អន្តរជាតិ
តើដែនទឹករបស់រដ្ឋនីមួយៗត្រូវកំណត់ដោយរបៀបណា?
27, Aug 2023 , 10:00 pm        
រូបភាព
ដោយសារតែភាពធំល្វឹងល្វើយនៃសមុទ្រដែលបានគ្របដណ្ដប់រហូតទៅដល់៧១ភាគរយនៃភពផែនដី វាពិតជារឿងសំខាន់ក្នុងការកំណត់ព្រំដែនសមុទ្រដោយផ្អែកទៅតាមច្បាប់អន្តរជាតិដើម្បីចៀសផុតពីបញ្ហាវិវាទនៅលើដែនសមុទ្រ។ តើដែនទឹករបស់រដ្ឋនីមួយៗត្រូវកំណត់ដោយរបៀបណា?

 
បើយោងតាមច្បាប់អន្ដរជាតិ ការកំណត់ព្រំដែនសមុទ្រសម័យបច្ចុប្បន្នរួមមាន ដែនទឹកផ្ទៃក្នុង (Internal Waters) សមុទ្រដែនដី (Territorial Sea) តំបន់តភ្ជាប់ (Contiguous Zone) តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (Exclusive Economic Zone, EEZ) ខ្ពង់រាបបាតសមុទ្រ (Continental Shelf) លំហសមុទ្រអន្ដរជាតិ (High Seas) និង តំបន់ (Area)។ 
 
ចំពោះប្រវែងទទឹងនៃ សមុទ្រដែនដី តំបន់តភ្ជាប់ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រូវបានវាស់វែងពីបន្ទាត់មូលដ្ឋានដែលបានកំណត់ដោយអនុលោមតាមច្បាប់នៃអនុសញ្ញាសមុទ្រឆ្នាំ១៩៨២ (The 1982 Law of the Sea Convention) ។
 
បន្ទាត់មូលដ្ឋានត្រូវបានប្រើប្រាស់សម្រាប់វាស់តំបន់សមុទ្រដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋជាប់ឆ្នេរ។ វាត្រូវបានបែងចែកជាពីរប្រភេទមានបន្ទាត់មូលដ្ឋានធម្មតា និងបន្ទាត់មូលដ្ឋានត្រង់។ បន្ទាត់នេះត្រូវបានយកមកវាស់តាមបន្ទាត់ខ្សែទឹកនាចនៅតាមបណ្ដោយឆ្នេរ។ 
 
ដែនទឹកផ្ទៃក្នុង សំដៅលើតំបន់សមុទ្រដែលស្ថិតនៅផ្នែកខាងឆ្នេរសមុទ្ររបស់រដ្ឋ។ តំបន់មួយនេះ ជាអធិបតេយ្យភាពពេញលេញរបស់រដ្ឋជាប់ឆ្នេរដែលប្រៀបបានទៅនឹងដែនដីគោកដែរ។ នាវាបរទេសដែលត្រូវឆ្លងកាត់តំបន់នេះ ត្រូវសុំការអនុញ្ញាតពីរដ្ឋជាប់ឆ្នេរជាមុនសិន។ 
 
ចំពោះសមុទ្រដែនដី ជាតំបន់សមុទ្រដែលលាតសន្ធឹងពីបន្ទាត់មូលដ្ឋានទៅកាន់លំហសមុទ្រចម្ងាយ ១២ម៉ៃល៍សមុទ្រ (២២គីឡូម៉ែត្រ)។  រដ្ឋជាប់ឆ្នេរមានសិទ្ធិអនុវត្តអធិបតេយ្យភាពលើដែនសមុទ្រ ដែនអាកាស និងបាតសមុទ្រ និងដីក្រោមបាតសមុទ្រនៃតំបន់នេះ។ ដោយហេតុនេះ ការធ្វើនាវាចរណ៍របស់នាវាបរទេសគឺមានកម្រិតព្រោះរដ្ឋជាប់ឆ្នេរបានសិទ្ធិពេញទីក្នុងអនុម័តច្បាប់ និងបទប្បញ្ញត្តិទៅតាមច្បាប់នៃអនុសញ្ញាសមុទ្រ (The Law of Sea Convention) និងច្បាប់អន្តរជាតិផ្សេងៗទៀតដើម្បីគ្រប់គ្រងតំបន់នេះ។ 
 
