កីឡាជាតិ
ជាតិ
លោក នេត សាវឿន ស្នើឱ្យយកចិត្តទុកដាក់ខ្លាំងលើ បាល់ទះនារី ដូចបុរស
26, Aug 2023 , 6:00 pm        
រូបភាព
លោក ស សុខា(ស្តាំ) និងលោក នេត សាវឿន(ឆ្វេង)
លោក ស សុខា(ស្តាំ) និងលោក នេត សាវឿន(ឆ្វេង)
ដោយ:
លោក ស សុខា ត្រូវបានបោះឆ្នោតជាប់ជាប្រធាន និងលោក នេត សាវឿន ជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ទាប់ពីបញ្ចប់ពិធីសន្និបាតវិសាមញ្ញ អាណត្តិទី៦ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នាសាលប្រជុំធំកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។

 
ថ្លែងក្នុងពិធីសន្និបាតវិសាមញ្ញ អាណត្តិទី៦ (២០២៣-២០២៦) លោក នេត សាវឿន ប្រធានកិតិ្តយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បានកោតសរសើរចំពោះភាពរីកចម្រើននៃវិស័យបាល់ទះកម្ពុជាមួយរយៈចុងក្រោយនេះ និងជំរុញទឹកចិត្តថ្នាក់ដឹកនាំអត្តពលិកប្រឹងប្រែងបន្តទៀត ដើម្បីឱ្យវិស័យមួយនេះរីកចម្រើនទៅលើឆាកអន្តរជាតិ។


លោក ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា
 
លោក នេត សាវឿន ថ្លែងដូច្នេះ៖«សហព័ន្ធកីឡាបាល់ទះយើងបានទទួលកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្តកីឡាបាល់ទះជាតិក្នុង ៤០ឆ្នាំចុងក្រោយដោយឈ្នះមេដាយសំរឹទ្ធ១ ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅកម្ពុជា»។ លោក នេត សាវឿន បន្ថែមថា ទោះចប់ស៊ីហ្គេមលើកទី៣២ តែសកម្មភាពកីឡាបាល់ទះកម្ពុជា នៅតែមានជាប់រហូតដែលជាចក្ខុវិស័យខ្ពស់ឈានទៅរកកំណត់ត្រាថ្មីនាពេលខាងមុខ។
 
ជាមួយគ្នានឹងវិស័យបាល់ទះនៅកម្ពុជាកំពុងតែទទួលបានការគាំទ្រយ៉ាងក្លាវក្លា និងមានសន្ទុះខ្លាំង លោក នេត សាវឿន ស្នើឱ្យមានការយកចិត្តទុកដាក់ចំពោះកីឡាការិនីផង ដើម្បីឱ្យវិស័យមួយនេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងបន្ថែមទៀត។
 
«ការប្រកួតជាអាជីពក្តី មហាជនក្តីថ្ងៃក្រោយបើអាចធ្វើបានសូមកុំគិតតែបុរស សូមឱ្យមានពានរង្វាន់នារីផង»។ ប្រធានកិតិ្តយសសហព័ន្ធបាល់ទះកម្ពុជា បន្តថា នារី គឺសំខាន់ណាស់។
 
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៦ របស់សហព័ន្ធកីឡាបាល់ទះកម្ពុជារួមមាន លោក ស សុខា ជាប្រធាន លោក ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, លោក ប៊ូ ជុំសេរី, លោក ឌី វិជ្ជា, លោក ឡោ សុឡេង, លោក ជួន ណារិន្ទ, លោក ស រដ្ឋា, លោក អ៊ូ វណ្ណ និងលោក អាំង សិរីពិសិដ្ឋ (អគ្គលេខាធិការ) ជាអនុប្រធាន ព្រមទាំងសមាជិក១១រូប និងស្នងការនគរបាលរាជធានី-ខេត្ត ក៏ជាសមាជិកប្រតិបត្តិសហព័ន្ធផងដែរ។
 
គួបញ្ជាក់ថា លោក ស សុខា នឹងត្រូវរួមដំណើរក្នុងអាណត្តិទី៦(២០២៣-២០២៦) បន្ទាប់ពីលោក នេត សាវឿន បានលាលែងពីតំណែងក្រោយដឹកនាំអស់រយៈពេល១២ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៣៕

Tag:
 (កីឡាបាល់ទះ)
© រក្សាសិទ្ធិដោយ thmeythmey.com