កីឡាជាតិ
ជាតិ
ឈុន ប៊ុនថន ឆ្លៀតយកចាប៉ីដងវែងតាមខ្លួន ដើម្បីបង្ហាញវប្បធម៌ខ្មែរ អំឡុងហ្វឹកហាត់នៅចិន
27, Aug 2023 , 11:30 am        
រូបភាព
កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
ដោយ:
ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន ស្ថិតក្នុងចំណោមអត្តពលិកកម្ពុជាងទាំង១៣៦រូប ទៅហ្វឹកហាត់នៅចិនជាលើកទី២ ដើម្បីត្រៀមប្រកួតកីឡាអាស៊ី។ ទៅទឹកដីចិន ប៊ុនថន យកឧបករណ៍តន្ត្រីបុរាណខ្មែរចាប៉ីដងវែងទៅតាមខ្លួន ក្នុងគោលបំណងកំដរការអផ្សុក និងឆ្លៀងផ្សព្វផ្សាយអ្វីដែលជាវប្បធម៌របស់ខ្មែរឱ្យកីឡាករ-កីឡាការិនីដែលនៅប្រទេសចិនបានស្គាល់ផង។

 
ឈុន ប៊ុនថន យល់ឃើញថាការទៅហ្វឹកហាត់នៅប្រទេសចិននឹងជួយឱ្យអត្តពលិកកម្ពុជាកើនសមត្ថភាព និងឈានទៅរកការប្រកួតប្រជែងកាន់តែខ្ពស់។ «ការហ្វឹកហាត់នៅប្រទេសចិនគឺល្អ គឺខ្ញុំជឿជាក់ថាអាចបំបែកវិញ្ញាសាបានដោយសារតែការបង្វឹករបស់គ្រូមានបច្ចេកទេសខ្ពស់ ហើយជាគ្រូកម្រិតខ្ពស់ ហើយណាមួយយើងបានលះបង់តស៊ូដែរប្រឹងប្រែងក្នុងការហ្វឹកហាត់»។ ម្ចាស់មេដាយមាសរត់ចម្ងាយ៨០០ម៉ែត្រ ស៊ីហ្គេមលើកទី៣២ និយាយដូច្នេះទៅកាន់អ្នកសារព័ត៌មាន មុនបន្ថែមថាសម្រាប់ការហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសចិន ជាទន់ដើម្បីឈានទៅរកតំណែងលេខ១០ក្នុងកម្រិតអាស៊ី(Top10) មុនឈានទៅកីឡាអូឡាំពិក។


ថ្នាកដឹកនាំកីឡា និងអត្តពលិកត្រៀមខ្លួនចេញទៅប្រទេសចិន

ម្ចាស់មេដាយមាសរត់ចម្ងាយស៊ីហ្គេម២០២៣ និយាយថា៖«ជាលទ្ធផលប្រសិនជាខ្ញុំមានឱកាសហ្វឹកហាត់រយៈពេលមួយឆ្នាំពេញខ្ញុំជឿជាក់ថានឹងអាចយកជ័យជម្នះបាន។ ជាក់ស្តែងលទ្ធផលជើងឯកកីឡាអាស៊ីនៅប្រទេសថៃខ្ញុំបានលេខ១១ អ៊ីចឹង!បើកីឡាអាស៊ីនៅចិននេះខ្ញុំយកបានលេខ១០ គឺវាពិតជាល្អមែនទែនដើម្បីជាទុនទៅកីឡាអូឡាំពិក»។
 
ក្នុងដំណើរទៅចូលរួមការហ្វឹកហាត់នៅប្រទេសចិនជាលើកទី២នោះដែរ ប៊ុនថន ក៏បានបង្ហាញសមត្ថភាពមួយទៀតដែលខ្លួនត្រៀមធ្វើឱ្យប្រជាជនចិនស្គាល់ពីវប្បធម៌ និងអរិយធម៌របស់ប្រទេសកម្ពុជា ដែលជាការរួមចំនែណមួយសម្រាប់ខ្លួនដែលមានបេសកម្មរយៈពេល៩០ថ្ងៃនៅប្រទេសចិននេះ។ ដោយហេតុផលមិនចេះលេងហ្គេម កីឡាករអត្តពលកម្មកម្ពុជាបង្វែរយកឧបករណ៍តន្ត្រីបុរាណខ្មែរទៅបំពេរសូរសព្ទនៅទឹកដីចិនដើម្បីកំដរការអផ្សុក និងលេងជូនមិត្តអត្តពលិកដូចគ្នា។
 
«ការយកចាប៉ីទៅប្រទេសចិននេះគឺដើម្បីលេងកំដរការអផ្សុកព្រោះខ្ញុំអត់ចេះលេងហ្គេម ហើយក៏ចង់ផ្សព្វផ្សាយអ្វីដែលជាវប្បធម៌របស់ខ្មែរឱ្យកីឡាករ-កីឡាការិនីដែលនៅប្រទេសចិនបានស្គាល់ផងដែរ»។ កីឡាករ ឈុន ប៊ុនថន បញ្ជាក់ដូច្នេះមុនបន្តថាការលេងតន្រ្តី និងហ្វឹកហាត់កីឡាមិនមានអ្វីប៉ះពាល់នោះទេពោលគឺជួយដល់ស្មារតីអត្តពលិកឱ្យមានសមាធិទៅវិញទេ។ «ខ្ញុំគិតថាការលេងតន្រ្តី និងហាត់កីឡាគឺល្អនូវពេលដែលខ្ញុំហាត់ខ្លាំងគេងអត់លក់ ខ្ញុំយកចាប៉ីមកលេងអារម្មណ៍ស្ងប់គេងលក់»។ 
 
គួបញ្ជាក់ថា សម្រាប់ការចេញដំណើរទៅហ្វឹកហាត់ និងត្រៀមការប្រកួតកីឡាអាស៊ីនៅប្រទេសចិន មានអត្តពលិក ១៣៦នាក់ មកពី១១ប្រភេទកីឡា។ ប៊ុនថន ក៏ស្ថិតក្នុងចំណោមនោះដែលបានចេញដំណើរទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដែលការហ្វឹកហាត់នឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៣៕

Tag:
 (អត្តពលកម្ម
 ឈុន ប៊ុនថន)
© រក្សាសិទ្ធិដោយ thmeythmey.com