កីឡាជាតិ
ជាតិ
ពីចេះមើល World Cup នាំកញ្ញា មនីនាថ ក្លាយជាពិធីការិនីប្រចាំក្លិបអង្គរថាយហ្គឺរ
26, Aug 2023 , 8:00 am        
រូបភាព
Yi Xing ពេលនិយាយបាល់ទាត់។ រូបពី Yi Xing
Yi Xing ពេលនិយាយបាល់ទាត់។ រូបពី Yi Xing
ដោយ:
សៀមរាប៖ មុនក្លាយជាពិធីការិនីប្រចាំក្លិបបាល់ទាត់អង្គរថាយហ្គឺរ កញ្ញា ពិន មនីនាថ សារភាពថាដំបូងឡើយគ្រាន់តែអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរធម្មតាមួយរូបប៉ុណ្ណោះ ក្រោយបានមើលការប្រកួត FIFA World Cup។ ដោយចង់ធ្វើឱ្យទិដ្ឋភាពការប្រកួត បាល់ទាត់កាន់តែរស់រវើក អ្នកខេត្តសៀមរាបរូបនេះ ក៏ចាប់អារម្មណ៍ រហូតឈាន ដល់សាកល្បងនិយាយក្នុងកម្មវិធីប្រកួតតែម្តងទៅ។

 

«ពីដំបូង នាងខ្ញុំគ្រាន់តែជាអ្នកគាំទ្រ ក្នុងឆ្នាំ២០១៩ ហើយក្រោយមកបានចូលជាសមាជិក Tiger Army មុនវិវឌ្ឍន៍ធ្វើជាអ្នកស្ម័គ្រចិត្តឆែកសំបុត្រ។ ក្នុងឆ្នាំ២០២១ អំឡុងពេលកូវីដ-១៩ ខ្ញុំបានសុំរៀមច្បងក្នុងក្លិបអង្គរថាយហ្គឺររៀននិយាយ រហូតបានជាប់ជាអ្នកអត្ថាធិប្បាយ»។ កញ្ញា ពិន មនីនាថ ឬហ្ស៊ីង បានបញ្ជាក់ដូច្នេះ ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មាន ឌីជីថលថ្មីៗ នាខេត្តសៀមរាប។
 
ចាប់ផ្តើមពីឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្នកញ្ញា ហ្ស៊ីង ថាការងារមួយនេះ ​បាន​ជួយ​សម្រួលដល់ជីវភាពរបស់នាងបានច្រើនគួរសម ហើយមានមនុស្សជាច្រើនបានស្គាល់នាង​តាមរយៈការអត្ថាធិប្បាយកីឡាបាល់ទាត់នេះផងដែរ។ អ៊ីហ្ស៊ីង ថា​សម្រាប់ទៅថ្ងៃអនាគត​គឺ​មិនទាន់អាចនិយាយបាននោះទេ ថានឹងត្រូវឈប់ពីការងារមួយនេះ ឬបន្ត តែសម្រាប់ចិត្ត​របស់នាងគឺស្រលាញ់ការងារជាពិធីការិនីបាល់ទាត់ និងមិនចង់បោះបង់ឡើយ។


កញ្ញា មនីនាថ ពេលជាពិធីការិនីបាល់ទាត់។ រូបពី Yi Xing
 
គ្រួសារជាត្តាធ្វើឱ្យកញ្ញា ហ្ស៊ីង ចេះមើលបាល់ទាត់
 
មិនមានចំណង់ចំណូលចិត្តលើវិស័យកីឡាបាល់ទាត់ច្រើននោះទេ តែថានៅឆ្នាំ២០១៦ មាន​ការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ទើបបណ្តាលឱ្យចិត្តចាប់ អារម្មណ៍​លើវិស័យកីឡាមួយនេះបន្តិចម្តងៗ ហើយក៏ចាប់ចេះមើលបាល់ទាត់ជម្រើសជាតិ កម្ពុជា។
 
កញ្ញាលើកឡើងថា៖ «បើថាជាស្រលាញ់មិនសូវទេ ពីដំបូង ប៉ុន្តែដោយសារតែគ្រួសារ ចូល​ចិត្តមើលបាល់ទាត់ FIFA World Cup ពេលនោះខ្ញុំក៏ចូលរួមមើលដែរ។ គ្រាន់តែមើល ឃើញធម្មតាមិនសូវជាចាប់អារម្មណ៍ ដោយសារតែវ័យកំពុងតែរៀន ដោយឆ្លៀតពេលទំនេរ​មើលខ្លះៗ»។ កញ្ញាមនីនាថ បន្តថាចាប់ពីពេលនោះមកក៏ស្រលាញ់ និងចាប់ផ្តើមគាំទ្រ បាល់ទាត់​នៅកម្ពុជា។
 
