សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីក្រុមហ៊ុនជប៉ុន ធ្លាក់តំណែងក្នុងបញ្ជីក្រុមហ៊ុនកំពូលលើពិភពលោក?
26, Aug 2023 , 6:30 pm        
រូបភាព
ក្រុមហ៊ុន Mitsubish ដាក់តាំងបង្ហាញរថយន្តនៅឥណ្ឌូណេស៊ី ។ រូបភាពពី Xinhua ។
ក្រុមហ៊ុន Mitsubish ដាក់តាំងបង្ហាញរថយន្តនៅឥណ្ឌូណេស៊ី ។ រូបភាពពី Xinhua ។
ក្រុមហ៊ុនជប៉ុនធ្លាប់តែមានឈ្មោះលើគេក្នុងបញ្ជីក្រុមហ៊ុនធំជាងគេទាំង៥០០ នៅលើពិភពលោក៣០ឆ្នាំក្រោយមកនេះ។ ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរទាំងស្រុង។ ក្រុមហ៊ុនជប៉ុនដែលធ្លាប់នៅកំពូលតារាងដូចជា Mitsubishi បានធ្លាក់មកចំណាត់ថ្នាក់ទី ៤៥។ កំណើននៃការប្រកួតជាមួយក្រុមហ៊ុនចិន ប្រាក់យ៉េនធ្លាក់ និងការពុំសូវអភិវឌ្ឍវិស័យបច្ចេកវិទ្យាឱ្យខ្លាំងខ្លាដូចមុន ជាមូលហេតុចម្បង។

 
 
នៅឆ្នាំ ១៩៩៥ នៅពេលដែលទស្សនាវដ្ដីអាម៉េរិក Fortune  បានចេញផ្សាយជាលើកដំបូងបញ្ជីឈ្មោះ Global ៥០០ ក្រុមហ៊ុនដែលឈរនៅលំដាប់កំពូលនោះគឺក្រុមហ៊ុនជប៉ុន Mitsubishi ។  នាពេលនោះប្រាក់ចំណូល ១៧៦ពាន់លានដុល្លាររបស់ Mitsubishi គឺធំជាងក្រុមហ៊ុនអាម៉េរិក AT&T, Dupont Citicorp និង P&G រួមបញ្ចូលគ្នាទៅទៀត ។ 
Global ៥០០ ជាបញ្ជីប្រចាំឆ្នាំរបស់ Fortune ដែលចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនធំជាងគេទាំង ៥០០ របស់ពិភពលោកដោយផ្អែកលើប្រាក់ចំណូល។


ចំនួនក្រុមហ៊ុនជប៉ុន (ខ្មៅ) ចិន (ក្រហម) អាមេរិក (ខៀវ) ក្រុមហ៊ុនអឺរ៉ុប (ពណ៌ប្រផេះ) នៅក្នុងបញ្ជីក្រុមហ៊ុនធំជាងគេ Global ៥០០ ។  ក្រាហ្វ ៖ Fortune ។ 

គ្រានោះនៅក្នុងកំពូលទាំង ១០ មានក្រុមហ៊ុនជប៉ុន ៥​ផ្សេងទៀតគឺ Mitsui, Itochu, Sumitomo, Marubeni និង Nissho Iwai (ក្រោយមកប្តូរឈ្មោះ Sojitz)។ ជប៉ុនគឺជាប្រទេសដែលតំណាងច្រើនជាងគេទីពីរនៅក្នុងបញ្ជីនេះដែលមានក្រុមហ៊ុនចំនួន ១៤៩ ។ ឈរនៅលំដាប់កំពូលគឺអាម៉េរិកដែលមាន ១៥១ក្រុមហ៊ុន ។ ប៉ុន្តែក្រុមហ៊ុនជប៉ុនដែលស្ថិតក្នុងលំដាប់កំពូលទាំង៥០០ មានប្រាក់ចំណូលសរុបច្រើនជាងគេនៅលើពិភពលោក ។
 
