កីឡាជាតិ
ជាតិ
ក្រោយជួយក្រុមឈ្នះវិសាខា ៤-២ គ្រូបឹងកេត សរសើរចន្ថា ចន្ទាកា ជាខ្សែប្រយុទ្ធមានសក្តានុពល
28, Aug 2023 , 4:59 pm        
រូបភាព
លោក Clement Teo គ្រូបង្វឹកក្រុមបឹងកេត លើកសរសើរ ចន្ថា ចន្ទាកា ជាកីឡាករមានសក្តានុពល ក្រោយរូបគេរកបាន២គ្រាប់ ក្នុងជ័យជម្នះរបស់បឹងកេត លើវិសាខាក្នុងលទ្ធផល ៤-២  ក្នុងការប្រកួតលីគកីឡាបាល់ទាត់កំពូលកម្ពុជា (CPL) សប្តាហ៍ទី៤។ បាន៣ពិន្ទុទាំងលំបាក គ្រូសិង្ហបុរីរូបនេះ ផ្តាំកូនក្រុមប្រឹងប្រែងបន្ថែមទៀតសម្រាប់ជំនួបក្រោយៗ ដ្បិតជ័យជម្នះនេះ មិនមែនមានន័យថាបឹងកេតឈ្នះជើងឯកនោះឡើយ។


នាជំនួបលីគ CPL សប្ដាហ៍ទី៤ នៅយប់ថ្ងៃទី២៧ ខែសីហា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម្ចាស់ផ្ទះបឹងកេត បានវាយបកយកឈ្នះវិសាខាក្នុងលទ្ធផល ៤-២។ ៤គ្រាប់ជ័យជម្នះ របស់បឹងកេតនោះ រកបានដោយកីឡាករ Zogbe Anderson នាទី៤២, ចន្ថា ចន្ទាកា ២គ្រាប់ នាទី៦៦ និង៩០+៤ រួមជាមួយកីឡករ Golubovic Stefen ១គ្រាប់ នៅនាទី៩០+៧។
 
ចំពោះការដាក់កីឡាករ ចន្ថា ចន្ទាកា ឲ្យប្រកួតក្នុងនាមជាកីឡាករបម្រុង លោក Clement Teo មិនមែនសាកល្បងសមត្ថភាពទេ ប៉ុន្ដែ ជាការមើលឃើញពីសក្ដានុពលរបស់ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ រួចស្រេចអំឡុងពេលហ្វឹកហាត់។
  
ការប្រកួតបឹងកេត និងវិសាខា រូបពី Cambodian Premier  League
«ចន្ថា ចន្ទាកា មិនបានហ្វឹកហាត់ជាមួយក្រុមជិត១សប្ដាហ៍។ ប៉ុន្ដែ ពេលខ្ញុំ ឃើញគាត់ ហ្វឹកហាត់នៅទីនេះ គាត់ហាក់បីដូចជា មានសក្ដានុពលណាស់។ នេះ គឺជាអ្វី ដែលគ្រូបង្វឹកមានចំណាប់អារម្មណ៍ជាមួយគាត់។»។ គ្រូបង្វឹកវ័យ ៥៦ឆ្នាំរូបនេះ បានប្រាប់ដូច្នេះនៅពេលផ្តល់បទសម្ភាសក្រោយចប់ការប្រកួត។
 
បន្ទាប់ពីដណ្ដើមបាន ៣ពិន្ទុពីក្រុមវិសាខា គ្រូបង្វឹកបឹកកេត លោក Clement Teo ថា ជោគជ័យមួយនេះ មិនមែនជាការឈ្នះជើងឯកទេ ព្រោះនៅមានប្រកួតជាច្រើនទៀត នៅក្នុងលីគកំពូលកម្ពុជា។ បឹងកេត ត្រូវប្រឹងបន្ថែមដើម្បីឈ្នះ ប្រកួតផ្សេងៗទៀត។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ជ័យជម្នះនេះ គឺបានមកដោយការជឿជាក់ និងជឿលើខ្លួនឯង របស់កីឡាករទាំងអស់។
 
«ច្បាស់ណាស់ ពេល ដែលអ្នកឈ្នះ អ្នកប្រកដជាសប្បាយចិត្ត យើងឈ្នះ ១ប្រកួត ប៉ុន្ដែ មិនមែនមានន័យថា យើង គឺជាជើងឯកទេ។ យើង ត្រូវបន្ដការប្រឹងប្រែងបន្ថែមជាងនេះ។ កីឡាករ ពិតជាអស្ចារ្យណាស់ថ្ងៃនេះ។ ពួកគេ មានជំនឿចិត្តថា ពួកគេអាចសម្រេចការងារ (ការប្រកួត) បាន។ ខ្ញុំ អត់បានធ្វើអ្វីទេ ប៉ុន្ដែ កីឡាករ ដែលធ្វើគ្រប់យ៉ាង។ យើង ផ្លាស់ប្ដូរ ហើយពិតជាត្រឹមត្រូវ។ កីឡាករទាំងអស់ ជឿជាក់ថា ពួកគេ មានឱកាសប្រកួត។»។ លោក Clement Teo បានប្រាប់ដូច្នេះ ទៅកាន់សារព័ត៌មានក្នុងស្រុក។
 
