កីឡាជាតិ
ជាតិ
ឥណ្ឌូណេស៊ី ទម្លាក់ថៃ ទៅជួបម្ចាស់ការពារជើងឯកវៀតណាម វគ្គផ្តាច់ព្រ័ត្រ AFF U23
25, Aug 2023 , 10:09 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម២៣ឆ្នាំ បានទម្លាក់ម្ចាស់ផ្ទះថៃក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U23 Championship 2023។ នេះជាក្តីអាម៉ាសលើកទី២ជាប់គ្នារបស់ថៃ ស្របពេលឥណ្ឌូណេស៊ី ត្រូវជួបម្ចាស់ការពារជើងឯកវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ AFF U23 ដែលនឹងធ្វើនៅថ្ងៃទី២៦ ខែសីហា។


ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ឥណ្ឌូណេស៊ី បានយកឈ្នះគូប្រជែងចាស់ដែលជាម្ចាស់មេដាយប្រាក់ថៃក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Rayong នៅយប់ថ្ងៃទី២៤ ខែសីហា បន្ទាប់ពីវៀតណាមឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ៤-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
នៅវគ្គទី១ U23 ឥណ្ឌូណេស៊ីពិតជាបង្ហាញទម្រង់លេងយ៉ាងល្អដោយរកបានគ្រាប់បាល់ជាបន្តបន្ទាប់រហូត៣គ្រាប់ដែលសម្រេចដោយ Jeam Kelly Sroyer នៅ១០នាទីដំបូង Muhammad Ferarri នៅនាទី២៣ និងបាល់ចូលទីខ្លួនឯងរបស់កីឡាករថៃ Natcha Promsomboon នៅនាទី៤៥។ ១គ្រាប់របស់ថៃ ធ្វើបានដោយ Chudit Wanpraphao នៅនាទី២៧។
 
ចូលដល់វគ្គទី២ ទោះបីម្ចាស់ផ្ទះថៃរៀបចំប្រព័ន្ធលេងបានប្រសើរឡើងវិញក្តី ប៉ុន្តែនៅតែមិនអាចរកបានគ្រាប់បាល់កើតឡើងឡើយ ដោយចប់ការប្រកួត ឥណ្ឌូណេស៊ី ឈ្នះថៃ ៣-១។
 
នេះជាការខកចិត្តលើកទី២ជាប់គ្នារបស់ក្រុមថៃ ក្រោមថ្វីជើងឥណ្ឌូណេស៊ី ក្រោយពួកគេរងភាពអាម៉ាស់នៅស៊ីហ្គេមលើកទី៣២។ U22 ឥណ្ឌូណេស៊ី បានធ្វើឲ្យ U22 ថៃ ចាញ់ទាំងមិនអស់ចិត្តក្នុងជំនួបផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម នៅទឹកដីកម្ពុជា។ ការប្រកួតដ៏តានតឹងដែលឈានដល់ម៉ោងបន្ថែម១៥នាទី ២ដង និងមានហិង្សាកើតឡើង បញ្ជប់បញ្ចប់ក្នុងលទ្ធផល ឥណ្ឌូណេស៊ី ឈ្នះ ថៃ ៥-២ ដើម្បីគ្រងមេដាយមាស។
 
ដោយឡែក ម្ចាស់ការពារតំណែងជើងឯកវៀតណាម បានបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈការគ្រប់គ្រងលើការប្រកួតបានល្អ ដើម្បីយកឈ្នះម៉ាឡេស៊ីដល់ទៅ ៤-១។ ៤គ្រាប់របស់វៀតណាធ្វើបានដោយ Xuan Tien ២គ្រាប់ Nguyen Quoc Viet ១គ្រាប់ និង Hong Phuc Nguyen ១គ្រាប់។ ១គ្រាប់របស់ម៉ាឡេស៊ី សម្រេចដោយកីឡាករ Muhammad Alif។
 
តាមរយៈលទ្ធផលនេះ U23 ឥណ្ឌូណេស៊ី និងវៀតណាម ត្រូវឡើងទៅដណ្តើមពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U23 ឆ្នាំ២០២៣ នៅថ្ងៃទី២៦ ខែសីហា វេលាម៉ោង ៨យប់ ក្នុងកីឡដ្ឋាន Rayong ប្រទេសថៃ។

ព្រឹត្តិការណ៍៣លើកន្លងមក ថៃឈ្នះជើងឯកឆ្នាំ២០០៥, វៀតណាមឈ្នះជើងឆ្នាំ២០២២ និងឥណ្ឌូណេស៊ី ឈ្នះជើងឯកឆ្នាំ២០១៩ ខណៈកម្ពុជា ធ្លាប់បានលេខ៤នៅលើទឹកដីខ្លួនឯងនាឆ្នាំ២០១៩ផងដែរ៕
 
 

Tag:
 AFF U23
© រក្សាសិទ្ធិដោយ thmeythmey.com