ជាតិ
បក្សនយោបាយ ពិចារណាចូលរួមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិថ្មី
24, Aug 2023 , 9:39 pm        
រូបភាព
ភ្នំពេញ៖ បណ្ដាបក្សនយោបាយមួយចំនួន កំពុងរង់ចាំសេចក្ដីសម្រេចជាផ្លូវការ ឬលក្ខខណ្ឌរបស់រដ្ឋាភិបាល ដើម្បីត្រៀមពិភាក្សាផ្ទៃក្នុងតាមបក្សនីមួយៗ មុននឹងសម្រេចថា ចូលឬមិនចូល ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី។



ក្នុងកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ បានឱ្យលោក កើត រិទ្ធ និង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីទាំងពីរ ស្នើព្រះរាជក្រឹត្យរៀបចំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិថ្មី ដោយនឹងពង្រីកសមាសភាពចូលរួមច្រើនជាងមុន។ 
 
ជុំវិញការចូលរួមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គណបក្សប្រធានប្រធិបតេយ្យមូលដ្ឋាន នៅក្នុងអាណតិ្តនេះ ពុំទាន់មានការសម្រេចចិត្តនៅឡើយទេ គឺរង់ចាំពិនិត្យលក្ខខណ្ឌរបស់រដ្ឋាភិបាល និងព្រះរាជក្រឹត្យចេញជាផ្លូវការសិន ទើបពួកគេកោះប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សានិងសម្រេច។ នេះបើតាមលោក សេក សុខា អ្នកនាំពាក្យបក្សប្រធិបតេយ្យមូលដ្ឋាន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ សីហា។ 
 
បក្សនេះ កាលពីអាណត្តិមុន បានបដិសេធមិនចូលរួមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយសារយល់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមានភាពឯករាជ្យ ព្រោះនៅក្រោមការគ្រប់គ្រងខាងទីស្ដីការគណៈរដ្ឋមន្ត្រី។ 
 
ចំណែក លោក ពេជ្រ ស្រស់ ប្រធានបក្សគណបក្សយុវជនកម្ពុជាដែលធ្លាប់ចូលរួម ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិចាស់ ក៏មិនទាន់សម្រេចចិត្តថាចូលរួមអាណត្តិថ្មីៗបន្តទៀត ឬយ៉ាងណានោះទេ ។ លោកអះអាងថា រង់ចាំប្រជុំអចិន្ត្រៃយ៍បក្ស ថ្ងៃទី២៧សីហាសិន ដើម្បីសម្រេចឯកភាពគ្នាសិន។ យ៉ាងណា លោក ពេជ្រ ស្រស់ មានទស្សនៈ ចង់ឃើញឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងរដ្ឋាភិបាល មានកិច្ចសហប្រតិបត្តិការចាប់ពីដើមទីរហូតដល់ចុងអាណត្តិ ក្នុងស្មារតីចូលរួមជួយប្រជាពលរដ្ឋ។
 
ប្រធានបក្សយុវជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ ដោយសង្កត់ធ្ងន់បែបនេះ៖ «អ្វីដែលសំខាន់ គឺចង់ឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មួយនេះ ចូលរួមយ៉ាងសំខាន់ក្នុងការចូលរួមកែលម្អ ភាពអវិជ្ជមាន ជាប្រចាំចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ ហើយយើងមិនចង់ឱ្យរដ្ឋាភិបាលទាញហេតុផលនយោបាយចូល ក្នុងការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ ហើយអ្វីដែលច​ង់បានគឺគិតផលប្រយោជន៍ជាតិជាធំ និងធ្វើការជាមួយគ្នាដោយរលូន»។ 
 
ដោយឡែក បក្ស ហ៊្វុនស៊ិនប៉ិច និង បក្សខ្មែររួមរួមជាតិ មានគម្រោងចូលរួម ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ប៉ុន្តែ យ៉ាងណាពួកគេ នៅតែមានការប្រជុំផ្ទៃក្នុងបក្សជាមុនសិន ដើម្បីពិភាក្សាគ្នា និងចាត់អ្នកតំណាងទៅចូលរួម។ នេះបើតាម លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្ស ហ៊្វុនស៊ិនប៉ិច
និង លោក ទិប ទាវ អ្នកនាំពាក្យខ្មែររួបរួមជាតិ ប្រាប់សារព័ត៌មានថ្មីៗ។
 
គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងនាអាណត្តិទី៦ កាលពីខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់សម្តេច ហ៊ុន សែន ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍសង្គម។ សម្រាប់ប្រតិភូចូលក្នុងស្ថាប័ននេះ អាចមាន៣រូប ពីខាងគណបក្សនីមួយៗ ដោយអាចទទួលបានឋានៈស្មើទេសរដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងរដ្ឋលេខាធិការ៕
 

Tag:
 ឧត្តមក្រុមប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com