កីឡាជាតិ
ជាតិ
កីឡាករបាល់ទះគុយបា៣រូប ទទួលបានសញ្ជាតិខ្មែរ និងជាប់ជម្រើសជាតិបាល់ទះកម្ពុជា
29, Aug 2023 , 8:59 am        
រូបភាព
ដោយ:
កីឡាករបាល់ទះជនជាតិគុយបា៣រូបដែលកំពុងប្រកបអាជីពនៅក្លិបបាល់ទះវិសាខា ទទួលបានសញ្ជាតិខ្មែរ និងជាប់ក្នុងក្រុមជម្រើសជាតិកីឡាបាល់ទះបុរសក្នុងសាលកម្ពុជា។ កីឡាករចូលសញ្ជាតិទាំងបី ជាប់ឈ្មោះទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅចិន។ កីឡាករគុយបាទាំងបីររូប មាន Henry Pelayo Bernal, Lester Armando Sanchez និង Raciel Herrera។

 
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននាថ្ងៃទី២៦ ខែសីហា ថាការបញ្ចូលកីឡាករបរទេសក្នុងក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា ព្រោះពួកគេមានសមត្ថភាព ដែលអាចជាផ្នែកមួយជួយក្រុមកម្ពុជាកាន់តែខ្លាំង។
 
«បន្ទាប់ពីចប់ស៊ីហ្គេមនៅវៀតណាមអត្តពលិកយើងត្រូវបានជម្រុះជាង១០នាក់។ ថ្មីៗនេះកីឡាករបរទេស បានចូលសញ្ជាតិ៣នាក់ មូលហេតុតែមួយគត់គឺដើម្បីជំរុញលើកទឹកចិត្តឱ្យអត្តពលិកកម្ពុជាយើងដែលនៅស្ទើរឆន្ទៈប្រឹងបន្ថែមទៀត»។ នេះជាការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ។ 
អគ្គលេខាធិការរូបនេះបន្ថែមថា ការជម្រុះអ្នកចាស់ និងផ្លាស់បញ្ចូលអ្នកថ្មីមួយចំនួន និងសមាសភាពកីឡាករគុយបាបីរូបផង ដើម្បីឱ្យបាល់ទះកម្ពុជាកាន់តែលូតលាស់ទៅមុខ។
 
អនុប្រធានសហព័ន្ធកីឡាបាល់ទះបន្តថាសម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺរីករាយស្វាគមន៍ទទួលអ្នកមានសមត្ថភាព និងបេះដូងជាអ្នកកីឡាចូលរួមក្នុងក្រុមជម្រើសជាតិឱ្យតែអ្នកមានះសិកាស្នេហាជាតិកម្ពុជា។ «ប្រសិនយើងខ្លាំងនៅក្នុងចំណោមអ្នកខ្លាំង នោះកៅអីជម្រើសជាតិនឹងមានសម្រាប់យើង ហើយត្រូវតែប្រឹងបន្ថែមទៀតចំពោះអ្នកមិនទាន់ជាប់ជម្រើសជាតិ»។
 
កីឡាករបរទេសជនជាតិគុយបាបីរូបដែលបានចូលជាសញ្ជាតិខ្មែរ និងជាប់ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជារួមមាន កីឡាករ Henry Pelayo Bernal មានវ័យ២២ឆ្នាំ និងមានកំពស់ ២​០៩សង់ទីម៉ែត្រ តួប្រយុទ្ធវាយបាល់ឆ្ងាយ(ត្រាវ៊ែរ) កីឡាករ Lester Armando Sanchez Cabrera វ័យ៣៣ឆ្នាំ មានកំពស់ ១៨៤សង់ទីម៉ែត្រ តួនាទីទទួលបាល់ទី២ ឬលើកបាល់(ប៉ះហ្ស៊ឺ) និងកីឡាករ Raciel Herrera វ័យ២៥ឆ្នាំ មានកំពស់ ១៩៧សង់ទីម៉ែត្រ តួប្រយុទ្ធវាយបាល់ខ្លី(បីម៉ែត្រ)៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com