អន្តរជាតិ
លោក សេដ្ឋា អាចកាន់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុ បន្ថែមពីតួនាទីនាយករដ្ឋមន្រ្តី
25, Aug 2023 , 3:39 pm        
រូបភាព
លោក Srettha Thavisin នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twitter_Srettha Thavisin
លោក Srettha Thavisin នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twitter_Srettha Thavisin
ក្រោយលោកសេដ្ឋា ថាវីស៊ីន ជាប់ជានាយករដ្ឋមន្រ្តីទី៣០ ពេលនេះសម្ព័ន្ធបក្សនយោបាយ ដឹកនាំដោយបក្សភឿថៃ កំពុងចរចាលើការផ្គូផ្គងសមាជិកគណៈរដ្ឋមន្រ្តីថ្មី។ បក្សភឿថៃ អាចនឹងកាន់ក្រសួងសំខាន់ៗដូចជាការបរទេស ការពារជាតិ និងសុខាភិបាលជាដើម ខណៈលោកសេដ្ឋា អាចនឹងកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បន្ថែមពីលើតួនាទីជាប្រមុខរដ្ឋាភិបាល។

 
បើទោះលោកសេដ្ឋា ថាវីស៊ីន ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីក៏ដោយ ប៉ុន្តែគណៈរដ្ឋមន្រ្តីថៃរៀបចំដោយបក្សសម្ព័ន្ធនយោបាយដឹកនាំដោយបក្សភឿថៃ មិនទាន់លេចជារូបរាងឡើយ ដោយបក្សនយោបាយនីមួយៗ កំពុងចរចាតំណែងរដ្ឋមន្រ្តីដឹកនាំក្រសួងនានា។
 
លោក សេដ្ឋា បានអះអាងថា ការរៀបចំសមាសភាពរដ្ឋមន្រ្តីក្នុងបក្សភឿថៃ បានរៀបចំរួចហើយ ប៉ុន្តែចាំបាច់ត្រូវរង់ចាំ៣ឬ៤ថ្ងៃទៀតដើម្បីឱ្យបក្សនយោបាយផ្សេងទៀត ដែលចងសម្ព័ន្ធជាមួយខ្លួន បញ្ចប់ការចរចា។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៥ ខែសីហា បក្សភឿថៃ និងបក្ស Bhumjaithai កំពុងចរចាលើការគ្រប់គ្រងក្រសួងមហាផ្ទៃ។ តាមប្រភពបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយនេះ បក្សភឿថៃចង់កាន់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការគាំទ្ររបស់ខ្លួននៅមូលដ្ឋាន ក្រោយបក្សភឿថៃរួមគ្នាជាមួយបក្សនយោបាយគាំទ្រដោយយោធា។ 
 
ចំណែកលោក សេដ្ឋា ត្រូវបានរំពឹងថា អាចនឹងកាន់ក្រសួងហិរញ្ញវត្ថុ បន្ថែមពីលើតួនាទីជានាយករដ្ឋមន្រ្តី។ ស្របគ្នានេះ បក្សភឿថៃ អាចដាក់លោក Julapun Amornvivat ជារដ្ឋមន្រ្តីការបរទេស, លោក Cholnan Srikaew ជារដ្ឋមន្រ្តីសុខាភិបាល។ លោក Nattapon Nakpanich របស់បក្សកម្លាំងប្រជារាស្ត្រជាប្រមុខការពារជាតិ។ 
 
បន្ថែមពីនេះ សមាសភាពចេញពីបក្សភឿថៃផ្សេងទៀត អាចនឹងកាន់ក្រសួងវប្បធម៌ ក្រសួងដឹកជញ្ជូន និងក្រសួងទេសចរណ៍ និងអប់រំជាដើម។ 
 
ការអនុញ្ញាតឱ្យលោកសេដ្ឋាកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុមួយទៀតបន្ថែមបែបនេះ អាចអនុញ្ញាតឱ្យលោកអនុវត្តគោលនយោបាយរបស់បក្សពាក់ព័ន្ធនឹងសេដ្ឋកិច្ច រួមទាំងគោលនយោបាយផ្តល់ប្រាក់១ម៉ឺនបាតផង។ លើសពីនេះ អគ្គលេខាធិការបក្សភឿថៃ Prasert Chantararuangthong អាចកាន់តំណែងរដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល និងសង្គម។ ចំណែកឧបនាយករដ្ឋមន្រ្តីចេញពីបក្សភឿថៃ អាចមានលោក Somsak Thepsutin និងលោក Chusak Sirinil។ 
 
បន្ថែមពីនេះ លោក Anutin Charnvirakul ប្រធានបក្ស Bhumjaithai និងកាន់តំណែងជារដ្ឋមន្រ្តីសុខាភិបាលក្នុងរដ្ឋាភិបាលលោកប្រាយុទ្ធ ចន្ទអូចា អាចកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី។ ដោយឡែករដ្ឋមន្រ្តីយុត្តិធម៌ អាចជាលោក Tawee Sodsong ចេញពីបក្ស Prachachat ហើយរដ្ឋមន្រ្តីពាណិជ្ជកម្មជាលោក Varawut Silpa-archa មេដឹកនាំបក្ស Chartthaipattana៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com