ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសជំហរថា «យើងពឹងខ្លួនឯង ដកដង្ហើមខ្លួនឯង កុំពឹងច្រមុះគេ»
29, Aug 2023 , 12:14 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី១៨០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ២០២៣។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី១៨០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ២០២៣។
ពីពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី១៨០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសពីជំហរមិនចង់ពឹងផ្អែកលើអ្នកដទៃច្រើនជាងខ្លួនឯង។

 
«ទម្លាប់របស់ខ្ញុំ គឺថា យើងចង់ពឹងខ្លួនឯង ដកដង្ហើមខ្លួនឯង កុំពឹងច្រមុះគេ តាមរយៈការពង្រឹងសមត្ថភាពខ្លួនយើង រស់ខ្លួនឯង»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលបានប្រាប់ឱ្យលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គិតគូរលើក្របខណ្ឌវិនិយោគ លើកន្លែងស្រាវជ្រាវ។

សូមទស្សនាវីដេអូ៖
 
 
បើតាមលោក ម៉ាណែត ក៏យកចិត្តទុកដាក់ និងបង្កើតកន្លែងស្រាវជ្រាវនេះ នឹងជួយឱ្យកម្ពុជា អាចផលិតអ្វីបានដោយខ្លួនឯង ហើយមិនចាំបាច់ទៅពឹងបរទេស។ ប្រមុខរដ្ឋាភិបាល បានសង្កត់ដូច្នេះថា៖ «បើយើងធ្វើកសិកម្ម យើងអត់មានបច្ចេកវិទ្យាខ្លួនឯង ទៅយកពូជពីគេមក យើងធ្វើអីទាន់គេ។ ហើយ​ពូជរបស់យើង យើងមិនចេះបង្កាត់នាំចេញទៅក្រៅ ពេលគេដឹង គេនាំចេញទៅ គេដាក់(ពូជ ឬផលិតផល) របស់គេបាត់»។
 
លោក ហ៊ុន ម៉ាណែត ក៏បាននិយាយជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ពីបញ្ហាអ្នកជំនាញប្រវត្តិសាស្រ្តដែរ។ លោក ម៉ាណែត ចង់ឱ្យបង្កើនអ្នកជំនាញប្រវត្តិសាស្រ្ត ដើម្បីការពារវប្បធម៌ និងអត្តសញ្ញាណជាតិ។ «​បើយើងមិនសរសេរប្រវត្តិសាស្រ្ត ប្រទេសផ្សេងគេសរសេរប្រវត្តិសាស្រ្ត។ ដូច្នេះប្រយ័ត្ន(បាត់) ប្រវត្តិសាស្រ្ត១០០ឆ្នាំទៀត ព្រោះអ្នកឈ្នះសរសេរប្រវត្តិសាស្រ្ត»។ នេះបើតាម លោក ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា អ្នកសរសេរប្រវត្តិសាស្រ្តខ្មែរ ភាគច្រើនជាបរទេស។ ដូច្នេះលោក នឹងលើកទឹកចិត្តឱ្យអ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ ជាអ្នកសរសេរដោយខ្លួនឯងវិញ។
 
មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ក៏គ្រោងធ្វើទំនើបកម្មយោធា កងទ័ពផងដែរ តាមរយៈការបង្កើតកន្លែងស្រាវជ្រាវ និងផលិតបច្ចេកវិទ្យា។ តែយ៉ាងណារដ្ឋបាលលោក ម៉ាណែត នឹងពិនិត្យមើលក្របខណ្ឌច្បាប់ និងគតិយុត្តិផ្សេងៗសិន។
 
សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងរៀបចំប្រព័ន្ធលើកទឹកចិត្តមួយ ដល់មន្ត្រីរាជការ។ លោក ហ៊ុន ម៉ាណែត រៀបចំប្រព័ន្ធនេះ ដោយផ្តោតលើក្របខណ្ឌជំនាញចាំបាច់ នៃក្រសួង និងស្ថាប័ន។ ប្រមុខរដ្ឋាភិបាល ក៏គ្រោងទម្លាក់ថវិកាលើកទឹកចិត្ត ដល់អ្នកសរសេរផែនការ គោលនយោបាយ និងសិក្សាស្រាវជ្រាវ ដែលជាកន្លែងប្រើប្រាស់ខួរក្បាល ក្នុងការអភិវឌ្ឍប្រទេស។

បើតាមលោកនាយករដ្ឋមន្រ្តី ការកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ គឺជាអាទិភាពចាំបាច់បំផុត ព្រោះត្រូវការមន្រ្តីដែលមានជំនាញច្បាស់ពិតប្រាកដ មកជួយរដ្ឋាភិបាល។ លោក ម៉ាណែត ក៏បានណែនាំដោយសង្កត់ធ្ងន់ថា តាមក្រសួង និងស្ថាប័នទាំងអស់ ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព យុត្តិធម៌ និងបែងចែកមុខងារឱ្យបានត្រឹមត្រូវ ទើបអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
«បើរដ្ឋបាលយើង ដើរមិនត្រូវ យើងនឹងពិបាក ព្រោះដាក់គោលនយោបាយឱ្យគាត់ (ក្រសួង) ច្រើន តែគាត់អត់មានមនុស្សមានជំនាញគ្រប់ គាត់ធ្វើអីកើត ហើយបន្ទោសគាត់មិនកើត។ គាត់ខំហើយ តែខំចេញផ្សែង»។ នេះបើតាមលោក ហ៊ុន ម៉ាណែត ដែលជំរុញឱ្យជ្រើសរើសមន្ត្រីមានជំនាញ យកមកបំប៉នបណ្ដុះបណ្ដាលបន្ថែម ដើម្បីជួយដល់ការអភិវឌ្ឍប្រទេស៕

អត្ថបទទាក់ទង
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com