កីឡាជាតិ
ជាតិ
សហព័ន្ធបាល់ទះកម្ពុជា នឹងបង្កើតពានផ្នែកនារី
28, Aug 2023 , 8:59 pm        
រូបភាព
ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា។ រូបពី មឿន ដាណែត
ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា។ រូបពី មឿន ដាណែត
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបង្កើតការប្រកួតពានរង្វាន់កីឡាបាល់ទះនារីក្នុងអាណត្តិទី៦(២០២៣-២០២៦) ក្រោមការចង្អុលបង្ហាញពីលោក នេត សាវឿន ប្រធានកិត្តិយសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះអាណត្តិទី៦។

 
«យើងនឹងទទួលយកនូវប្រសាសន៍ឥស្សរជនរបស់យើងជាពិសេសគឺនាយឧត្តមសេនីយន៍សន្តិបណ្ឌិត នេត សាវឿន ដែលលោកមានប្រសាសន៍ជំរុញឱ្យមានការប្រកួតប្រជែងក្នុងក្របខណ្ឌនារី។ អ៊ីចឹងនៅក្នុងអាណត្តិទី៦(២០២៣-២០២៦) នេះយើងនឹងបង្កើតឱ្យមានវិញ្ញាសារប្រកួតប្រជែងបាល់ទះនារី»។ លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ដូច្នេះ។
 
អនុប្រធានសហព័ន្ធកីឡាបាល់ទះអាណត្តិទី៦ លោក សិរីពិសិដ្ឋ បន្តថាការបង្កើតឱ្យមានពានរង្វាន់បាល់ទះនារីជាឱកាសល្អមួយសម្រាប់យុវនារីដែលមានសមត្ថភាពលើវិស័យបាល់ទះនេះ។
  
លោក អាំង សិរីពិសិដ្ឋ(ឆ្វេង) និងកីឡាករ Henry Peleyo Bernal។រូបពី អាំង សិរីពិសិដ្ឋ

 «យើងនឹងបង្កើតពានខាប់សម្រាប់នារីគឺដើម្បីឱ្យពួកគាត់មានឱកាសបង្ហាញសមត្ថភាព។ នៅពេលមានសមត្ថភាពក៏ជាឱកាសសម្រាប់យើងជ្រើសរើសបេក្ខភាពបន្តវេនសម្រាប់ចូលក្រុមជម្រើសជាតិផងដែរ»។ អគ្គលេខាធិការសហព័ន្ធបន្ថែមថាការជ្រើសរើសកីឡាករ-កីឡាការិនីថ្នាលគឺបន្តធ្វើរហូតដើម្បីជំរុញឱ្យវិស័យមួយនេះដើរទៅមុខ។
 
ក្រៅពីការយកចិត្តទុកដាក់ចំពោះការគាស់កកាយឡើងឱ្យមានព្រឹត្តិការណ៍កីឡាបាល់ទះពានរង្វាន់ផ្នែកនារី លោក អាំង សិរីពិសិដ្ឋ ថានេះជាអ្វីដែលសហព័ន្ធកំពុងតែយកចិត្តទុកដាក់ និងសិក្សាស្វែងយល់ដើម្បីឈានដល់ការបង្កើតឱ្យមានការប្រកួតប្រជែងដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយឈានដល់ការអភិវឌ្ឍន៍វិស័យបាល់ទះនៅកម្ពុជាទាំងបុរស និងនារីដើរទន្ទឹមគ្នា។
 
ជាមួយគ្នានឹងវិស័យបាល់ទះនេះដែរសម្រាប់កម្ពុជា ក៏ទើបតែទទួលបាននូវកំណត់ត្រាថ្មីលើវិញ្ញាសារបាល់ទះបុរសក្នុងសាលដោយទទួលបានមេដាយមាស១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់១ ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះទៅទៀតកម្ពុជាក៏នឹងបង្ហាញខ្លួននៅលើឆាកអន្តរជាតិជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន។
 
មន្រ្តីសហព័ន្ធ និងកីឡាករក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ រូបពី អាំង សិរីពិសិដ្ឋ

លោក អាំង សិរីពិសិដ្ឋ និយាយថា៖«នេះជាកំណត់ត្រាថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្តបាល់ទះកម្ពុជា ក្នុងរយៈកាលជាង ៥០ឆ្នាំចុងក្រោយដែលយើងមិនដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់កីឡាអាស៊ីនេះ»។ លោកអគ្គលេខាធិការបន្តថាក្រៅពីការប្រកួតអត្តពលិកកម្ពុជាក៏ត្រូវហ្វឹកហាត់បន្ថែមផងដែរសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ 
 
អនុប្រធានសហព័ន្ធបាល់ទះកម្ពុជាក្នុងអាណត្តិទី៦ លោក អាំង សិរីពិសិដ្ឋ ក៏និយាយផ្ញើរសារលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយទាំងបុរស និងនារី ឱ្យប្រឹងប្រែងដុសខាត់សមត្ថភាពរបស់ខ្លួន ព្រោះសហព័ន្ធស្វាគមន៍ចំពោះអ្នកមានសមត្ថភាពចូលរួមក្នុងក្រុមជម្រើសជាតិ។ «កៅអីជម្រើសជាតិគឺមានសម្រាប់អត្តពលិកមានសមត្ថភាពគ្រប់គ្រាន់មានបេះដូង មានមានះសិកាស្រលាញ់ជាតិពិតប្រាកដទើបអាចទៅជាអត្តពលិកតំណាងឱ្យជាតិបាន»។ ការដាស់តឿននេះដែរធ្វើឡើងបន្ទាប់ពីសហព័ន្ធបានសម្រេចបញ្ចូលកីឡាករចំនូលថ្មីជាច្រើនក្នុងក្រុមជម្រើសជាតិ។
 
សូមបញ្ជាក់ថា លោក ស សុខា ត្រូវបានបោះឆ្នោតជាប់ជាប្រធាន និងលោក នេត សាវឿន ជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ ដែលមានរយៈពេល៣ឆ្នាំ ពោល ចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៦។
 
ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា នឹងហ្វឹកហាត់នៅប្រទេសចិន ក្រោមជំនួយអាហារូបករណ៍រហូតដល់ដំណាច់ឆ្នាំ២០២៣។ កីឡាករចំណូលថ្មីក្នុងក្រុមជម្រើសជាតិរួមមាន ធី ម៉េងហួង(ក្រសួងមហាផ្ទៃ) កីឡាករ PELAYO BERNAL HENRY JOSE(សមាគមបាល់ទះវិសាខា) កីឡាករ Raciel Herrera (វិសាខា) និងកីឡាករ Lester A.Sanchez(វិសាខា)៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com