwitter_Srettha Thavisin
ក្រោយលោក សេដ្ឋា ថាវីស៊ីន ជាប់ជានាយករដ្ឋមន្រ្តីថៃ មេដឹកនាំអាម៉េរិក សហភាពអឺរ៉ុប ចិន ឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀត បានផ្ញើសារអបអរសាទរជាបន្តបន្ទាប់ ហើយថែមទាំងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលថៃថ្មីថែមទៀត។

 
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយស្ថានទូតអាម៉េរិកនៅថ្ងៃទី២៤ ខែសីហា លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រំពឹងធ្វើការជាមួយនាយករដ្ឋមន្រ្តីថៃ ដើម្បីបន្តកសាងកិច្ចព្រមព្រៀងភាពជាដៃគូ និងសម្ភ័ន្ធមិត្តជាយុទ្ធសាស្រ្ត រួមទាំងពង្រឹងសម្ព័ន្ធភាពប្រទេសទាំងពីរ។ 
 
«យើងនឹងសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃថ្មី ក្នុងការបន្តអភិវឌ្ឍតម្លៃរួម និងគោលការណ៍តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី, បើកចំហ, ការតភ្ជាប់, សន្តិភាព និងការងើបឡើងវិញ។ 
 
ស្របគ្នានេះ សហភាពអឺរ៉ុប ក៏បានអបអរលោក សេដ្ឋា ដែលត្រូវបានសភាបោះឆ្នោតធ្វើជានាយករដ្ឋមន្រ្តីថៃផង នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប នៅថ្ងៃទី២៣ ខែសីហា។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហភាពអឺរ៉ុប បានសន្យាធ្វើឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃថ្មី ដើម្បីពង្រឹងទំនាក់ទំនងទាំងពីរ ក្នុងការគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ស្ថិរភាពក្នុងតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស វិបុលភាព និងពាណិជ្ជកម្មប្រកបដោយភាពត្រឹមត្រូវ និងសេរី។ 
 
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានសរសេរលើបណ្តាញសង្គម Twitter នៅថ្ងៃទី២៣ ខែសីហា ដើម្បីអបអរលោកសេដ្ឋា ក្លាយជានាយករដ្ឋមន្រ្តីថ្មីផង។ លោកម៉ូឌីបានអះអាងថា រដ្ឋាភិបាលក្រុងញូវដែលី នឹងធ្វើការឱ្យកាន់តែជិតសិទ្ធជាមួយលោកសេដ្ឋា​ ដើម្បីនាំឱ្យទំនាក់ទំនងទ្វេភាគី ឈានទៅកម្រិតខ្ពស់បន្ថែមទៀត។ 
 
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីថៃថ្មី បានអះអាងថា លោកនឹងធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌា រួមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី។ 
 
តាមរយៈបណ្តាសង្គម Twitter លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយថៃលើវិស័យជាច្រើន។ 
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលចាត់ទុកចិន និងថៃជាគ្រួសារតែមួយ បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយរដ្ឋាភិបាលក្រុងបាងកក ដើម្បីធានាពីទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរ៕ 
 
ក្រៅពីនេះ អគ្គរដ្ឋទូតអ៊ីស្រាអែល និងអង់គ្លេសប្រចាំនៅថៃ ក៏បានអបអរលោកសេដ្ឋា ក្នុងការធ្វើជាប្រមុខរដ្ឋាភិបាលថៃថ្មីដែរ៕ 
 
 

Tag:
 អាម៉េរិក
  ថៃ
  អឺរ៉ុប
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com