ដោយឡែក នៅនាទី២៨ កីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេត បានបណ្ដើបាល់ចូលតំបន់គ្រោះថ្នាក់ ហើយត្រូវបានប៉ះទង្គិចជាមួយអ្នកចាំទីវិសាខា ប៉ុន្ដែអាជ្ញាកណ្ដាល មិនបានឲ្យបាល់ពិន័យ ១១ម៉ែត្រទេ។ រឿងនេះ ត្រូវបានអ្នកគាំទ្រជាច្រើន មិនគាំទ្រចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល។ ចំពោះបញ្ហានេះ លោក Clement Teo បានបញ្ចេញមតិថា អាជ្ញាកណ្ដាល ក៏ជាមនុស្សសមញ្ញាធម្មតាម្នាក់ ដូចជាមនុស្សទូទៅដែរ។ ដូច្នេះ អ្នកទាំងនោះ មានពេលខ្លះ ក៏អាចនឹងបង្កើតកំហុស ជាអចេតនា ដូចមនុស្សទូទៅដែរ។



គ្រូបង្វឹកក្លិបបឹងកេត បាននិយាយដូច្នេះ៖«សម្រាប់ខ្ញុំ មិនចង់បញ្ចេញមតិអ្វី ចំពោះអាជ្ញាកណ្ដាលទេ។ អាជ្ញាកណ្ដាល ក៏ជាមនុស្សធម្មតាដូចយើងដែរ។ សម្លឹងមើលពីចម្ងាយ ខ្ញុំ ឃើញថាបាល់នោះគួរត្រូវបានពិន័យ។ ប៉ុន្ដែ គាត់ នៅជិតណាស់។ ដូច្នេះ ខ្ញុំ មិនដឹងថា ខ្ញុំបានឃើញច្បាស់ឬអត់។ ខ្ញុំ មិនចង់បញ្ចេញមតិចំពោះអាជ្ញាកណ្ដាលទេ។ នេះ ជាការសម្រេច ចិត្តរបស់គាត់។ ខ្ញុំ មិនទាន់ឃើញច្បាស់ពី VDO ថាតើអ្នកចាំទី ទាត់ត្រូវកីឡាករ ឬក៏ទាត់បាល់។ ដូច្នេះ ខ្ញុំ នឹងមិនបញ្ចេញមតិទេ»។ 
 
គ្រូបង្វឹកសញ្ជាតិសិង្ហបុរី បន្ថែមថា បើទោះជាថ្ងៃនេះ បឹងកេតចាញ់ ក៏ដោយ ក៏លោកមិនរិះគន់អាជ្ញាកណ្ដាលដែរ ព្រោះការប្រកួតបានចប់រួចរាល់ហើយ។ អាជ្ញាកណ្ដាល ក៏ជាមនុស្សជាតិ ដូច្នេះ អាជ្ញាកណ្ដាល ក៏អាចមានកំហុសកំហុសបានដែរ។ 
 
ការប្រកួតនៅក្នុងសប្ដាហ៍ទី៤នោះ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ព្រះខ័នរាជ ស្វាយរៀង ជោគជ័យ ៤ប្រកួតជាប់គ្នា ដោយបានយកឈ្នះ លើ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park ក្នុងលទ្ធផល ២-១។ លុះចូលដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ អង្គរថាយហ្គឺ ចាញ់ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋានហនុមាន ស្របពេល ព្រៃវែង ឈ្នះ គិរីវងសុខសែនជ័យ លទ្ធផល ២-១។ ចំណែក ណាហ្គាវើលដ៍ បរាជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីចេញ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ក្នុងលទ្ធផល ២-៣។
 
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជ ស្វាយរៀង ឈ្នះ ៤សប្ដាហ៍ជាប់គ្នា មាន ១២ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) តាមពីក្រោយដោយ វិសាខា មាន ៩ពិន្ទុ។ ចំណែកលេខ ៣ ព្រៃវែង មាន ៧ពិន្ទុ ស្មើគ្នាជាមួយ បឹងកេត ដែលឈរលេខ៤។ ក្លិបភ្នំពេញក្រោន ឈរលេខ៥ មាន៦ពិន្ទុ និងលេខ៦ កងយោធពលខេមរភូមិន្ទ មាន៤ពិន្ទុ។ រីឯ ណាហ្គាវើលដ៍ លេខ៧, អង្គរថាយហ្គឺរ លេខ៨ និងអាយ អេស អាយដង្កោសែនជ័យ លេខ៩ សុទ្ធតែមាន ៣ពិន្ទុដូចគ្នា។ ដោយឡែក គិរីវង់សុខសែនជ័យ រក្សាបាតតារាង ឈរលេខ១០ មាន ១ពិន្ទុ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
  Clement Teo
© រក្សាសិទ្ធិដោយ thmeythmey.com