ជាតិ
កសិក​រ រំពឹងដំឡូងមីនឹងបន្តឡើងថ្លៃ ដល់រដូវប្រមូលផង​
26, Aug 2023 , 7:00 pm        
រូបភាព
រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ
រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ
ភ្នំពេញ៖ មួយរយៈចុងក្រោយ មានឈ្មួញថៃ និងវៀតណាម ប្រជែងគ្នាទិញដំឡូងមីកម្ពុជាច្រើន ជាពិសេស តាមព្រំដែន។ ការណ៍នេះធ្វើឱ្យកសិករដែលជាអ្នកដាំដុះដំឡូង  សង្ឃឹមខ្ពស់ ថា ដំឡូងមីអាចបានតម្លៃខ្ពស់នៅរដូវប្រមូលផល ដែលចាប់ផ្ដើមពីខែតុលាតទៅ។

 
 
សព្វថ្ងៃ ដំឡូងមីមានទីផ្សារ និងតម្លៃល្អគួរសម។ នេះជាការលើកឡើងរបស់លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ដែលរំពឹងថា តម្លៃដំឡូងមី នឹងបន្តឡើងទៀត ខណៈឈ្មួញថៃ និងវៀតណាម កំពុងប្រជែងគ្នាទិញពីកម្ពុជា។ 
 
លោក ​ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖« ឆ្នាំនេះ តម្លៃដំឡូវមីអាចបានខ្ពស់ជាងឆ្នាំមុន ក៏ព្រោះតែ ឥឡូវនេះ ខ្ញុំឃើញមានឈ្មួញថៃ ចូលមកទិញដែរ»។ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំរូបនេះ បានពន្យល់ថា ៖«កាលណាមានឈ្មួញថៃមកចូលទិញ គឺជារឿងល្អ ព្រោះវាមានគូប្រជែងជាមួយវៀតណាម ដែលនាំឱ្យតម្លៃដំឡូងមីយើងមានការកើនឡើង»។  
 
បច្ចុប្បន្ន ដំឡូងមីស្រស់អាចលក់ចេញបានប្រមាណ៣៦០រៀលក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំ២០២២ មានតម្លៃត្រឹមតែ៣២០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ យ៉ាងណា លោក តេន ទុំ ជឿថា ដំឡូងមីអាចឡើងថ្លៃដល់ជាង៤០០រៀលក្នុងមួយគីឡូក្រាម នៅខែតុលាខាងមុខ។
 
ក្រៅតែពីទទួលបានតម្លៃខ្ពស់ ដំឡូងមី ក៏លូតលាស់ល្អផងដែរ ដ្បិតរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត កាលពីដើមឆ្នាំក៏ដោយ។ លោក តេន ទុំ បានបញ្ជាក់ ការដាំដុះដំឡូងក្នុងឆ្នាំនេះ មិនជាបញ្ហាអ្វីនោះទេ​ ដោយរង់ចាំតែពេលប្រមូលផលប៉ុណ្ណោះ នាអំឡុងខែតុលា ឆ្នាំ២០២៣។ 
 
សហគមន៍កសិកម្មបៃតងគោកស្រុក មានសមាជិក៦៣គ្រួសារ ដែលដាំដំណាំ និងបន្លែចម្រុះ ក្នុងនោះមានអ្នកដាំដំឡូងមីប្រមាណ៦០ហិកតា។ ដោយឡែក ក្រៅពីសហគមន៍ ក៏មានពលរដ្ឋជុំវិញ ដាំដំឡូងមីប្រហែល៥ពាន់ហិកតា ទៀតដែរ។ 
 
អ្វីដែលលោក តេន ទុំ មើលឃើញ និងរំពឹងនោះក៏មិនខុសគ្នាពី លោក អឿន ណៃ ដែលជាកសិករដាំដំឡូងមី​ ៤ហិកតា នៅស្រុកជ័យសែន ខេត្តព្រះវិហារ ផងដែរ។​ លោកបានលើកឡើងថា​ ដំឡូងមីបានឡើងថ្លៃខ្ពស់រហូតដល់៣១០រៀលក្នុងមួយគីឡូក្រាម នារយៈពេលជិតមួយខែចុងក្រោយនេះ ដែលតម្លៃនេះល្មមឱ្យ លោក អាចចំណេញបានច្រើន។ 
 
លោក អឿន ណៃ ប្រាប់ដូច្នេះថា៖«ពីមុនបានតម្លៃតែ ២៥០ ទៅ២៦០រៀលទេក្នុងមួយគីឡូក្រាម តែចូលដល់ខែសីហានេះ វាឡើងបាន៣១០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ វាអាចឡើងទៀត នៅខែកញ្ញា ឬតុលា»។
 
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ត្រឹមឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញដំឡូងមីរបស់កម្ពុជា ទៅកាន់អន្តរជាតិមានតម្លៃជាង៣៣០លានដុល្លារ កើនឡើង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២៕ 

Tag:
 ដំឡូងមី
  ខេត្តត្បូងឃ្មុំ
  ខេត្តព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com