កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់មេដាយមាសស៊ីហ្គេម ជា កញ្ញា ប្តេជ្ញាពង្រឹងសមត្ថភាពដើម្បីប្រជែងមេដាយកីឡាអាស៊ីនៅចិន
25, Aug 2023 , 6:59 pm        
រូបភាព
ប្រតិភូ និងកីឡាករ-កីឡាការិនីចំបាប់ចេញទៅហ្វឹកហាត់នៅចិន
ប្រតិភូ និងកីឡាករ-កីឡាការិនីចំបាប់ចេញទៅហ្វឹកហាត់នៅចិន
ដោយ:
កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ជា កញ្ញា ប្តេជ្ញាហ្វឹកហាត់នៅប្រទេសចិនរយៈពេល ៣ខែឱ្យកាន់តែខ្លាំង ដើម្បីធានាពីការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅខេត្តហានចូវ ប្រទេសចិន ឆ្នាំ២០២៣។

 
«ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ទោះបីខ្ញុំមានបទពិសោធច្រើនក៏ដោយក្នុងការប្រកួតតែការហ្វឹកហាត់នៅចិនលើកនេះខ្ញុំនឹងពង្រឹងបន្ថែមទៀត»។ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម២០២៣ វិញ្ញាសាចំបាប់ទម្ងន់ក្រោម ៧២គីឡូក្រាម​ ជា កញ្ញា និយាយដូច្នេះទៅកាន់អ្នកសារព័ត៌មាន នាព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនចេញដំណើរទៅកាន់ប្រទេសចិន។
 
បេសកម្មជាលើកទី២ របស់ កញ្ញា លើកឡើងថាការហ្វឹកហាត់នៅប្រទេសចិនគឺល្អសម្រាប់អត្តពលិកព្រោះនៅទីនោះមានគ្រូមានបច្ចេកទេស ហើយមានគូសមច្រើនដែលជួយដុសខាត់សមត្ថភាពខ្លួន។ «មុនស៊ីហ្គេមខ្ញុំបានទៅហ្វឹកហាត់នៅចិនដែរ។ សម្រាប់ខ្ញុំគឺធ្វើឱ្យសមត្ថភាពកើនឡើងទ្វេរដង ព្រោះថាមានដៃគូហ្វឹកហាត់ច្រើន ហើយគ្រូគាត់ណែនាំពីចំណុចខ្វះខាតរបស់យើង ដែលជួយឱ្យខ្ញុំទទួលបានមេដាយមាស»។ កីឡាការិនី ជា កញ្ញា បន្ថែមដូច្នេះ។
 

កីឡាការិនីចំបាប់កម្ពុជា ជា កញ្ញា

ទោះបីជាធ្លាប់មានបទពិសោធប្រកួតក្នុងស្រុក និងក្រៅស្រុកច្រើនក្តីតែកីឡាការិនីចំបាប់វ័យក្មេងរូបនេះសប្បាយចិត្តដែលនឹងត្រូវបង្ហាញវត្តមាននៅក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩ នៅខេត្តហានចូវ ប្រទេសចិន នាខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
 
កីឡាការិនីចំបាប់ ជា កញ្ញា និយាយថា៖«បទពិសោធខ្ញុំចេញទៅប្រកួតនៅក្រៅស្រុកគឺច្រើន ហើយក៏ជោគជ័យផង បរាជ័យផង តែសម្រាប់កីឡាអាស៊ីនេះជាលើកទី១ ខ្ញុំសប្បាយចិត្តហើយនឹងប្រឹងប្រែងហ្វឹកហាត់ដើម្បីឱ្យខ្លួនឯងទទួលបានកម្រិតមួយទៀតក្នុងការប្រកួតកីឡាអាស៊ីនេះ»។
 
គួបញ្ជាក់ថា ការប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ដោយឡែកការហ្វឹកហាត់រយៈពេល ៩០ថ្ងៃក្រោមជំនួយអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៤ ខែសីហា រហូតដល់ដំណាច់ឆ្នាំ២០២៣៕
 
 

Tag:
 កីឡាចំបាប់
 ជា កញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com