សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​ខ្ទឹមបារាំង​​អាច​នឹង​ឡើងថ្លៃ បន្ទាប់ពី​ការដាក់ពន្ធនាំចេញ​របស់​ឥណ្ឌា​
27, Aug 2023 , 8:40 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
តម្លៃខ្ទឹមបារាំងលក់រាយនៅឥណ្ឌាបានហក់ឡើងប្រមាណ ២០ភាគរយ ដែលជាមធ្យមតម្លៃ ៣៧សេនក្នុងមួយគីឡូក្រាមខ្ពស់ជាង ២៤សេនក្នុងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ការឡើងថ្លៃផលិតផលនេះ បានកើតឡើងក្រោយពីការដាក់ពន្ធរបស់ឥណ្ឌា ៤០ភាគរយសម្រាប់ការនាំចេញ ដែលនឹងជះឥទ្ធិពលដល់ប្រទេសនាំចូលជាច្រើន។

 
 
ជាមួយការយកពន្ធនាំចេញ ៤០ភាគរយដែលឥណ្ឌាដាក់លើខ្ទឹមបារាំងដោយសារតែការឡើងតម្លៃក្នុងស្រុក អ្នកវិភាគបានមើលឃើញពីផលប៉ះពាល់នៃការផ្លាស់ប្តូរនេះ ជាពិសេសទៅលើប្រទេសនាំចូលសំខាន់ៗ។ បើតាមក្រសួងហិរញ្ញវត្ថុឥណ្ឌា ពន្ធថ្មីនេះមានប្រសិទ្ធភាពភ្លាមៗរហូតដល់ថ្ងៃទី៣១ ខែធ្នូ មានបំណងធានាការផ្គត់ផ្គង់ក្នុងស្រុក និងបន្ថយអតិផរណា។
 
តម្លៃខ្ទឹមបារាំងលក់រាយនៅឥណ្ឌាបានកើនឡើងប្រហែល ២០ភាគរយដែលជាមធ្យមប្រហែល ៣០,៧២រូពី (៣៧សេនដុល្លារ)ក្នុងមួយគីឡូក្រាមគិតត្រឹមថ្ងៃទី១៩ ខែសីហា គឺខ្ពស់ជាង ២០,៤៤រូពី(២៤សេនដុល្លារ) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងកិច្ចការអ្នកប្រើប្រាស់ ចំណីអាហារ និងការចែកចាយសាធារណៈឥណ្ឌា។
 
លោក Pushan Sharma នាយកស្រាវជ្រាវនៃក្រុមហ៊ុនស្រាវជ្រាវ CRISIL Market Intelligence & Analytics បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងខែកក្កដាឆ្នាំនេះនៅតំបន់ Maharashtra និង Karnataka បានធ្វើឱ្យដំណាំខ្ទឹមបារាំងខូចខាតយ៉ាងដំណំ។
 
យោងតាមទីភ្នាក់ងារឧតុនិយមឥណ្ឌា ផ្នែកជាច្រើននៅឥណ្ឌាត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងពេញមួយខែកក្កដា។
 
ទន្ទឹមនឹងនេះ អតិផរណារបស់ឥណ្ឌាបានឡើងដល់កម្រិតខ្ពស់រយៈពេល ១៥ឆ្នាំគឺ ៧,៤៤ភាគរយនៅខែកក្កដា ភាគច្រើនដោយសារតែតម្លៃអាហារក្នុងស្រុកឡើងថ្លៃខ្លាំង។ នៅខែមេសា តម្លៃខ្ទឹមបារាំងបានធ្លាក់ចុះ ៣២,២ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន ដោយ​សារ​ការ​ផ្គត់ផ្គង់​លើស​កម្រិត​ ស្របពេល​ដែល​ដំណាំ​ឆាប់​ប្រមូល​ផល​។
 
ប៉ុន្តែបច្ចុប្បន្ននេះ ឥណ្ឌាកំពុងប្រឈមនឹងការឡើងថ្លៃនៃគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ។ តម្លៃ​ប៉េងប៉ោះ​ក្នុង​ប្រទេស​នេះ​បាន​កើនឡើង​ជាង ៣០០ភាគរយ ដោយសារ​អាកាសធាតុ​កាន់តែអាក្រក់ទៅ។ កាលពីខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់។
 
លោក Samarendu Mohanty នាយកអាស៊ីនៃមជ្ឈមណ្ឌលដំឡូងអន្តរជាតិនៃក្រុមហ៊ុនកសិកម្ម CIP បាននិយាយថា រដ្ឋាភិបាលឥណ្ឌាចង់គ្រប់គ្រងតម្លៃ និងធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងទីផ្សារក្នុងស្រុក។
 
បើតាមអ្នកជំនាញនេះ បង់ក្លាដែស ម៉ាឡេស៊ី ស្រីលង្កា និងប្រទេសជាច្រើននៃមជ្ឈិមបូព៌ាពឹងផ្អែកលើការផ្គត់ផ្គង់ខ្ទឹមបារាំងពីឥណ្ឌា នឹងរងផលប៉ះពាល់ពីការឡើងថ្លៃនៃផលិតផលនេះ ។ 
 
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ CRISIL ឥណ្ឌាគឺជាប្រទេសនាំចេញខ្ទឹមបារាំងធំជាងគេបំផុតរបស់ពិភពលោក មានចំណែកច្រើនជាង ១២ភាគរយនៃពាណិជ្ជកម្មពិភលោកសម្រាប់ទំនិញប្រភេទនេះ។
 
ខ្ទឹមបារាំងគឺជាទំនិញសំខាន់មួយនៅឥណ្ឌា ហើយត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងម្ហូបបែបប្រពៃណីអាស៊ីខាងត្បូង។ ខ្ទឹមបារាំង ប៉េងប៉ោះ និងដំឡូង គឺជាប្រភេទបន្លែដែលទាញកញ្ចប់តម្លៃទំនិញប្រើប្រាស់ (CPI) របស់ឥណ្ឌាឱ្យកើនឡើង។
 
នៅឆ្នាំ ២០១៩ ឥណ្ឌាបានហាមឃាត់ការនាំចេញខ្ទឹមបារាំង បន្ទាប់ពីការប្រមូលផលបានធ្លាក់ចុះដោយសារតែទឹកភ្លៀងច្រើនពេក៕

Tag:
 ខ្ទឹមបារាំង
  ឥណ្ឌា
  នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com