កីឡាជាតិ
ជាតិ
AFC U23 Asian Cup៖ គ្រូជប៉ុន Gyotoku ត្រូវដឹកនាំ U23​ កម្ពុជា ជំនួសលោក Felix
28, Aug 2023 , 9:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) បានប្រកាសពីសមាសភាពកីឡាករ ២៣រូប ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qatar 2024 នៅកាតា។ ការប្រកួតនឹងធ្វើនៅអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី៦-១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោម កីឡាករទាំង ២៣រូប វិសាខា មានកីឡាករច្រើនជាងគេចំនួន៥រូប ក្រោមការដឹកនាំរបស់គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Koji Gyotoku។


U23 កម្ពុជា ស្ថិតក្នុងពូល J ជាមួយម្ចាស់ការពារតំណែងជើងឯក អារ៉ាប៊ីសាអូឌីត លីបង់ និង ម៉ុងហ្គោលី ក្នុងការប្រកួតព្រឹត្តិការណ៍ AFC Asian Cup Qatar 2024 វគ្គជម្រុះ ដែលចាប់ផ្ដើមពីថ្ងៃទី៦-១២ ខែកញ្ញា ឆ្នាំ២០២៣។ អារ៉ាប៊ី សាអូឌីត នឹងដឹកនាំការប្រកួតក្នុងពូល J នេះ។
 
គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Koji Gyotoku នឹងត្រូវ​ដឹកនាំ​ក U23 កម្ពុជា ​ជំនួសលោក Felix G.Dalmas ដែលជាប់ភារកិច្ចដឹកនាំក្រុមឈុតធំ ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី។ លោក Gyotoku ធ្លាប់បានដឹកនាំ​ក្រុម​ជម្រើសជាតិ​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ និង១៩ឆ្នាំ ផងដែរ នាពេលកន្លងមក។
 
មុនមកកាន់ទឹកដីកម្ពុជា ​លោក Gyotoku ដែលជា​អតីត​កីឡាករ​លេង​ឲ្យ​ក្លិប​អាល្លឺម៉ង់ Werder Bremen ពី​ឆ្នាំ​១៩៨៧-១៩៨៩ ក៏​ធ្លាប់​ធ្វើជា​គ្រូបង្វឹក​​ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ពី​ឆ្នាំ​២០០៨-២០០៩ និង​ក្រុម​ជម្រើសជាតិ​នេ​ប៉ាល់​ពី​ឆ្នាំ​២០១៦-២០១៨ ផងដែរ​។
 
សមាសភាពកីឡាករ U23 កម្ពុជាទាំង ២៣ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ការប្រកួតវគ្គជម្រុះ AFC U23 Asian Cup មកពី ១១ក្លិប ក្នុងនោះមាន៖
  • វិសាខា មានចំនួន ៥រូប ៖ ស៊ិន សុវណ្ណមករា, សារទី, ឡេង ណូរ៉ា, ស រតនា និង ភឿក ថាតថៃ
  • បឹងកេត មានចំនួន ២រូប ៖ តាំង ប៊ុនឆៃ និង កយ សាលីម
  • ភ្នំពេញក្រោន មានចំនួន ១រូប គឺ កើត ពេជ្រ
  • ណាហ្គាវើលដ៍ មានចំនួន ៤រូប៖ ជា សុខម៉េង, ហួត វ៉ាន់ណេត, ផាត សុខា និង រ៉េត លីហេង
  • ព្រះខ័នរាជ ស្វាយរៀង មានចំនួន ៣នាក់៖ ជូ ស៊ីនទី, មិន រតនៈ និង វីរៈ ដារ៉ា
  • អង្គរថាយហ្គឺរ មានចំនួន ៣នាក់៖  អ៊ីម រ៉ាឃីម, សុផល ឌីម៉ង និង សុវណ្ណ ដូណា
  • គិរីវង់សុខសែនជ័យ មាន ១រូប គឺ អ៊ាន ពិសី
  • ព្រៃវែង មាន ២រូប គឺ វឿន វ៉ា និង ចាន់ សារ៉ាពេជ្រ
  • អាយ អេស អាយ ដង្កោសែនជ័យ ១ រូប គឺ ហាវ សុខនេត្រ
  • សាលាបាល់ទាត់ជាតិបាទី មានចំនួន ១រូប គឺ អ៊ីត សូនី៕

Tag:
 បាល់ទាត់
  AFC Asian Cup Qatar
© រក្សាសិទ្ធិដោយ thmeythmey.com