កីឡាជាតិ
ជាតិ
បាត់ ហាណា ពីជម្រើសជាតិលើកដំបូង តែមាន សុកុម្ភះ វឌ្ឍនាកា និងជម្រើសថ្មី ចន្ទាកា លីហ៊ួរ
29, Aug 2023 , 10:39 am        
រូបភាព
គួច សុកុម្ភះ នៅតែមានឈ្មោះក្នុងបញ្ជីក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ស្របពេល សុះ ស៊ូហាណា បាត់ឈ្មោះលើកដំបូង ក្នុងចំណោមកីឡាករ២៦នាក់ ដែលត្រូវកោះហៅចូលក្រុម ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិទល់ហុងកុង និងម៉ាកាវ នៅខែកញ្ញា ខាងមុខ។


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះកីឡាករ ២៧រូប ឲ្យចូលហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួត ដើម្បីកំដៅសាច់ដុំមុនចូលរួមប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ី ឆ្នាំ២០២៦។​ ជំនួបមិត្តភាពទាំងពីររបស់គោព្រៃកម្ពុជា ក្នុងនោះប៉ះហុងកុង នៅថ្ងៃទី៧ ខែកញ្ញា នៅពហុកីឡដ្ឋានអូឡាំពិក និង៤ថ្ងៃបន្ទាប់ ទទួលម៉ាកាវ នៅទីតាំងដដែល។
 
ក្នុងចំណោមកីឡាករទាំង២៦រូបរបស់គ្រូបង្វឹកថ្មីលោក Felix G.Dalmas បានសម្រេចជ្រើសរើសកីឡាករក្មេងៗចំណូលថ្មីជាច្រើនរូប តែក៏បាត់កីឡាករធ្លាប់មានបទពិសោធច្រើនមួយចំនួនផងដែរ។
 
តួយ៉ាង សុះ ស៊ូហាណា ខ្សែប្រើក្លិបណាហ្គាវើលដ៍ ដែលធ្លាប់មានឈ្មោះជាប្រចាំជាមួយក្រុមជម្រើសជាតិ មិនត្រូវបានកោះហៅសម្រាប់យុទ្ធនាការនេះឡើយ ប៉ុន្តែកីឡាករចាស់វស្សា គួច សុកុម្ភះ នៅតែមានឈ្មោះ។
 
ចាន់ វឌ្ឍនាកា បន្ទាប់ពីបង្ហាញខ្លួនឱ្យបឹងកេតឡើងវិញ ក្រោយអវត្តមានដោយសាររបួស ក៏ត្រូវបានលោក Felix បញ្ចូលឈ្មោះក្នុងក្រុមផងដែរ។ មិត្តរួមក្រុមបឹងកេត ដូចជា វ៉ាន់ តៃឡាម៉ី ជា វេសលី កាន់ ពិសាល ឃាន់ សុប៉ិន ជាពិសេស ចន្ធា ចន្ទាកា ដែលរកបានពីរគ្រាប់ ជួយបឹតកេតឈ្នះវិសាខាក្នុងជំនួបលីគសប្តាហ៍មុន ក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិលើកដំបូងផងដែរ។
 
គង់ លីហ៊ូរ ដែលបង្ហាញសមត្ថភាពលេចធ្លោជាមួយក្រុម U23 កម្ពុជា ក្នុងពានរង្វាន់ AFF U23 ក៏មានឈ្មោះលើកដំបូងក្នុងក្រុមឈុតធំ ជាមួយ ផាច សុធាវីឡា និងអ្នកចាំទី គីម ចាន់វាសនា ជាដើម។
 
សៀង ចន្ធា ដែលទៅប្រកបអាជីពនៅលីគទីពីររបស់កាតា ក៏ត្រូវត្រឡប់មកជួយក្រុមផងដែរ ដ្បិតជាថ្ងៃ FIFA Day។
 
កីឡាករទាំង២៧រូប ដែលលោក Felix កោះហៅចូលក្រុមឈុតធំរួមមាន៖
 
អ្នកចាំទី៖ គីម ចាន់វាសនា, ហ៊ុល គឹមហ៊ុយ និង កែវ សុខសិលា។ អ៊ុក សុវណ្ណ, សឿយ វិសាល, ជួន ចាន់ចាវ, យ៉ើ មូស្លីម, ឈង់ ប៊ុនណាត, គូច ដានី, អ៊ិន សូដាវីដ, ស៊ិន សុផាណាត់, ផាច សុធាវីឡា, គង់ លីហ៊ូរ, ថេឡរ ឌឿង នីកូឡាស, កាន់ ពិសាល, គួច សុកុម្ភះ, អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, ឃាន់ សុប៉ិន, ចន្ថា ចន្ទាកា, ចាន់ វឌ្ឍនាកា, ជា វេសលី, វ៉ាន់ តៃឡាម៉ី, សៀង ចន្ធា, រ៉ឹង ប៊ុនហៀង ស៊ិន កក្កដា និង ឆេង ម៉េង៕
 

Tag:
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com