ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាសភាព តួនាទី និងប្រាក់បំណាច់មន្ត្រីខុទ្ទកាល័យត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ
25, Aug 2023 , 4:03 pm        
រូបភាព
រដ្ឋមន្ត្រីនីមួយៗបានប្រកាសតែងតាំងសមាសភាពខុទ្ទកាល័យរបស់ខ្លួនជាសាធារណៈជាបន្តបន្ទាប់គ្នា។ សមាសភាពខុទ្ទកាល័យរបស់រដ្ឋមន្ត្រីរួមមាន នាយកខុទ្ទកាល័យ១រូប នាយករង២រូប ទីប្រឹក្សាបច្ចេកទេស១រូប អនុពន្ធសភា១រូប អនុពន្ធសារព័ត៌មាន១រូប ជំនួយការ១រូប និងលេខាធិការ១រូប។

 
ការប្រកាសផ្សព្វផ្សាយអំពីសមាសភាពខុទ្ទកាល័យរបស់រដ្ឋមន្ត្រី មិនត្រូវបានធ្វើយ៉ាងទូលំទូលាយដូច្នេះឡើយក្នុងពេលកន្លងទៅ។ សាធារណជនខ្លះបានចាប់អារម្មណ៍ខ្លាំងលើតួនាទីមន្ត្រីខុទ្ទកាល័យដែលទទួលបន្ទុកអនុពន្ធសភា និងអនុពន្ធសារព័ត៌មាន។
 
តាមពិត ទាំងនេះពុំមែនជាការបង្កើតតួនាទីថ្មីនៅក្នុងក្របខណ្ឌខុទ្ទកាល័យរបស់រដ្ឋមន្ត្រីឡើយ។ នេះគ្រាន់តែជាការអនុវត្តតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ដោយអតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន។ អនុក្រឹត្យនេះមាន៥ជំពូក និង១៨មាត្រា រៀបរាប់អំពីគោលបំណង ភារកិច្ចរបស់ខុទ្ទកាល័យ រហូតដល់ប្រាក់បំណាច់របស់មន្ត្រីខុទ្ទកាល័យផង។
 


សាធារណជនបានចាប់អារម្មណ៍ច្រើនចំពោះសមាសភាព និងតួនាទីរបស់ខុទ្ទកាល័យ ក៏ព្រោះតែមានការផ្សព្វផ្សាយទូលំទូលាយ។ នៅពេលនេះ ប្រាក់បំណាច់របស់សមាជិកខុទ្ទកាល័យ ក៏ត្រូវបានបង្ហាញជាសាធារណៈដែរ នៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម។ 
 
យោងតាមអនុក្រឹត្យដដែលនេះ នាយកខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីទទួលប្រាប់បំណាច់ប្រចាំខែ ៥លានរៀល, នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីទទួលបាន ៣លាន៥សែនរៀល នាយកខុទ្ទកាល័យទេសរដ្ឋមន្ត្រី, នាយកខុទ្ទកាល័យរបស់រដ្ឋមន្ត្រី និងនាយកខុទ្ទកាល័យរបស់លេខាធិការជាប្រធានស្ថាប័ន ទទួលបាន ២លាន៨សែនសៀលដូចគ្នា។
 
មាត្រា៧នៃអនុក្រឹត្យបានសរសេរអំពីភារកិច្ចរបស់ខុទ្ទកាល័យដែលរួមមានជាអាទិ៍៖ រ៉ាប់រងទំនាក់ទំនងរវាងខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ព្រមទាំងទំនាក់ទំនងជាមួយអ្នកតំណាងរាស្ត្រ អង្គភាពរដ្ឋបាលនៃស្ថាប័នសាធារណៈផ្សេងៗទៀត និងប្រព័ន្ធឃោសនាទាំងឡាយ។ 
 




© រក្សាសិទ្ធិដោយ thmeythmey.com