សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលឡាវបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជាង៨៣ដុល្លារដល់កម្មករ
26, Aug 2023 , 4:00 pm        
រូបភាព
កម្មករឡាវកំពុងធ្វើការនៅរោងចក្រមួយកន្លែង។ រូបភាពពី_ KPL ។
កម្មករឡាវកំពុងធ្វើការនៅរោងចក្រមួយកន្លែង។ រូបភាពពី_ KPL ។
រដ្ឋាភិបាលឡាវបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាពី១លាន៣០ម៉ឺនគីបដល់ ១លាន៦០ម៉ឺនគីបក្នុងមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដើម្បីសម្រាលការលំបាកសម្រាប់ប្រជាជនក្នុងបរិបទនៃការកើនឡើងថ្លៃដើមរស់នៅ។


រដ្ឋាភិបាលឡាវបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលករនៅក្នុងប្រទេសនេះពី ១លាន៣០ម៉ឺនគីប(ជាង៦៦ដុល្លារ) ដល់ ១លាន៦០ម៉ឺនគីប(ជាង៨៣ដុល្លារ) ក្នុងមួយខែដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។
 
នេះ​ជា​ការ​កែ​សម្រួល​លើក​ទី​២​ចំពោះការ​ដំឡើង​ប្រាក់​ខែ​គោល​នៅ​ឡាវ​ក្នុង​រយៈ​ពេល​ជិត​៤​ខែ។ បើតាមសេចក្តី​ប្រកាស​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ឡាវ​ ​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​យល់​ស្រប​តាំងពី​កិច្ច​ប្រជុំ​ប្រចាំ​ខែ​កក្កដា។
 
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អតិផរណាខ្ពស់ និងការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្លៃប្រាក់គីបបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរបស់កម្មករឡាវ។
 
ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងបរិបទនៃការកើនឡើងថ្លៃដើម នៅចុងខែមេសារដ្ឋាភិបាលឡាវក៏បានយល់ព្រមកែសម្រួលប្រាក់ឈ្នួលអប្បបរមារបស់កម្មករពី ១លាន២០ម៉ីនគីប (ជាង៦១ដុល្លារ) ដល់ ១លាន៣០ម៉ឺនគីប(ជាង៦៦ដុល្លារ)ក្នុងមួយខែ។
 
បំណុលបរទេសដ៏ច្រើន តម្លៃនាំចូលខ្ពស់ និងកង្វះរូបិយប័ណ្ណបរទេសបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់គីបរបស់ឡាវ។ កាលពីខែមេសាអត្រាអតិផរណារបស់ឡាវមានរហូតដល់ ៤០ភាគរយ៕ 

Tag:
 ឡាវ
  អតិផរណា​
  ប្រាក់ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com