តើស្ត្រីវ័យក្មេងមានដើមកំណើតនៅខេត្តសៀមរាប រូបនេះមានកីឡាកររូបណាជានិមិត្តរូប របស់ខ្លួន? ទោះជាអ្នកគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គឺរ តែកញ្ញា ហ្ស៊ីង ថាមិន​មាន​កីឡាករ​ដែល​ជានិមិត្តរូបរបស់ខ្លួនឡើយ។ កីឡាករដែលកញ្ញា នាថ គោរពស្រឡាញ់​នោះ មានម្នាក់ បានចូលនិវត្តន៍ពីបាល់ទាត់ហើយ និងមួយរូបទៀតកំពុងប្រកបអាជីពជាអ្នកចាំទីក្នុងក្លិប Tiffy Army។
 
«តារាក្នុងដួងចិត្តតាំងពីឆ្នាំ២០២១៦ គឺកីឡាករ អ៊ុំ សិរីរ័ត្ន និងឈិន ឈឿន»។ ពេញ​ចិត្ត​កីឡាករទាំងពីររូបនេះ ក៏ព្រោះពិធីការិនីវ័យ ២២ឆ្នាំរូបនេះមើលឃើញថា សិរីរ័ត្ន  និង ឈឿន មានលក្ខណៈសម្បត្តិស្លូតបូត។
 

កញ្ញា ពិន មនីនាថ អត្ថាធិប្បាយបាល់ទាត់ក្នុងកីឡដ្ឋានហនុមាន។ រូបពី Yi Xing
 
ជម្នះឧបសគ្គគ្រួសារ
 
ក្នុងវិថីជាអ្នកនិយាយកីឡាបាល់ទាត់ កញ្ញាវ័យក្មេងជាអ្នកស្រុកនៅតំបន់អង្គរ ថាការមកធ្វើ​ជា​ពិធីការិនីនិយាយបាល់ទាត់ ត្រូវបានម្តាយហាមប្រាមដែរ តែព្រោះក្តីស្រឡាញ់ទើបជម្នះ​ឧបសគ្គ​ដើម្បីឆ្វេងយល់បន្ថែមពីអាជីពប្រើមាត់មួយនេះ។ មិនថាតែ​នៅក្នុងខេត្ត​សៀមរាប​នោះ​ទេ អ៊ីហ្ស៊ីង តែងតែខិតខំសួរនាំរៀមច្បង ​ដែលជាអ្នកមានបទពិសោធ​នៅទីក្រុងភ្នំពេញ​អំពីការអត្ថាធិប្បាយបន្ថែមទៀតផងដែរ។ «ពីដំបូងគាត់អត់ដែលឱ្យធ្វើដែរ តែដល់ពេល​ឃើញយើងមានទេព្យកោសល និងមានប្រជាប្រិយភាពគាត់ក៏ងាកមកគាំទ្រយើងវិញ»។ 
 
ការហាមប្រាមដោយទឹកចិត្តម្តាយតែងតែគិត និងព្រួយបារម្ភពីសុវត្ថិភាពរបស់កូនស្រី តែ​ដល់​ពេលបច្ចុប្បន្នគ្រួសាររបស់ មនីនាថ តែងតែមកមើល និងលើកទឹកចិត្តកូនស្រី​ដល់​កីឡដ្ឋាន​ផ្ទាល់ទៀតផង។ នារីវ័យក្មេងបន្តថាសម្រាប់គ្រួសាររបស់កញ្ញា​ក៏ទទួលបានការ គាំទ្រពីមជ្ឈដ្ឋានជុំវិញខ្លួនក៏ដូចជា មហាជននៅលើបណ្តាញសង្គមផងដែរ ​បន្ទាប់ពីបាន ឃើញជាមួយនឹងទេពកោសល្យរបស់នាង។
 