ដោយឡែក តំបន់តភ្ជាប់វិញ ជាតំបន់សមុទ្រដែលលាតសន្ធឹងពីបន្ទាត់មូលដ្ឋានទៅកាន់លំហសមុទ្រចម្ងាយ ២៤ម៉ៃល៍សមុទ្រ (៤៤គីឡូម៉ែត្រ)។ នៅក្នុងតំបន់នេះ រដ្ឋជាប់ឆ្នេរអាចអនុវត្តការគ្រប់គ្រងនានា ការអនុវត្តច្បាប់គយ សារពើពន្ធ អន្តោប្រវេសន៍ ឬច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួនដែរស។ 
 
រីឯតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ជាតំបន់សមុទ្រដែលលាតសន្ធឹងពីបន្ទាត់មូលដ្ឋានទៅកាន់លំហសមុទ្រចម្ងាយ ២០០ម៉ៃល៍សមុទ្រ (៣៧០គីឡូម៉ែត្រ)។ ក្នុងតំបន់នេះរដ្ឋជាប់ឆ្នេរមានសិទ្ធិអនុវត្តអធិបតេយ្យភាពរបស់ខ្លួន ក្នុងការរុករក ធ្វើអាជីវកម្ម អភិរក្ស និងចាត់ចែងធនធានធម្មជាតិពីក្រោមបាតសមុទ្រ និងដីក្រោមបាតសមុទ្រ។ ជាមួយគ្នានេះ រដ្ឋទាំងនោះក៏មានយុត្តាធិការក្នុងការបង្កើត និងប្រើប្រាស់កោះសិប្បនិម្មិត ការដំឡើង និងរចនាសម្ព័ន្ធនានាទៅលើតំបន់នេះ។ 
 
បើកនិយាយពី ខ្ពង់រាបបាតសមុទ្រវិញ ជាដីស្ថិតនៅបាតសមុទ្រដុះបន្ដចេញពីដែនដីគោកដែលអាចលាតសន្ធឹងរហូតដល់អតិបរមា៣៥០ម៉ៃល៍សមុទ្រ (៦៥០គីឡូម៉ែត្រ) ឬលើសពីនេះប្រសិនបើលក្ខណៈវិនិច្ឆ័យភូមិសាស្ត្រជាក់លាក់ត្រូវបានបំពេញ។ រដ្ឋជាប់ឆ្នេរមានសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការផ្តាច់មុខលើខ្ពង់រាបបាតសមុទ្ររបស់ខ្លួន ក្នុងការរុករក និងទាញយកធនធានធម្មជាតិមាននិងគ្មានជីវិតពីក្រោមបាតសមុទ្រ និងដីក្រោមបាតសមុទ្រ រួមជាមួយនឹងគោលបំណងផ្សេងៗទៀតដែលបានបញ្ជាក់នៅក្នុងអនុសញ្ញាច្បាប់សមុទ្រ។
 
ដោយឡែក លំហសមុទ្រអន្ដរជាតិវិញ ជាផ្នែកទាំងអស់នៃសមុទ្រដែលមិនត្រូវបានរាប់បញ្ចូលក្នុងតំបន់រៀបរាប់ខាងលើ។ វាជាតំបន់មួយដែលបើកចំហដល់ប្រជាជាតិទាំងអស់សម្រាប់សេរីភាពនៃការធ្វើនាវាចរណ៍ ការនេសាទ ការដាក់ខ្សែកាបក្នុងនាវាមុជទឹកនិងបំពង់បង្ហូរប្រេង និងការហោះហើរនៃយន្តហោះ។
 
ចំណែកឯ តំបន់វិញគឺជាផ្នែកមួយដែលមាននៅក្រោមបាតសមុទ្រ និងដីក្រោមបាតសមុទ្រដែលលើសពីដែនកំណត់នៃយុត្តាធិការជាតិហើយមិនរាប់បញ្ចូលផ្ទៃទឹក ឬលំហអាកាសពីលើផ្ទៃទឹកទាំងនោះ។ ធនធាននៃតំបន់នេះ ជាមរតករួមរបស់មនុស្សជាតិ ហើយគ្មានរដ្ឋណាមួយអាចទាមទារ ឬអនុវត្តអធិបតេយ្យភាពលើផ្នែកណាមួយរបស់វាបានឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com