ជាតិ
ក្រសួងបង្ហាញឈ្មោះភ្នាក់ងាររើសពលករស្របច្បាប់ទៅជប៉ុន ដើម្បីកុំឱ្យពលរដ្ឋចាញ់បោក
25, Aug 2023 , 11:59 am        
រូបភាព
ពលករជំនាញខ្មែរ នៅតំបន់ Nogata ក្នុងខេត្ត Fukuoka នៃប្រទេសជប៉ុន ជួបសំណេះសំណាលជាមួយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី កាលពីថ្ងៃទី១៣សីហា។ រូបពី ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
ពលករជំនាញខ្មែរ នៅតំបន់ Nogata ក្នុងខេត្ត Fukuoka នៃប្រទេសជប៉ុន ជួបសំណេះសំណាលជាមួយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី កាលពីថ្ងៃទី១៣សីហា។ រូបពី ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញឈ្មោះទីភ្នាក់ងារ ជ្រើសរើសពលករឯកជនចំនួន១០៣ក្រុមហ៊ុន ដែលមានច្បាប់ត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋបានដឹង ហើយលែងចាញ់បោកក្រុមខិលខូច។

 
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បង្ហាញទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានចំនួន១០៣ក្រុមហ៊ុន  ។ ចំណែក ទីភ្នាក់ងារជ្រើសរើសឯកជន ដែលពុំមានឈ្នោះក្នុងបញ្ជីដែលក្រសួងបង្ហាញ ជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់។ 
 
ដូច្នេះ ក្នុងករណីមហាជនមានការសង្ស័យជុំវិញការរើសពលករទៅជប៉ុន ឬប្រទេសផ្សេងទៀត ក្រសួងបានអំពាវនាវ ឱ្យទាក់ទងជាបន្ទាន់ទៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥រាជធានី-ខេត្ត ឬទៅទូរស័ព្ទលេខ 089 957 789នេះ ដើម្បីសាកសួរព័ត៌មានបន្ថែម។
 
នាពេលថ្មីៗនេះ មានបណ្ដាញសារព័ត៌មានមួយចំនួនបានចេញផ្សាយថា ពលករខ្មែរនៅជប៉ុនបានទៅធ្វើការខុសច្បាប់ ហើយឈានដល់ការប្រព្រឹត្តអំពើចោរកម្ម ដូចជាកាត់ខ្សែភ្លើង ឬលួចទ្រព្យសម្បត្តិផ្សេងៗទៀតជាដើម។ 
 
ជុំវិញករណីនេះ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី១៩សីហា បានចេញសេចក្ដីបំភ្លឺថា ជាការលួចខ្សែភ្លើង ក្រោមការរៀបចំជាប្រព័ន្ធ។ស្ថានទូតខ្មែរ បានបញ្ជាក់ទៀតថា ក្រុមអ្នកលួចទាំងនោះ មិនមែនជួបវិបត្តិអត់ការងារធ្វើតែមួយមុខនោះទេ ហើយថែមទាំងមិនមែនជាអតីតកម្មសិក្សាការីខ្មែរដែរ។ 
 
បច្ចុប្បន្នកម្មសិក្សាការី និងពលករជំនាញខ្មែរ កំពុងធ្វើការនៅជប៉ុនស្របច្បាប់មានជាង២ម៉ឺននាក់។ ពួកគេទាំងនោះ មិនបានជួបវិបត្តិអត់ការងារធ្វើឡើយ លើកលែងតែបុគ្គលដែលទៅធ្វើការខុសច្បាប់ តាមទិដ្ឋាការទេសចរណ៍។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបានបន្ថែមថា កម្មសិក្សាការីខ្មែរមួយចំនួនតូច បានរត់ចេញពីកន្លែងការងារស្របច្បាប់ ទៅធ្វើការខុសច្បាស់ តាមការអូសទាញនិងបោកប្រាស់របស់មេខ្យល់៕ 
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com