អន្តរជាតិ
ជប៉ុន ចាប់ផ្ដើមបញ្ចេញទឹកពីរោងចក្រថាមពល Fukushima ចំពោះមុខការមិនពេញចិត្ត
24, Aug 2023 , 5:58 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
ទីបំផុត​ ជប៉ុនចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចំពោះការមិនពេញចិត្តរបស់ចិន និងសាធារណមតិខ្លះនៅកូរ៉េខាងត្បូង។​ នៅសេអ៊ូល ប៉ូលិសក៏បានចាប់ខ្លួនមនុស្សមួយចំនួនដែលរត់ចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុន ខណៈចិនឯណោះក៏ប្រកាសហាមចូលគ្រឿងសមុទ្រពីជប៉ុនតែម្ដង។

 
បន្ទាប់ពីរង់ចាំជាយូរ ជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទាំងដែលរិះគន់មិនឈប់ឈរពីប្រទេសនានាក្នុងតំបន់។ តាមការបព្ជាក់ពីក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (Tokyo Electric Power Company) ដែលជាប្រតិបត្តិកររោងចក្រ ដំណើរការនៃការបញ្ចេញទឹក ដែលបច្ចុប្បន្នមានចំនួនច្រើនជាង១.៣លានតោននេះ រំពឹងចំណាយពេលប្រហែល៣០ឆ្នាំដើម្បីបញ្ចប់។
 
នៅដំណាក់កាលដំបូង ជប៉ុននឹងបញ្ចេញទឹកពីថ្ងៃទី២៤ ខែសីហា រហូតដល់ខែមីនា ឆ្នាំ២០២៤។ សម្រាប់ការបញ្ចេញពេលនេះ នឹងចំណាយពេល១៧ថ្ងៃ។​ ទោះមានការវាយតម្លៃពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិក្ដី ផែនការនេះ រងការជំទាស់ពីចិន និងប្រជាជនកូរ៉េខាងត្បូង ស្របពេលរដ្ឋាភិបាលក្រុងសេអ៊ូលក៏ទទួលការពន្យល់របស់ទីក្រុងតូក្យូក្ដី។ 
 
នៅសេអ៊ូល បាតុករប្រមាណ១៦នាក់ ត្រូវបានចាប់ខ្លួនពេលសម្រុកចូលអាគារដែលជាទីតាំងស្ថានទូតជប៉ុនអំឡុងការតវ៉ា។ បដាមួយបានសរសេរថា សមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុនទេ។ ជាមួយគ្នានេះ  សាធារណជនកូរ៉េខាងត្បូង ក៏បានរិះគន់រដ្ឋាភិបាលដែលយល់ស្របតាមផែនការរបស់ជប៉ុន ទោះមានការព្រួយ​បារម្ភ​អំពី​ការ​បំពុលទៅលើ​អាហារ​សមុទ្រ និង​សមុទ្រ។ 
 
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Han Duck-soo ក៏ទាមទារឱ្យជប៉ុនបង្ហាញតម្លាភាពក្នុងការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មនេះ។ លោក Han ក៏ឆ្លៀតច្រានចោលក្ដីបារម្ភហួសហេតុផងដែរ ដោយលោកអះអាងថា បើផែនការនេះអនុវត្តឱ្យបានត្រឹមត្រូវ វាមិនបង្កផលប៉ះពាល់ធំដុំឡើយ។ ទោះជាយ៉ាងណា កូរ៉េខាងត្បូងបន្តហាមការនាំចូលគ្រឿងសមុទ្រដដែល។
 
ខុសពីកូរ៉េខាងត្បូង ចិនបញ្ចេញប្រតិកម្មខ្លាំងៗ។ នៅថ្ងៃទី២២ ខែសីហា ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីតវ៉ា ហើយអ្នកនាំពាក្យរដ្ឋាភិបាលបានហៅផែនការមួយនេះថាជារឿងអាត្មានិយមបំផុត និងគ្មានការទទួលខុសត្រូវ។ ហុងកុង និងម៉ាកាវវិញក៏កំពុងហាមឃាត់អាហារសមុទ្រពី Fukushima និងខេត្តចំនួនប្រាំបួនផ្សេងទៀតរបស់ជប៉ុន។
 
នៅថ្ងៃទី២៤ ខែសីហា គយចិនក៏ប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនតែម្ដង៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com