អន្តរជាតិ
លោកប្រាយុទ្ធ មិនទាន់តែងតាំងប្រមុខប៉ូលិសជាតិ ដោយទុកឱ្យនាយករដ្ឋមន្ត្រីថ្មីវិញ
25, Aug 2023 , 4:38 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ (ឆ្វេង) ជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី នៅវិមានរដ្ឋាភិបាលក្នុងថ្ងៃទី២៤ ខែសីហា។ រូបភាព Thai Enquirer
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ (ឆ្វេង) ជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មី នៅវិមានរដ្ឋាភិបាលក្នុងថ្ងៃទី២៤ ខែសីហា។ រូបភាព Thai Enquirer
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅថ្ងៃទី២៥ ខែសីហា បានសម្រេចមិនតែងតាំងស្នងការប៉ូលិសជាតិឡើយ ដោយទុកតួនាទីឱ្យលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃថ្មីជាអ្នកតែងតាំងវិញ។

 
តួនាទីអគ្គស្នងការប៉ូលិសជាតិថៃដែលបច្ចុប្បន្នដឹកនាំនាយឧត្តមសេនីយ៍ លោក Damrongsak Kittiprapas នឹងចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំស្នងការប៉ូលិសថៃ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិថៃ និងជាអ្នកដឹកនាំកិច្ចប្រជុំ បានបដិសេធ មិនតែងតាំងប្រធានប៉ូលិសជាតិថ្មីឡើយ ដោយទុកតួនាទីឱ្យប្រមុខរដ្ឋាភិបាលថ្មី លោកសេដ្ឋា ថាវីស៊ីន ជាអ្នករៀបចំ។ 
 
ជុំវិញបញ្ហានេះ ស្នងការប៉ូលិសថៃដែលពិនិត្យលើការតែងតាំងប្រមុខប៉ូលិសជាតិថ្មី សម្រេចរង់ចាំបន្តទៀត នៅថ្ងៃទី២៥ ខែសីហា។ ឧត្តមសេនីយ៍ទោ Archayon Kraithong អ្នកនាំពាក្យប៉ូលិសថៃ បានស្រង់សម្តីរបស់លោកប្រាយុទ្ធថា ដើម្បីគោរពតាមគោលការណ៍អភិបាលកិច្ចល្អ ហើយពេលនេះ លោកសេដ្ឋាជានាយករដ្ឋមន្រ្តីថ្មី ការតែងតាំងប្រធានប៉ូលិសជាតិ គួរតែជាតួនាទីរបស់លោកសេដ្ឋា។ 
 
តាមច្បាប់ប៉ូលិសជាតិថៃ នាយករដ្ឋមន្រ្តីមានសិទ្ធិតែងតាំងស្នងការប៉ូលិសជាតិដោយជ្រើសរើសចេញពីស្នងការរងដែលគ្រប់លក្ខណៈសម្បត្តិ។ ក្រោយការតែងតាំង ស្នងការប៉ូលិសថៃ នឹងបោះត្រាគាំទ្រលើការតែងតាំងនោះ មុនពេលស្នើសុំការអនុម័តពីព្រះមហាក្សត្រ។ 
 
នាយឧត្តមសេនីយ៍ Roy Ingkapairote, នាយឧត្តមសេនីយ៍ Torsak Sukvimol, នាយឧត្តមសេនីយ៍ Kittirat Phanphet និងនាយឧត្តមសេនីយ៍ Surachate Hakparn ជាបេក្ខជន។
 
ការបដិសេធរបស់លោកប្រាយុទ្ធបែបនេះ ធ្វើឡើងក្រោយលោកមានជំនួបដោយផ្ទាល់មួយ ជាមួយលោកសេដ្ឋា នៅវិមានរដ្ឋាភិបាល ប្រមាណ ៤៥នាទី នៅថ្ងៃទី២៤ ខែសីហា។ ក្នុងជំនួបនោះ លោកប្រាយុទ្ធ បានជំរុញឱ្យលោកសេដ្ឋាបង្រួបបង្រួមភាពបាក់បែកនៅក្នុងប្រទេស និងបំភ្លេចរឿងអតីតកាលចោល ដើម្បីបន្តដឹកនាំប្រទេសទៅមុខ។ 
 
ស្របគ្នានេះ នៅថ្ងៃទី២៤ ខែសីហា លោកប្រាយុទ្ធ ដែលជារដ្ឋមន្រ្តីការពារជាតិផងនោះ ក៏បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្លាស់ប្តូរប្រមុខកម្លាំងប្រដាប់អាវុធ និងមេបញ្ជាការកម្លាំងការពារ ដែលនឹងចូលនិវត្តន៍នៅដំណាច់ខែកញ្ញាខាងមុខ។ កិច្ចប្រជុំនេះ ក៏បានចូលរួមដោយអនុរដ្ឋមន្រ្តីការពារជាតិ, លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការពារជាតិ, មេបញ្ជាការកងទ័ពជើងគោក, មេបញ្ជាការកងទ័ពជើងទឹក និងមេបញ្ជាការកងទ័ពអាកាស។
 
យ៉ាងណាមិញ ការផ្លាស់ថ្នាក់ដឹកនាំយោធាទាំងនោះ ត្រូវបានលើកពេលដោយសារតែមានការខ្វែងគំនិតគ្នា លើបេក្ខជនត្រូវតែងតាំង៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com