កីឡាជាតិ
ជាតិ
យុវជនថ្នាលកីឡាហែលទឹកកម្ពុជា ប្តេជ្ញាប្រឹងហាត់នៅចិន ដើម្បីដណ្តើមមេដាយស៊ីហ្គេមនៅថៃ
25, Aug 2023 , 9:39 am        
រូបភាព
គ្រូបង្វឹក និងអត្តពលិកកីឡាហែលទឹកកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិន
គ្រូបង្វឹក និងអត្តពលិកកីឡាហែលទឹកកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិន
ដោយ:
យុវជនថ្នាលនៃសហព័ន្ធខ្មែរកីឡាហែលទឹក២រូប ប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាពឱ្យបានខ្លាំងទ្វេរដងនៅប្រទេសចិន ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។



ហែមថុន ពុទ្ធិវង្ស មានវ័យទើបតែ ១៣ឆ្នាំក៏ពិតមែនតែកុមារាមាឌតូចស្តើង បង្ហាញអារម្មណ៍រំភើបជាខ្លាំងដែលមានឈ្មោះចេញទៅហ្វឹកហាត់នៅប្រទេសចិន ក្រោមជំនួយអាហារូបករណ៍រយៈពេល ៩០ថ្ងៃ។ ជាមួយការសប្បាយចិត្តនេះដែរ ពុទ្ធាវង្ស ក៏មានអារម្មណ៍ថាភ័យតិចៗព្រោះខ្លួនខ្លាចភាពត្រជាក់។
 
កុមារា ហែម ថុនពុទ្ធាវង្ស និយាយទាំងអារម្មណ៍ភ័យអរថា៖«ខ្ញុំសប្បាយចិត្តតែក៏មានអារម្មណ៍ថាភ័យតិចៗដែរ តែសប្បាយច្រើនជាងភ័យ ព្រោះខ្ញុំចាញ់ធាតុត្រជាក់»។ យុវជនថ្នាលកីឡាហែលទឹកកម្ពុជារូបនេះ ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសផ្ទាល់ដូច្នេះ ហើយរូបគេប្តេជ្ញាថានឹងខិតខំស្តាប់គ្រូ និងព្យាយាមហ្វឹកហាត់ឱ្យបានខ្លាំងដើម្បីប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃ ឆ្នាំ២០២៥ខាងមុខ។
 
កុមារា ហែម ថុនពុទ្ធាវង្ស(ឆ្វេង) និងលឹម សុខរក្សា (ស្តាំ)

ចំណែកយុវជនថ្នាលវ័យ១៤ឆ្នាំ កុមារា លឹម សុខរក្សា ក៏មិនមានអ្វីខុសឆ្ងាយពី ពុទ្ធាវង្ស ឡើយដោយរូបគេប្តេជ្ញាថាការទៅហ្វឹកហាត់នៅប្រទេសចិន ដោយប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបង្វឹកចិនផ្តល់ឱ្យដើម្បីបង្កើនសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥។
 
«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយដាក់គោលដៅខំប្រឹងហ្វឹកហាត់ដើម្បីស៊ីហ្គេម២០២៥»។ យុវជនថ្នាលហែលទឹកមាឌមាំសម្បុរសរូបនេះ បញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនដូច្នេះមុនបន្ថែមថាការហ្វឹកហាត់នៅប្រទេសចិន នឹងជួយកែប្រែចំណុចខ្វះខាតរបស់ខ្លួន ហើយនឹងអាចបន្ថែមចំណុចខ្លាំងមកលើរូបគេវិញ។
 
ជាសារចុងក្រោយកុមារាវ័យក្មេងទាំងពីរក៏បាននិយាយពាក្យអរគុណទៅកាន់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាតិ ក៏ដូចជាសហព័ន្ធខ្មែរកីឡាហែលទឹកដែលបានបញ្ជូនខ្លួនទៅហ្វឹកហាត់នៅប្រទេសចិន។
 
គួបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនកីឡាករ៤រូប កីឡាការិនី១រូប និងគ្រូបង្វឹក២រូប ទៅហ្វឹកហាត់បំពាក់បំប៉នសមត្ថភាពនៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ សីហា រហូតដល់ដំណាច់ឆ្នាំ២០២៣។ បន្ថែមពីលើនោះសហព័ន្ធនឹងបញ្ជូនកីឡាករ១រូប និងកីឡាការិនី១រូបទៀតទៅហ្វឹកហាត់ ក្រោយចប់បេសកម្មនៅប្រទេសឥណ្ឌូណេស៊ី។ ការចេញដំណើរមានអត្តពលិក១៣៦នាក់ លើ១០ប្រភេទកីឡា ដើម្បីពង្រឹងសមត្ថភាពត្រៀមកីឡាអាស៊ីនៅចិន និងស៊ីហ្គេមជាដើម។ 
 

Tag:
 កីឡាហែលទឹក
 ស៊ីហ្គេម២០២៥
© រក្សាសិទ្ធិដោយ thmeythmey.com