មិនរំពឹងថានឹងបន្តជាមួយអាជីពអត្ថាធិប្បាយ

យ៉ាងណា ចំពោះថ្ងៃខាងមុខបែបណានោះ កញ្ញាមានសម្រស់ស្រស់ស្អាត និងរាងដ៏តូចច្រឡឹ​ង​​រូបនេះ មិនហ៊ានធានាថា​ខ្លួនអាចនឹងបន្តលើអាជីព ជាពិធីការិនី​អត្ថាធិប្បាយកីឡា បាល់​ទាត់​ទៀតនោះទេ តែបើសម្រាប់ក្តីស្រលាញ់លើវិថីមួយនេះ គឺមិនអាចកាត់ថ្លៃបាន។ «សម្រាប់វិស័យបាល់ទាត់ ក្នុងនាមជាអ្នកអត្ថាធិប្បាយ ទៅថ្ងៃមុខខ្ញុំមិនអាចនិយាយមុនបាន ទេ ព្រោះថា អាចថាខ្ញុំមានការងាររវល់ប្រកបរបផ្សេងអីក៏អាចថាបាន ដែលយើងអត់អាច​មើល​ឃើញ»។


កញ្ញា ពិន មនីនាថ ពេលអត្ថាធិប្បាយបាល់ទាត់នៅក្លិបបាល់ទាត់អង្គរថាយហ្គឺរ។ រូបពី Yi Xing
 
ជាមួយនឹងការងារជាពិធីការិនីបច្ចុប្បន្ន មិនសូវជារវល់ច្រើនទេសម្រាប់កញ្ញា ពិន មនីនាថ ដោយសារការប្រកួតលីគកំពូលកម្ពុជា ទើបចាប់ផ្តើម។ ហើយមួយវិញទៀត​ រដូវកាល​ពាន​រង្វាន់ ​ហ៊ុន សែន ខាប់ និងពានរង្វាន់យុវជនមិនទាន់ចូលមកដល់។ ក្រៅពីការងារជាអ្នក​អត្ថា​ធិប្បាយកីឡាបាល់ទាត់ ហ្ស៊ីងហ្ស៊ីង ក៏រវល់ជាមួយកិច្ចការផ្ទះផងដែរ​ដោយត្រូវជួយ​លក់ដូរ​ម្តាយបន្តិចបន្តួចនៅផ្ទះ ក្នុងខេត្តសៀមរាប។
 
ក្នុងរយៈពេលជិតបួនឆ្នាំ លើវិស័យបាល់ទាត់ក្នុងស្រុក កញ្ញា អ៊ីហ្ស៊ីង ដែលគេស្គាល់ថា​ជា​កញ្ញារូបស្រស់ខ្លួនតូចសម្លេងធំ មើលឃើញពីភាពរុងរឿងនៃវិស័យបាល់ទាត់ ក្នុងប្រទេស កម្ពុជា ក៏ដូចជាអ្នកគាំទ្រចាប់ផ្តើមកើនឡើងជាខ្លាំងមួយរយៈចុងក្រោយនេះ ហើយអ្នកគាំទ្រក្លិប​បាល់ទាត់អង្គរថាយហ្គឺររូបនេះ​ ក៏រំពឹងថាមហាជន​នឹងនៅតែបន្តគាំទ្របាល់ទាត់ កម្ពុជា ក៏ដូចជាលីគកំពូលកម្ពុជាផងដែរ។
 
កញ្ញា មនីនាថ និយាយថា៖ «ពីមុនអាចនិយាយបានថា មិនសូវមានអ្នកចាប់អារម្មណ៍ ក៏ ប៉ុន្តែ​ឥឡូវនេះសង្កេតឃើញថា ទាំងជម្រើសជាតិទាំងលីគកំពូល​ទាំងពានរង្វាន់ផ្សេង មាន សំទុះកើនឡើងច្រើនមែនទែន»។ យ៉ាងណាជាចុងក្រោយកញ្ញា ពិន មនីនាថ ក៏សំណូមពរ ទៅកាន់មហាជនផងដែរ បើស្រលាញ់កីឡាបាល់ទាត់ជម្រើសជាតិ សូមកុំភ្លេចជួយគាំទ្រ ការប្រកួតលីគកំពូលកម្ពុជាផង។ «បាល់ទាត់ជម្រើសជាតិខ្លាំង គឺដោយសារលីគកំពូល កម្ពុជាខ្លាំង»។ នេះជាការបន្ថែមរបស់ មនីនាថ៕

Tag:
 (កីឡាបាល់ទាត់
 ពិន មនីនាថ)
© រក្សាសិទ្ធិដោយ thmeythmey.com