អន្តរជាតិ
ប្រទេសណាខ្លះនៅបន្តអនុវត្តទោសប្រហារជីវិត?
27, Aug 2023 , 12:00 pm        
រូបភាព
មកទល់ពេលនេះ បើទោះបីជាការកាត់ទោសប្រហារជីវិតបានថយចុះក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះបន្ទាប់ពីមានរដ្ឋជាច្រើនបានលុបចោលទោសប្រហារជីវិត ឬកែទម្រង់ប្រព័ន្ធច្បាប់របស់ខ្លួន យ៉ាងហោចណាស់មួយភាគបីនៃបណ្តាប្រទេសនានាលើសកលលោក មិនទាន់បានហាមឃាត់ការកាត់ទោសប្រហារជីវិតទាំងស្រុងនោះទេ។

 
ជានិយមន័យ ទោសប្រហារជីវិត ជាការកាត់ទោសដោយប្រហារជីវិតធ្វើឡើងដោយរដ្ឋទៅលើបុគ្គលណាម្នាក់។ នៅក្នុងករណីភាគច្រើន ទោសប្រហារជីវិតត្រូវបានបម្រុងទុកសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចជាភេរវកម្ម ឃាតកម្មទ្រង់ទ្រាយធំ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឃាតកម្ម ឬការរំលោភ។
 
ជាមួយគ្នានេះ នៅរដ្ឋមួយចំនួន ទោសប្រហារជីវិតអាចត្រូវបានគេប្រើប្រាស់ដើម្បីបំបិទមាត់អ្នកប្រឆាំង ឬដាក់ទោសឧក្រិដ្ឋកម្មតូចៗ ដូចជាការគ្រប់គ្រងគ្រឿងញៀន ការរត់ចូលខាងខ្មាំង ឬសូម្បីតែភាពកំសាក។ ជាក់ស្ដែង បុរសម្នាក់ត្រូវបានទទួលការព្យួរកពីបទជួញដូរកញ្ឆាកាលពីខែកក្កដា ឆ្នាំ២០២២ នៅសិង្ហបុរី។ 
 
យោងតាម Amnesty International មានទណ្ឌិតចំនួន៨៨៣នាក់បានទទួលទោសប្រហារជីវិតក្នុង២០ប្រទេសកាលពីឆ្នាំ២០២២ ដែលចំនួននេះបានកើនឡើងពីឆ្នាំ២០២១ ដែលមានចំនួន៥៧៩នាក់។ 
 
គិតត្រឹមឆ្នាំ២០២២ មានរដ្ឋសរុបចំនួន៥៥ នៅរក្សាការអនុវត្តទោសប្រហារជីវិត។ ការកាត់ទោសប្រហារជីវិតភាគច្រើនកើតឡើងនៅចិន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងអាម៉េរិក ដែលជាប្រទេសអនុវត្តទោសនេះច្រើនជាងគេ។ ប៉ុន្តែសម្រាប់ចំនួនជាក់លាក់នៃទណ្ឌិតនៅចិន Amnesty International មិន​បាន​រាប់​បញ្ចូល​នោះទេ ដោយសារតែទិន្នន័យនេះត្រូវចាត់ទុកជាកិច្ចការសម្ងាត់រដ្ឋ។
 
យ៉ាងណាមិញ ប្រទេសខ្លះក៏សម្រេចចោលទោសនេះដែរ។ ចុងក្រោយនេះ រដ្ឋចំនួន៤រួមមាន កាហ្សាក់ស្ថាន ប៉ាពូអាស៊ីនូវែលហ្គីណេ សៀរ៉ាឡេអូន និងអាហ្រ្វិកកណ្តាលបានលុបចោលទោសប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មទាំងអស់ ដែលនាំឱ្យចំនួនសរុបនៃរដ្ឋដែលលុបបំបាត់ចោលទោសប្រហារជីវិតកើនរហូតដល់១១២។ 

© រក្សាសិទ្ធិដោយ thmeythmey.com