កីឡាជាតិ
ជាតិ
CPL សប្តាហ៍ទី៤៖ ណាហ្គាវើលដ៍ទទួលភ្នំពេញក្រោន ឯ វិសាខាទៅសួសុខទុក្ខបឹងកេត
26, Aug 2023 , 10:00 am        
រូបភាព
ការប្រកួតរវាង ISI ដង្កោសែនជ័យ និងព្រៃវែង
ការប្រកួតរវាង ISI ដង្កោសែនជ័យ និងព្រៃវែង
ក្រុមកំពូលតារាងវិសាខា ត្រូវជួបក្រុមបឹងកេត ក្នុងការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League សប្តាហ៍ទី៤ ស្របពេលណាហ្គាវើលដ៍ ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន នៅថ្ងៃទី២៧ ខែសីហា ម៉ោង៦ល្ងាចដូចគ្នា។ មុនជំនួបខ្លាំងប៉ះខ្លាំងទាំងពីរ អាយ អេស អាយ ដង្កោសែនជ័យ ដែលចាញ់ ២ប្រកួតជាប់គ្នា ត្រូវស្វាគមន៍ ក្រុម​មិនទាន់ចាញ់ ព្រះខ័នរាជ ស្វាយរៀង នៅវេលាម៉ោង៦ល្ងាច នាថ្ងៃទី២៦ ខែសីហា នៅកីឡដ្ឋាន AIA KMH Park។



ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ដែលទើបឡើងមកពីលីគ២ កម្ពុជា​ ចូលរួមជាមួយលីគកំពូល ចាញ់២ប្រកួតជាប់គ្នា យ៉ាងតំណំ ដោយនៅថ្ងៃទី១២ ខែសីហា ចាញ់ ព្រៃវែង ៥-០ និងថ្ងៃទី២០ ខែសីហា ចាញ់ វិសាខា ​៤-០។ ការបូតគ្រាប់បាល់របស់ក្រុមមួយនេះ ភាគច្រើន កើតចេញពីការស៊ុតពីចម្ងាយ របស់គូប្រកួត។ 
 
ដោយឡែក ក្រុមព្រះខ័នរាជ ស្វាយរៀង ជាក្រុមមិនទាន់ចាញ់សោះ ក្នុងពេល ៣ប្រកួតនេះ ហើយគ្រាប់បាល់ ជ័យជម្នះរកបានដោយកីឡាករ Marcus Haber ជនជាតិកាណាដា ដោយមានការគាំទ្រពីខ្សែបម្រើ ដ៏មានប្រសិទ្ធភាព គឺ កីឡាករ Gabriel Silva ជនជាតិប្រេស៊ីល។
 
តើម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោសែនជ័យ អាចការពារសំណាញ់ទីខ្លួន បានដោយរបៀបណា ចំពោះប្រព័ន្ធប្រយុទ្ធដ៏មានប្រសិទ្ធភាព របស់ព្រះខ័នរាជ ស្វាយរៀង?
 
ក្នុងសប្ដាហ៍ទី៤ ដដែរនេះ ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ ម៉ោង ៣:៤៥ រសៀល អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ ក្លិបកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានហនុមាន ស្របពេល គិរីវង់សុខសែនជ័យ ទទួល ព្រៃវែង នៅកីឡដ្ឋានគិរីវង់។
 
លុះចូលដល់ម៉ោង ៦ ល្ងាច ណាហ្គាវើលដ៍ ជួបជាមួយ ក្រុមការពារដំណែងជើងឯក ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ទន្ទឹមពេល បឹងកេត ប៉ះជាមួយ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ 
 
គួរបញ្ជាក់ផងដែរថា ក្នុងតារាងបណ្ដោះអាសន្ន វិសាខា ឈរចំណាត់ថ្នាក់លេខ១ មាន ៩ពិន្ទុ ស្មើគ្នាជាមួយ ព្រះខ័នរាជ ស្វាយរៀង ចំណាត់ថ្នាក់លេខ២ និងតាមពីក្រោយដោយ ក្រុមព្រៃវែង មាន៤ពិន្ទុ ស្មើគ្នាជាមួយ បឹងកេត ចំណាត់ថ្នាក់លេខ៤។ ដោយឡែក ក្រុមការពារដំណែងជើងឯក ភ្នំពេញក្រោន ឈរលេខ៥ មាន៣ពិន្ទុ ស្មើគ្នាជាមួយ អង្គរថាយហ្គឺរ លេខ៦, ណាហ្គាវើលដ៍ លេខ៧ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៨។ រីឯ គិរីវង់សុខសែនជ័យ ឈរនៅបាតតារាង មាន១ ពិន្ទុស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ៩៕

Tag:
 (បាល់ទាត់
  Cambodian Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com