រយៈពេល ២៨ឆ្នាំក្រោយ ស្ថានភាពបានផ្លាស់ប្តូរទាំងស្រុង។ យោងតាមបញ្ជីដែលបានចេញផ្សាយកាលពីដើមខែនេះ ជប៉ុនមានក្រុមហ៊ុនចំនួន ៤១ ប៉ុណ្ណោះនៅក្នុងបញ្ជី Global ៥០០ ដែលទាបជាងអាម៉េរិក និងចិនដីគោកដែលមានក្រុមហ៊ុនចំនួន ១៣៦ និង ១៣៥ រៀងគ្នា។
 
ក្រុមហ៊ុនជប៉ុននៅក្នុងបញ្ជីនេះ មានប្រាក់ចំណូលសរុបត្រឹមតែ ២,៨ ទ្រីលានដុល្លារតែប៉ុណ្ណោះកាលពីឆ្នាំមុន ឬត្រឹម ៦,៨ភាគរយនៅទូទាំងពិភពលោក។ សមាមាត្រនេះសម្រាប់អាម៉េរិកមានដល់ ៣១,៨ភាគរយ និងចិនគឺ ២៧,៥ភាគរយ។
 
Toyota Motor ជាក្រុមហ៊ុនជប៉ុនធំជាងគេក្នុងបញ្ជីដែលជាប់ចំណាត់ថ្នាក់ទី១៩ ជាមួយនឹងការលក់បានទំហំទឹកប្រាក់ត្រឹមតែ ២៧៤ពាន់លានដុល្លារ។ Mitsubishi បានធ្លាក់មកចំណាត់ថ្នាក់ទី ៤៥ ជាមួយនឹងទឹកប្រាក់ ១៥៩ពាន់លានដុល្លារ។
 
បើតាម Fortune​ មានហេតុផលជាច្រើនដែលជប៉ុនធ្លាប់តែជាប្រទេសគ្រប់គ្រងពិភពលោកក្នុងបញ្ជី Global ៥០០ កាលពី ៣០ឆ្នាំមុនបានធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ។ ហេតុផលចម្បងនោះគឺ ប្រាក់យ៉េនចុះខ្សោយ និងការរំខានពីការកើនឡើងក្រុមហ៊ុនរបស់ចិន។ ទាំងនេះគឺជាបញ្ហាប្រឈមដែលសេដ្ឋកិច្ចជប៉ុនកំពុងជួបប្រទះ។
 
ការកើនឡើងរបស់ក្រុមហ៊ុនចិន 
 
នៅឆ្នាំ ១៩៩៥ ចិនមានអ្នកតំណាងតែ៣ក្រុមហ៊ុនប៉ុណ្ណោះក្នុងកំពូលបញ្ជី Global ៥០០។ ប៉ុន្តែបច្ចុប្បន្នយក្សអាស៊ីមួយនេះមាន ១៣៥ក្រុមហ៊ុនតំណាងដែលលើសជប៉ុនជាង៣ដង ។ សូម្បី​តែចំនួន​សហគ្រាស​ចិនបច្ចុប្បន្ន​ ​ក៏មានកំណើនខ្ពស់ច្រើនជាង​ជប៉ុនផងដែរ។ កាលពីដើមឆ្នាំនេះ ចិនបាននាំមុខជប៉ុន ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ផ្នែកមួយមកពីកំណើនរថយន្តអគ្គិសនីដែលកំពុងរីកចម្រើន ដូចជា BYD និងក្រុមហ៊ុនផលិតអាគុយរថយន្ត CATL ។
 
ប្រាក់យ៉េនចុះខ្សោយ 
 
ទន្ទឹមនេះ ការប្រែប្រួលនៃរូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុន ក៏ជាហេតុផលនៅពីក្រោយការធ្លាក់ចុះនៃក្រុមហ៊ុនជប៉ុនពីបញ្ជី Global ៥០០។ កាលពីឆ្នាំមុន តម្លៃប្រាក់យ៉េនបានធ្លាក់ចុះ ២០ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលធ្វើឲ្យប្រាក់ចំណូលដែលប្តូរទៅជាប្រាក់ដុល្លារបានតិច។
 
