អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា ជជែកបញ្ហាព្រំដែនជាមួយប្រធានាធិបតីចិន
25, Aug 2023 , 11:33 am        
រូបភាព
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ឆេ្វង) និងលោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា (ស្តាំ)។ រូបភាព AP
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ឆេ្វង) និងលោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា (ស្តាំ)។ រូបភាព AP
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា នៅថ្ងៃទី២៤ ខែសីហា បានជជែកជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិនដោយផ្ទាល់ ហើយបានលើកយកបញ្ហាព្រំដែនប្រទេសទាំងពីរទៅជជែកជាមួយមេដឹកនាំចិនជាលើកដំបូងថែមទៀត។

 
នៅក្រៅកិច្ចប្រជុំកំពូល BRICS ដែលរៀបចំឡើងនៅអាហ្វ្រិកខាងត្បូង លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានជជែកជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន ដោយបញ្ហាព្រំដែនក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចសន្ទនានៅថ្ងៃទី២៤ ខែសីហា។ 
 
តាមការបញ្ជាក់របស់លេខាធិការបរទេសឥណ្ឌា លោក Vinay Mohan Kwatra ក្នុងការសន្ទនាខ្លីនៅក្រៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីឥណ្ឌា បានលើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយចិន ប្រាប់លោកស៊ី។ 
 
ឥណ្ឌា និងចិន មានព្រំដែនជាមួយគ្នាប្រមាណ៣៤៨៨គីឡូម៉ែត្រ ប៉ុន្តែមិនទាន់មានការកំណត់ជាក់លាក់ឡើង។ 
 
នេះជាជំនួបលើកទី២រវាងលោក ម៉ូឌី និងលោក ស៊ី បើគិតចាប់តាំងពីឆ្នាំ២០២០មក។ ជំនួបលើកទីមួយ មេដឹកនាំប្រទេសទាំងពីរ បានជួបគ្នានៅក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង២០ នៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២។ កាលនោះ លោកម៉ូឌី បានជំរុញឱ្យមានស្ថិរភាពនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ក្រោយទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ ដោយសារការប៉ះទង្គិចយោធានៅតំបន់ព្រំដែន ក្នុងឆ្នាំ២០២០។ 
 
នៅក្នុងឆ្នាំ ២០២០ ទាហានប្រទេសទាំងពីរ បានប៉ះទង្គិចគ្នារហូតដល់មានករណីស្លាប់លើភាគីទាំងសងខាងថែមទៀត។ ស្របគ្នានេះ ទាហានចិន និងឥណ្ឌា តែងប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយតូចៗជាច្រើនលើកផង បើគិតពីឆ្នាំ២០២០ ដល់ពេលបច្ចុប្បន្ន។ 
 
ចំណែកក្រសួងការបរទេសចិនឯណោះវិញ បានបញ្ជាក់ថា លោក ស៊ី និងលោក ម៉ូឌី មានកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ និងស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី២៤ ខែសីហា លោកស៊ី បានលើកឡើងពីការកែលម្អទំនាក់ទំនងក្រុងប៉េកាំង និងក្រុងញូវដែលី ដើម្បីបម្រើផលយោជន៍រួម ក៏ដូចជាប្រព្រឹត្តទៅឱ្យស្របនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក។ 
 
ទន្ទឹមនេះ ក្រសួងការបរទេសចិន ក៏បានជំរុញឱ្យប្រទេសជិតខាងទាំងពីរ គ្រប់គ្រងបញ្ហាព្រំដែនឱ្យបានត្រឹមត្រូវផងដែរ ដើម្បីចូលរួមថែរក្សាសន្តិភាព និងភាពស្ងៀមស្ងាត់នៅតាមតំបន់ព្រំដែន។ 
 
សូមបញ្ជាក់ថា​ ក្រុមប្រទេស BRICS ជាក្រុមប្រទេសសេដ្ឋកិច្ច ដែលមានសមាជិកចំនួន ៥ដូចជា ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង។ ចាប់ពីដើមឆ្នាំ២០២៤ទៅ ប្រទេសចំនួន ៦ ដូចជាអ៊ីរ៉ង់​, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អាហ្សង់ទីន, អេមីរ៉ាតអារ៉ាប់រួម, និងអេត្យូពី នឹងក្លាយជាសមាជិករបស់ក្រុមប្រទេស BRICS៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com