អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ត្រូវចាប់ខ្លួន មុនដោះលែងវិញក្រោយ២០នាទី
25, Aug 2023 , 10:29 am        
រូបភាព
នៅថ្ងៃទី ២៤ ខែសីហា អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទរៀបចំផែនការផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅក្នុងរដ្ឋចចា។ ប្រហែល២០នាទីក្រោយ និងបន្ទាប់ពីថតរូបដូចអ្នកទោសឯទៀត លោកត្រូវបានអនុញ្ញាតឱ្យចាកចេញបន្ទាប់ពីបានបង់ប្រាក់២០ម៉ឺនដុល្លារ។

 
លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយជនជាប់ចោទ ១៨នាក់ផ្សេងទៀតក្នុងគម្រោងកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅរដ្ឋភាគខាងត្បូងបានចំណាយពេលប្រមាណ២០នាទីនៅក្នុងគុក Fulton County របស់ទីក្រុងអាត្លង់តា។ 
 
នៅក្នុងសំណុំរឿងដែលបានទុកចោលរហូតមកដល់ពេលនេះ លោក ត្រាំ ដែលមានអាយុ ៧៧ឆ្នាំ ត្រូវបានគេថតរូបសម្រាប់ធ្វើកំណត់ត្រាអ្នកទោសដែលមានអត្តលេខ P01135809 ។ នេះជាលើកដំបូងដែលអតីតប្រធានាធិបតីអាម៉េរិក ត្រូវបា​នថតរូបបែបនេះ ខណៈលោក ត្រាំ មិនដែលត្រូវបានគេថតរូបកំណត់ត្រាពន្ធនាគារចំពោះការចូលខ្លួនមុនៗ។
 
ថ្លែងបន្ទាប់ពីចាកចេញពីពន្ធនាគារអាត្លង់តាលោក ត្រាំ បាននិយាយថា ៖ « ខ្ញុំមិនបានធ្វើអ្វីខុសទេ ហើយប្រជាជនក៏ដឹងច្បាស់ដែរ អ្វីដែលពួកគេកំពុងធ្វើគឺការជ្រៀតជ្រែកក្នុងការបោះឆ្នោត»។
 
លោក ត្រាំ តែងតែចោទប្រកាន់ប្រធានាធិបតី ចូ បៃឌិន និងគណបក្សប្រជាធិបតេយ្យថាបានរារាំងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក។
 
នេះជាលើកទីបួនហើយដែលលោក ត្រាំ បានបង្ហាញខ្លួននៅចំពោះមុខតុលាការនាឆ្នាំនេះ។ នៅទីក្រុងញូវយ៉ក លោកត្រូវបានចោទប្រកាន់ថាបានបង់ប្រាក់ឱ្យតារាអាសអាភាស ខណៈរដ្ឋផ្លរីដា ត្រូវចោទពីបទប្រើប្រាស់ឯកសារសម្ងាត់របស់រដ្ឋាភិបាលមិនត្រឹមត្រូវ ហើយនៅវ៉ាស៊ីនតោនវិញ ក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងការឃុបឃិតបង្កើនសំឡេងឆ្នោតនៅឆ្នាំ ២០២០ ដើម្បីយកឈ្នះប្រធានាធិបតី ចូ បៃឌិន៕
 

Tag:
 ដូណាល់ ត្រាំ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com