ប្រាក់យ៉េនទន់ខ្សោយ នាំឱ្យការនាំចេញរបស់ជប៉ុនមានតម្លៃថោក ប៉ុន្តែក៏ធ្វើឱ្យការនាំចូលមានតម្លៃថ្លៃ។ អាជីវកម្មជប៉ុនបច្ចុប្បន្នប្រឈមនឹងការចំណាយខ្ពស់ទៅលើថាមពល និងទំនិញនាំចូលផ្សេងទៀត។
 
កំណើននៃការនាំចេញដែលមិនរំពឹងទុក បានជំរុញផលិតផលក្នុងស្រុកសរុប (GDP)របស់ជប៉ុនកើន ៦ភាគរយកាលពីត្រីមាសទី២។ នេះ​ជា​សញ្ញា​នៃ​ការ​រំខាន​ដល់​ច្រវាក់​ផ្គត់ផ្គង់ ខណៈ​ដែល​ជំងឺ​រាតត្បាត​បាន​ចុះ​ត្រជាក់។ យ៉ាងណា ការចំណាយក្នុងស្រុកនៅតែមានកម្រិតទាប ដែលធ្វើឱ្យសេដ្ឋកិច្ចធំទីបីរបស់ពិភពលោកបន្តស្ថិតនៅក្រោមសម្ពាធដដែល។ 
 
ជប៉ុន​ខកខានការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា
 
បញ្ហាដ៏ធំបំផុតនោះគឺថា សេដ្ឋកិច្ចជប៉ុនបាននៅទ្រឹងអស់រយៈពេលជាយូរ ដែលនាំឱ្យឱកាសអភិវឌ្ឍរបស់ក្រុមហ៊ុនជប៉ុន និងការចាប់ផ្តើមអាជីវកម្មមានកាន់តែតិចទៅៗ។ ក្នុង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ GDP របស់​ជប៉ុន​បាន​កើន​ឡើង​ត្រឹម​តែ ៥,៣ភាគរយប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ អាម៉េរិក​កើន​២៣ភាគរយ ខណៈចិន​ដីគោក​កើនដល់ ​៨៣ភាគរយ។
 
លោក Norihiro Yamaguchi សេដ្ឋវិទូនៅ Oxford Economics គិតថាក្រុមហ៊ុនជប៉ុនបានខកខានការក្នុងការធ្វើឱ្យរីកចម្រើនក្នុងសម័យអ៊ីនធឺណិត បើធៀបនឹងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតដូចជាអាម៉េរិក ឬចិន ដែលវា​ជា​វប្បធម៌​វិនិយោគ​បែប​អភិរក្សរបស់ជប៉ុន។ លោកលើកឡើងថា ៖ « ក្រុមហ៊ុនជប៉ុនមានទំនោរផ្តោតលើការកាត់បន្ថយការចំណាយបុគ្គលិក ជាជាងការបង្កើនប្រាក់ចំណូល ឬបើកអាជីវកម្មថ្មី»។
 
ជាងនេះទៅទៀត ជប៉ុនក៏មិនទាន់មានក្រុមហ៊ុនណានៅក្នុងក្រុម Big Tech ដូចជា Alphabet,  Microsoft, Alibaba ឬ Tencent ដែរ។ លោក Vasuki Shastry អ្នកស្រាវជ្រាវនៅ Chatham House បាននិយាយថា ៖« ខុសពីចិន ជប៉ុនមិនទាន់បានឃើញការកើនឡើងនៃសហគ្រិនថ្មីថ្មោងដូចជា Jack Ma របស់ Alibaba ឬ Pony Ma របស់ Tencent ទេ »។ 
 
អ្នកជំនាញនេះមើលឃើញថា កំណែទម្រង់សេដ្ឋកិច្ច និងរចនាសម្ព័ន្ធយឺតមិនផ្តល់ការលើកទឹកចិត្តសម្រាប់ការបំផុសវិនិយោគិនជប៉ុនឱ្យលេចធ្លោនោះទេ ៕

Tag:
 ជប៉ុន
  Global ៥០០
© រក្សាសិទ្ធិដោយ thmeythmey.com